(ភ្នំពេញ)៖ ស្ថានទូតនៃប្រទេសចំនួន១៣ ប្រចាំនៅកម្ពុជា បានរំលឹកខួប១០០ឆ្នាំ នៃទិវារំលឹកសន្តិភាព ការបញ្ចប់សង្គ្រាមលោកលើកទី១។ ពិធីនេះផ្តួចផ្តើមរៀបចំដោយស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយប្រតិភូកម្ពុជា និងស្ថានទូតអាល្លឺម៉ង់ ស្ថានទូតរូស្ស៊ី ស្ថានទូតអង់គ្លេស ស្ថានទូតអាមេរិក ស្ថានទូតអូស្ត្រាលី និងស្ថានទូតជប៉ុនជាដើម។
ពិធីនេះធ្វើឡើងនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដោយមានការអញ្ជើញចូលពីសំណាក់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ប្រមាណ១៥០នាក់ ដោយបានពាក់ផ្កា coppy flower ពណ៌ក្រហម ឬខៀវ ជាទីរំលឹកយូរអង្វែងដល់អ្នកដែលស្លាប់ នៅក្នុងជម្លោះនៃសង្គ្រាមលោកលើកទី១។ ពិធីដែលបានរៀបចំឡើង ដើម្បីជាការរំលឹកការចងចាំ និងជាការគោរពដល់កងកម្លាំងប្រដាប់អាវុធ ដែលបានពលីជីវិត នៅក្នុងពេលបំពេញកាតព្វកិច្ចក្នុងអំឡុងសង្គ្រាមលោកលើកទី១ និងដើម្បីសម្គាល់នូវសន្តិភាព នៃការបញ្ចប់នូវសង្គ្រាមលោកលើកទី១។
លោកស្រី អេវ៉ា ង្វៀនប៊ីញ បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃដែលយើងរៀបចំទិវាចងចាំនូវខួបទី១០០ នៃការបញ្ចប់សង្គ្រាមលោកលើកទី០១ ដើម្បីឱ្យយើងចងចាំថាមានមនុស្សជាច្រើនបានពលីជីវិត ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី០១ នេះ ហើយប្រទេសបារាំង មានតួនាទីក្នុងការសម្រួបសម្រួលឱ្យមានរំលឹក និងការនឹកចាំអំពីខួបនៃសង្គ្រាមលោកលើកទី០១»។
លោកស្រី អេវ៉ា ង្វៀនប៊ីញ បានចាត់ទុកសង្គ្រាមលោកលើកទី១ ជាវាលពិឃាតដ៏សាហាវឃោរឃៅបំផុត និងអូសបន្លាយរយៈពេលយូរ ដែលបានកាប់ស្លាប់ជីវិតប្រជាជនដោយប្រើប្រាស់នូវសារធាតុពុល និងអាវុធសាហាវៗជាច្រើន ដើម្បីកាប់សម្លាប់ជីវិតរបស់មនុស្ស។ ដូច្នេះហើយការរៀបចំពិធីរំលឹកនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យបណ្តាថ្នាក់ដឹកនាំនានា រួមទាំងប្រជាជាតិនៅទូទាំងពិភពលោក នៅតែចងចាំពីការសម្លាប់មនុស្សយ៉ាងរង្គាល ជាពិសេសត្រូវតែនាំជៀសវាងឱ្យឆ្ងាយពីភ្លើងសង្គ្រាម។
លោកស្រី អេវ៉ា ង្វៀនប៊ីញ បានបន្តថា ជាការពិតណាស់ប្រទេសបារាំង បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីទប់ស្កាត់ និងបញ្ចៀសភ្លើងសង្គ្រាម ដែលអាចនឹងកើតឡើងនាពេលខាងណាមួយជាយថាហេតុ។ ជាមួយគ្នានេះលោកប្រធានាធិបតី ម៉ាក្រុង និងបានបង្កើតឱ្យមានកិច្ចប្រជុំមួយ ដើម្បីបញ្ចៀសមិនឱ្យកើតមានសង្គ្រាមលោកលើកទី០៣ បន្តទៀតនៅលើពិភពលោកយើងនេះ។
ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឱ្យប្រទេសទាំងអស់ជុំវិញពិភពលោក សូមដោះស្រាយបញ្ហាទាំងឡាយ ដោយសន្តិវិធីមិនត្រូវប្រើប្រាស់អាវុធ ដើម្បីដោះស្រាយបញ្ហាដូចអតីតកាលឡើយ ពីព្រោះសង្រ្គាមបានធ្វើឱ្យមានសោកវិនាសសកម្មយ៉ាងខ្លាំង ចំពោះមនុស្សជាតិទូទាំងពិភពលោក។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី សូមអំពាវនាវដល់យុវជនកម្ពុជា ជំនាន់ក្រោយទាំងអស់ ត្រូវបន្តចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីរក្សាការពារ សន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានខិតខំនាំមកជូនជាតិ មាតុភូមិ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ និងការយកអាយុជីវិតរបស់សម្តេច ទៅប្តូរដ៏លំបាកដ៏បំផុត។
