(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ខណៈពេលដែលប្រជាពលរដ្ឋមានតម្រូវការ ប្រើប្រាស់ឱសថកាន់តែច្រើននាពេលបច្ចុប្បន្ននេះ នោះវាជាឱកាសកាន់តែល្អដល់ក្រុមឧក្រិដ្ឋជន ដែលផលិតឱសថក្លែងក្លាយសម្រាប់ចរាចរណ៍ និងចែកចាយ។
សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និសីទអន្តរជាតិ ថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឲ្យដឹងផងដែរថា ទន្ទឹមនឹងការចរាចរណ៍ឱសថក្លែងក្លាយ ដែលគួរឲ្យព្រួយបារម្ភនេះ រាជរដ្ឋាភិបាលកម្ពុជា មិនប្រងើយកន្ដើយនោះឡើយ ក្នុងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ និងបង្ក្រាបជាបន្ដបន្ទាប់។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ឱសថជាតម្រូវការដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបានសម្រាប់ជីវភាពប្រចាំថ្ងៃ ហេតុនេះហើយទន្ទឹមនឹងតម្រូវការនៃការប្រើប្រាស់ឱសថ ទើបជនល្មើសឆ្លៀតឱកាស ខិតខំធ្វើការផលិត ចរាចរណ៍ និងចែកចាយនូវឱសថក្លែងក្លាយ និងអន់គុណភាពលើទីផ្សារ»។
សម្ដេច ស ខេង ក៏បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ឱសថក្លែងក្លាយដែលកំពុងចរាចរណ៍ទាំងអស់នោះ នាំឲ្យពលរដ្ឋរងគ្រោះដល់សុខភាព និងខាតថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយករណីខ្លះបានបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង ខណៈដែលកន្លងមក និងពេលបច្ចុប្បន្ននេះ កម្ពុជាបានទទួលរងគ្រោះផងដែរ អំពីការចរាចរណ៍ឱសថក្លែងក្លាយ និងងន់គុណភាព ក្នុងស្ថានភាពជាប្រទេសប្រើប្រាស់។
បើតាមការថ្លែងរបស់សម្ដេចក្រឡាហោម ស ខេង នៅចំពោះមុខនេះរាជរដ្ឋាភិបាលកម្ពុជា បានពិនិត្យឃើញថា ការអនុវត្តការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព បានដំណើរការទៅដោយយកចិត្តទុកដាក់ខ្ពស់ និងទទួលបានលទ្ធផលល្អផងដែរ ហើយកម្ពុជាក៏នៅតែបន្ដខិតខំប្រឹងប្រែង និងត្រូវការនូវកិច្ចសហការកាន់តែជិតស្និតថែមទៀត ជាមួយបណ្ដាប្រទេសក្នុងតំបន់ ជាពិសេសតំបន់ទន្លេមេគង្គនេះតែម្ដង ដើម្បីទប់ស្កាត់រាល់សកម្មភាព លួចផលិត ចរាចរណ៍ និងចែកចាយឱសថក្លែងក្លាយ និងអន់គុណភាព។
ពិនិត្យជារួមកម្ពុជាសម្រេចបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន ក្នុងបេសកកម្មរបស់ខ្លួនក្នុងការទប់ស្កាត់ឱសថក្លែងក្លាយ និងអន់គុណភាព ដោយរាជរដ្ឋាភិបាល បានអនុវត្ត និងបន្ដខិតខំពង្រឹងយន្ដការសហប្រតិបត្ដិការនានា តាមរយៈក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល គណៈកម្មាធិការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ ព្រមទាំងបណ្ដាសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃទៀតដើម្បីធានាដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានឱសថមានគុណភាពល្អយកទៅប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ។
សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីការចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក តាមរយៈវាឃ្មិន និងអ្នកជំនាញនានា ដែលឆ្លងកាត់ការអនុវត្តការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព នៅក្នុងសន្និសីទអន្ដរជាតិថ្នាក់តំបន់នេះ នឹងផ្ដល់នូវគំនិត និងអភិក្រមល្អៗ និងចំណេះដឹងដ៏មានប្រសិទ្ធភាពសម្រាប់អនុវត្តស្របតាមស្ថានភាពជាក់ស្ដែង៕