(ចិន)៖ រថភ្លើងដឹកទំនិញទី១ពាន់ ពីក្រុងស៊ីអានប្រទេសចិន ឆ្ពោះទៅកាន់អាស៊ីកណ្តាល និងអឺរ៉ុប បានចេញដំណើរកាលពីថ្ងៃទី៣០ ខែតុលា ដោយធ្វើដំណើរចម្ងាយ៨,៩០០គីឡូម៉ែត ឆ្ពោះទៅរដ្ឋធានី រីកា ប្រទេសឡេតូនី (Latvia)។
ដោយចាប់ផ្តើមដំបូងកាលពីឆ្នាំ២០១៣ រថភ្លើងដឹកទំនិញចិន-អឺរ៉ុប ដែលយកគំរូតាមរថភ្លើង ឆាងអាន (Chang'an) រត់លើផ្លូវចំនួន១១ខ្សែ ដែលតភ្ជាប់ទីក្រុង ស៊ីអាន នៃខេត្តសាអានស៊ី ទៅនឹងតំបន់អាស៊ីកណ្តាលនិងទ្វីបអឺរ៉ុប។
លោក ស៊ុន យីមីន ប្រធានគណៈកម្មការគ្រប់គ្រង ឧទ្យានពាណិជ្ជកម្ម និងដឹកជញ្ជូនអន្តរជាតិ ស៊ីអាន បាននិយាយថា «បើប្រៀបធៀបទៅនឹងកម្រិតថ្នាក់ជាតិ ប្រតិបត្តិការរបស់រថភ្លើងដឹកទំនិញចិន-អឺរ៉ុប ផ្តល់សេវាដឹកទំនិញ ដែលមានគុណភាពខ្ពស់ណាស់។ គេដាក់ឈ្មោះឱ្យវាថា រថភ្លើងល្បឿនលឿនចិន។ បើប្រៀបនឹងរថភ្លើងទូទាំងប្រទេសចិន រថភ្លើងនេះ ជាប់លេខមួយ លើផ្នែកសមត្ថភាពផ្ទុកទម្ងន់ ចំនួនទំនិញដែលអាចដឹកបាន និងចំនួនដងនៃការធ្វើដំណើរ ដោយវាអាចផ្ទុកទំនិញបានដល់ទៅ១លាន៥ម៉ឺនតោនឯណោះ។ ចំណែកឯប្រភេទទំនិញដែលអាចដឹកបានវិញ ក៏បានកើនឡើងកាន់តែច្រើនប្រភេទផងដែរ។ និយាយរួម គឺវាអាចដឹកទំនិញគ្រប់ប្រភេទតែម្តង។ តែកាលពីមុន វាដឹកបានតែសម្លៀកបំពាក់ និង គ្រឿងអេឡិចត្រូនិចនិងមេកានិច តែប៉ុណ្ណោះ»។
ក្រុង ស៊ីអាន ក៏ដើរតួនាទីជាទីតាំងដ៏សំខាន់ សម្រាប់ឱ្យបរទេសតភ្ជាប់ទីផ្សាររបស់ខ្លួន ជាមួយនឹងតំបន់ផ្សេងទៀត របស់ប្រទេសចិន ដូចជាខេត្តស៊ីឈាន់ និងខេត្តយុនណាន នៅភាគនិរតី ព្រមទាំងខេត្ត កានស៊ូ និង តំបន់ស្វយ័ត នីងសៀរ ហួយ នៅភាគពាយ័ព្យជាដើម។
លោក ដេវីដ ផាល់ម៊ែររឹស នាយកផ្នែកដឹកជញ្ជូន ក្រុមហ៊ុន Volvo ប្រចាំប្រទេសចិន និយាយថា «ខ្ញុំបាននិយាយក្នុងថ្ងៃនេះថា យើងចាប់ផ្តើមធ្វើប្រតិបត្តិការរថភ្លើងមួយ ដែលធ្វើដំណើរពីទីក្រុង ជែន ប្រទេសប៊ែលហ្ស៊ីក ឆ្ពោះទៅទីក្រុង ឆឹងទូ នាសប្តាហ៍នេះ។ ខ្ញុំបានពិភាក្សារួចហើយ ថាយើងនឹងធ្វើវា។ ប៉ុន្តែពួកយើងក៏នឹងប្រើទីក្រុង ស៊ីអាន សម្រាប់ធ្វើជាប្រព័ន្ធមួយ ក្នុងការនាំចូលគ្រឿងបង្គុំផ្សេងៗ សម្រាប់ការងារផលិតរបស់ពួកយើងផងដែរ»។
លោក ដេវីដ បានបន្ថែមថា ប្រភេទទំនិញដែលអាចដឹកជញ្ជូន បានតាមរថភ្លើងទាំងនេះ ក៏បានកើនឡើងកាន់តែច្រើនប្រភេទផងដែរ។
សម្រាប់ផ្លូវរថភ្លើងពីចិនទៅអឺរ៉ុប ទំនិញដែលដឹកចេញពីប្រទេសចិន ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប មានដូចជាសម្ភារ IT សម្ភារប្រើប្រាស់ប្រចាំថ្ងៃ រថយន្ត និងគ្រឿងមេកានិច។ ឯទំនិញដែលដឹកចេញពីអឺរ៉ុប មកកាន់ប្រទេសចិនវិញ ភាគច្រើនគឺជាគ្រឿងបន្លាស់រថយន្ត ចំនីអាហារ និងឈើ។
លោក កាស្ទែល អនុប្រធាន ក្រុមហ៊ុនដឹកជញ្ជូន DB Schenker បានថ្លែងថា «កាលពីមុន ភាគច្រើន គឺយើងដឹកតែរថយន្ត និងគ្រឿងបង្គុំរថយន្តតែប៉ុណ្ណោះ។ តែដោយសេវាដឹកទំនិញ តាមរថភ្លើងចេះតែអភិវឌ្ឍឈានឡើង ពីមួយឆ្នាំទៅមួយឆ្នាំ យើងក៏អាចដឹកជញ្ជូនទំនិញ បានកាន់តែច្រើនប្រភេទ រហូតដល់អាចដឹកបានគ្រប់ប្រភេទតែម្តង»៕ (សារព័ត៌មាន CCTV របស់ចិន)