សង្គ្រាមលោកលើកទី១ (World War I ឬ First World War) គឺជាសង្គ្រាមសកលមួយ ដែលមានប្រភពចេញពីទ្វីបអឺរ៉ុប ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។ ជាលទ្ធផល មនុស្សច្រើនជាង១៥លាននាក់ បានស្លាប់នៅក្នុងសង្គ្រាមនេះ។ សង្គ្រាមលោកលើកទីមួយ គឺជាចំបាំងរវាងប្រទេសស្ទើរតែទាំងអស់ នៅក្នុងទ្វីបអឺរ៉ុប។
សង្គ្រាមនេះ គឺជាការប្រយុទ្ធគ្នារវាងប្លុកធំៗពីរ ប្លុកមហាអំណាចសម្ព័ន្ធមិត្ត (Entente Powers) ដែលមាន៖ បារាំង អង់គ្លេស និងរុស្ស៉ី ព្រមទាំងបណ្ដាអាណានិគម និងស្រុកចំណុះរបស់ពួកគេ។ ក្រោយមក ប្រទេសមហាអំណាចសំខាន់ៗដូចជា៖ អ៉ីតាលី បានចូលរួមនៅខែមេសា ឆ្នាំ១៩១៥ និងសហរដ្ឋអាមេរិក ចូលរួមនៅខែមេសា ឆ្នាំ១៩១៧។
ប្លុកមហាអំណាចកណ្ដាល (Central Powers) មាន៖ ចក្រភពអាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី ព្រមទាំងអាណាខេត្តនៃចក្រភពរបស់ខ្លួន។ ក្រោយមក ចក្រភពអូតូម៉ង់ បានចូលរួមនៅខែតុលា ឆ្នាំ១៩១៤ និងមួយឆ្នាំក្រោយចូលរួមដោយប្រទេសប៊ុលហ្ការី។ ព្រឹត្តិការណ៍ ដែលគេសន្មតថា ជាបុព្វហេតុនាំឱ្យផ្ទុះសង្គ្រាមលោកលើកទី១ គឺការធ្វើឃាតលើព្រះអង្គម្ចាស់ហ្វ្រង់ ហ្វែរឌីណង់ រជ្ជទាយាទនៃចក្រភពអូទ្រីស-ហុងគ្រី ដោយនិស្សិតស៊ែប៊ីបូស្នី ហ្កាវរីឡូ ព្រីនស៊ីប (Gavrilo Princip) មកពីក្រុម Young Bosnia កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤ នៅតាមដងវិថីមួយនៃទីក្រុងសារាយេវ៉ូ។ ជាប្រតិកម្មតបនឹងព្រឹត្តិការណ៍នេះ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩១៤ ប្រទេសអូទ្រីស-ហុងគ្រី បានដាក់ឱសានវាទបង្ខំឱ្យរាជាណាចក្រស៊ែប៊ី ចាប់ឃាតករឱ្យបានប្រសិនបើមិនដូច្នេះទេ សង្គ្រាមនឹងផ្ទុះឡើង។
ទីបំផុតទៅ ប្រទេសអូទ្រីស-ហុងគ្រី បានប្រកាសសង្គ្រាមជាមួយស៊ែបី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤។ ចក្រភពរុស្ស៉ី បានប្រកាសការពារស៊ែប៊ីទល់នឹងអូទ្រីស-ហុងគ្រី។ ជាការឆ្លើយតបវិញ ចក្រភពអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្តអូទ្រីស-ហុងគ្រី បានប្រកាសសង្គ្រាមជាមួយរុស្ស៉ី នៅថ្ងៃទី០១ ខែសីហា ឆ្នាំ១៩១៤ និងថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩១៤ ជាមួយបារាំង ហើយកងទ័ពអាល្លឺម៉ង់បានចាប់ផ្ដើមវាយលុកចូលប្រទេសបារាំងដោយឆ្លងកាត់ប្រទេសអព្យាក្រឹតបែលហ្សិក។ ចក្រភពអង់គ្លេស បានទាមទារឱ្យអាល្លឺម៉ង់គោរពអព្យាក្រឹតភាពបែលហ្សិក តែមិនបានទទួលចម្លើយ ចក្រភពអង់គ្លេសក៏ប្រកាសសង្គ្រាមជាមួយអាល្លឺម៉ង់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩១៤ផងដែរ។
ដំបូងឡើយ សង្គ្រាមនេះមានលក្ខណៈជាសង្គ្រាមនៅទ្វីបអឺរ៉ុបប៉ុណ្ណោះ តែក្រោយមកមានប្រទេសជាច្រើនទៀតបានចូលរួមក្នុងសង្គ្រាមជាបន្តបន្ទាប់ ហេតុនេះហើយសង្គ្រាមនេះបានរាលដាលពីសង្គ្រាមទ្វីបអឺរ៉ុប ទៅជាសង្គ្រាមពិភពលោកតែម្ដង៕