(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងរំឭកថា ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខនេះ គឺជាខួបលើកទី៤២ឆ្នាំ នៃការស្លាប់កូនប្រុសដំបូងរបស់សម្តេច ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បើតាមប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី រាល់ថ្ងៃទី១០ ខែវិច្ឆិកា សម្តេចមិនដែលធ្វើអ្វីទាំងអស់ ហើយជាពេលសោកសង្រេងបំផុត និងមិនអាចបំភ្លេចបាននោះឡើយ។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិត ប្រមាណ២៣,៤៦៦នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន២០ ក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨, សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «មិនដឹងថា តើក្មួយណា? អ្នកចម្រៀងរូបណា ដែលអាចចេះច្រៀងបទ អនិច្ចាកូនកម្សត់ប្រវត្តិម្តាយកម្ម ដែលជាថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខនេះ វានឹងត្រូវជាខួបលើកទី៤២ នៃការស្លាប់កូនរបស់ខ្ញុំ»។
សម្តេចបានបញ្ជាក់បន្តថា «ជាទម្លាប់ថ្ងៃ១០ ខែវិច្ឆិកា ពូអត់ធ្វើអីទេ មិនដែលបានកម្សាន្តនឹងគេទេ ដោយសាររឿងឈឺចាប់ ដែលបានកើតឡើង កាលពី៤២ឆ្នាំមុន។ នៅពេលដែលកូនស្លាប់ ហើយយើងគ្មានសិទ្ធិយកកូនទៅកប់ដោយខ្លួនឯង។ រឿងនេះវាជារឿងសោកសៅ ដែលសង្ឃឹមថា ថ្ងៃនេះអាចនឹងមានអ្នកចម្រៀងចេះច្រៀងបទ អនិច្ចាកូនកម្សត់ប្រវត្តិម្តាយកម្ម»។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា នៅក្នុងរបបប្រល័យពូជសាសន៍នោះ សម្តេចអន់ជាងសត្វធាតុទៅទៀត ព្រោះក្នុងនាមជាឪពុកម្នាក់ សម្តេចគ្មានសិទ្ធិយកកូនទៅកប់នោះឡើយ។ សម្តេចបានថ្លែងបន្តថា រឿងនេះមិនមែន គ្រាន់តែបានកើតឡើង ចំពោះសម្តេចម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែប្រជាជនទូទាំងប្រទេស ក៏បានជួបប្រទះរឿងនេះដូចគ្នាដែរ។
សម្តេចតេជោ ហ៊ុន មានប្រសាសន៍បញ្ជាក់បន្ថែមថា «កូនស្លាប់នៅនឹងមុខ សុំគេយកទៅកប់ក៏មិនបានផង សិទ្ធិរបស់យើងអន់ជាងសត្វឆ្កែឆ្មា។ ឆ្កែឆ្មា វាមានសិទ្ធិ ដើម្បីការពារកូនរបស់វា៕