(ភ្នំពេញ)៖ ក្រុមហ៊ុនដែលផ្តល់សេវាអ៊ីនធើណេត (ISP) ធំៗមួយចំនួននៅប្រទេសកម្ពុជា នៅប៉ុន្មានថ្ងៃមកនេះ បានរងនូវការប្រហារ DDoS ដែលបានធ្វើឲ្យការចែកចាយអ៊ីនធើណេត ទៅដល់អ្នកប្រើប្រាស់មានល្បឿនយឺត ខុសពីធម្មតា។
ក្រុមហ៊ុនអ៊ីនធើណិតធំៗដែលឃើញថាបានជួបប្រទះបញ្ហានេះ រួមមានក្រុមហ៊ុន EZECOM , ក្រុមហ៊ុន SI Net, ក្រុមហ៊ុន Digi ក្រុមហ៊ុនអ៊ីនធើណិតមួយចំនួន។
ដើម្បីជាដំណឹងដល់អតិថិជនរបស់ខ្លួន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន EZECOM បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា រយៈពេល២ថ្ងៃកន្លងមក គឺថ្ងៃទី០៤ និង ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុនរបស់ខ្លួន បានរងការវាយប្រហារ DDoS កម្រិតធំ២ដង ហើយជាការវាយប្រហារដ៏ធំជាងគេបំផុតមួយ ក្នុងប្រវត្តិសាស្ត្រអ៊ីនធើណិតនៅកម្ពុជា (ចរាចរណ៍វាយលុកប្រមាណ 150 Gbps) ដែលសូម្បីប្រព័ន្ធការពារ DDos កម្រិតខ្ពស់ក៏ពិបាកនឹងទប់ទល់។
EZECOM បានបញ្ជាក់ថា ដោយសារតែការវាយប្រហារនេះ ទើបប៉ុន្មានថ្ងៃនេះ អតិថិជនមួយចំនួនរងការប៉ះពាល់ ដោយអ៊ីនធើណិតមានល្បឿនយឺត និងជួបប្រទះការរអាក់រអួលផ្សេងទៀត។ ក្រុមហ៊ុននេះ ក៏បានសូមការយោគយល់ ពីអតិថិជនរបស់ខ្លួន ចំពោះបញ្ហានេះផងដែរ។
ក្រុមហ៊ុនដដែលនេះបញ្ជាក់ថា ក្រុមការងារបច្ចេកទេសទាំងក្នុងស្រុង និងដៃគូក្រៅប្រទេស បាននិងកំពុងធ្វើការយ៉ាងអស់ពីសមត្ថភាព ដើម្បីដោះស្រាយស្ថានភាពនេះ ហើយបញ្ហានេះនឹងត្រូវដោះស្រាយរួចរាល់ក្នុងពេលមួយ ឬពីរថ្ងៃធ្វើការ ប្រសិនបើមិនមានរលកនៃការវាយប្រហារបន្ថែមទៀត។
ជុំវិញបញ្ហានេះ លោក ខូវ មករា អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ក្រសួងបានទទួលព័ត៌មាន ស្តីពីការវាយប្រហារ DDoS នេះកាលពីចុងសប្តាហ៍មិន និងបានចាត់ឲ្យមន្ត្រី នៃនាយកដ្ឋានសន្តិសុខព័ត៌មាន របស់ក្រសួងធ្វើការជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិត ដែលជួបបញ្ហានេះ។ ដោយក្រុមហ៊ុនមួយចំនួនបានដោះស្រាយ ការវាយប្រហារ DDoS នេះរួចរាល់ហើយដែរ។
លោកបញ្ជាក់ថា ការវាយប្រហារ DDos នេះមិនមែនទើបតែកើននៅកម្ពុជាលើកទី១នោះទេ គឺកើតឡើងញឹកញយផងដែរ។ សម្រាប់បរទេសវិញគឺ កើតឡើងស្ទើររាល់ថ្ងៃ។ លោកបានពន្យល់ថា ការវាយប្រហារ DDos នេះ គឺជាការវាយប្រហារ ដោយធ្វើឲ្យល្បឿនអ៊ីនធើណិត ផ្តល់ឲ្យដល់អ្នកប្រើប្រាស់មានល្បឿនយឺតប៉ុណ្ណោះ មិនមែនជាការវាយប្រហារលួចយកទិន្នន័យអ្វីឡើយ៕