(ភ្នំពេញ)៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរជិត៥០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ និងត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ព្រមទាំងរថយន្តមណ្ឌលសុខភាព ដឹកយកទៅសង្គ្រោះតាមមន្ទីរពេទ្យនាៗ ដើម្បីជួយសង្គ្រោះ។ ហេតការណ៍នេះ បានកាលពីវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងរោងចក្រកាត់ដេរយីហោ ហ្គ្រីន មីដូវ ឌីវេឡុបមេន ភូមិត្រាដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ដែលដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់ បានថ្លែងប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ អាជ្ញាធរ និងសមត្ថកិច្ច ពិសេសរថយន្តសង្រ្គោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តមណ្ឌលសុខភាព បានចេញទៅអន្តរាគមន៍ជួយសម្រួល ដឹកបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
លោកបន្តថា មូលហេតុដែលផ្តើមឱ្យកម្មករដួលសន្លប់ ជាបន្តបន្ទាប់នេះគឺដោយសារបុរសជាជនជាតិខ្មែរ ហើយត្រូវជាអ្នកបកប្រែ ឲ្យថៅកែរោងចក្រ បានប្រើសម្តីខ្លាំងៗស្រែកដាក់ទៅក្រុមកម្មករ-កម្មការិនី ជាហេតុធ្វើឲ្យកម្មការនីម្នាក់ដួកសន្លប់ភ្លាមៗ។ បន្ទាប់មកបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ ពេញរោងចក្រ បណ្តាលកម្មករ-កម្មការនីជាច្រើននាក់ទៀត មានអាការៈទន់ដៃជើងសន្លប់បន្តបន្ទាប់រហូត ដល់ទៅជិត៥០នាក់ ក្នុងចំណោមកម្មករសរុប ១.២២៨នាក់។
កម្មករដួលសន្លប់ទាំងអស់ ត្រូវបានក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ ជួយដឹក និងសង្គ្រោះតាមរថយន្តសង្រ្គោះ ចំនួន៥គ្រឿង ជួយសង្គ្រោះបឋមរួចដឹកបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងភ្លាមៗ។
ក្រោយពីជួយសង្គ្រោះកម្មករ-កម្មការិនីរោងចក្ររួចរាល់, លោកអធិការខណ្ឌបានហៅបុរសជាអ្នកបកប្រែ មកធ្វើការណែនាំអប់រំ ឲ្យបញ្ឈប់ការប្រាប់ពាក្យសម្តីមិនសមរម្យ ជាពិសេសការសម្លុតគំរាមទៅកម្មករ ដែលពួកគាត់ជាមនុស្សទន់ខ្សោយតទៅទៀត៕