(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រដ្ឋសភា បានកំណត់សម័យប្រជុំពេញអង្គ នៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ ដើម្បីអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៩ រួមទាំងរបៀបវារៈមួយចំនួនទៀត ដែលត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ពិនិត្យនៅថ្ងៃនេះ។ នេះបើតាមការអះអាងរបស់ លោក ឈាង វុន ប្រធានគណៈកម្មការឃោសនា និងកិច្ចការបរទេសរបស់រដ្ឋសភា។
សូមបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន មុននឹងដាក់បញ្ចូលក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នៅពេលខាងមុខនេះ។ កិច្ចប្រជុំបានលើកយករបៀបវារៈមួយចំនួនដូចជា៖
ទី១៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩។
ទី២៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧។
ទី៣៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើ
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
ទី៤៖ ការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្ដីពីបត្យាប័ន រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី៕