(ចិន)៖ នៅឯសន្និបាតអ៊ីនធើណេត ពិភពលោកលើកទី៥ ដែលបានធ្វើឡើងនៅឯទីក្រុង វូជិន ភាគខាងកើតប្រទេសចិន មានប្រធានបទមួយ ដែលបានទាក់ទាញចំណាប់អារម្មណ៍ អ្នកចូលរួមច្រើនបំផុត។ ប្រធានបទនោះ គឺ បញ្ញាសិប្បនិម្មិត AI។

វេទិកាមួយ ដែលផ្តោតសំខាន់ទៅលើ បញ្ញាសិប្បនិម្មិត AI បានទាក់ទាញអ្នកជំនាញជាច្រើននាក់កាលពីសប្តាហ៍មុន។ អ្នកជំនាញទាំងនោះ បានមកជួបជុំគ្នាដើម្បីពិភាក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យានេះ សម្រាប់វិស័យអប់រំ ទេសចរណ៍ និងសុខាភិបាល។ ពួកគេក៏បានជជែកវែកញែក'អំពីគ្រោះថ្នាក់ដែលអាចកើតចេញ ពីការប្រើប្រាស់បច្ចេកវិទ្យានេះផងដែរ។

នៅក្នុងពិធីពិព័រណ៍ដែលជាផ្នែកមួយ នៃសន្និបាតនេះ គេបានប្រើបច្ចេកវិទ្យា AI ដើម្បីផ្ទៀងផ្ទាត់ចម្លើយប្រលងគណិតវិទ្យារបស់សិស្ស។ ហើយឧបករណ៍មួយទៀត មានសមត្ថភាពសម្គាល់សំលេងមនុស្ស ដែលអាចដឹងថាមនុស្សកំពុងនិយាយពាក្យអ្វី ដោយគ្រាន់តែមើលចលនានៃមាត់ប៉ុណ្ណោះ។

ឯវិស័យសុខាភិបាលវិញ ក៏បានផ្លាស់ប្តូរយ៉ាងច្រើនណាស់ ដោយសារតែមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ហើយវេទិកានេះ បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរនេះ។

លោក វ័យ វិនពីន ពេទ្យភ្នែក មន្ទីរពេទ្យថុងរឹន ប៉េកាំង បានថ្លែងថា «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើរតួនាទីដ៏សំខាន់ក្នុងវិស័យសុខាភិបាល ដូចជាការពិនិត្យរកមើលជំងឺ ការព្យាបាល ការថែទាំ ការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ ការបង្កើតថ្នាំថ្មីៗ ការគ្រប់គ្រងសុខភាពរបស់មនុស្សពេញមួយជីវិត និងសេវាព្យាបាលជាលក្ខណៈពិសេសផ្ទាល់ខ្លួន។ បញ្ញាសិប្បនិម្មិត ជួយអោយគ្រូពេទ្យ អាចមើលរូបថត ពិគ្រោះជំងឺជាមួយអ្នកជំងឺពីចម្ងាយ និងរៀបចំផែនការព្យាបាល ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសុខាភិបាល»

ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន ប៉ាយទូ (Baidu) លោក រ៉ូបីន លី និយាយថា ការធ្វើឱ្យផ្លូវធ្វើដំណើរកាន់តែឆ្លាតវៃ នឹងជួយជំរុញដល់ការអភិវឌ្ឍ នៃរថយន្តដែលគ្មានមនុស្សបើក។

លោក រ៉ូបីន លី ស្ថាបនិកនិងនាយកប្រតិបត្តិ ក្រុមហ៊ុន ប៉ាយទូ ថ្លែងថា «កាលពីមុន ទីក្រុងទាំងឡាយរបស់យើង បានចំណាយប្រាក់យ៉ាងច្រើន ដើម្បីសាងសង់ស្ពានអាកាស រថភ្លើងក្រោមដី និងកន្លែងចតយានយន្តធំៗ ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរណ៍។ ប៉ុន្តែនៅពេលអនាគត ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គួរតែវិនិយោគឱ្យបានកាន់តែច្រើន ទៅលើសុហ្វវ៊ែរ និង ការបង្កើនភាពឆ្លាតវៃនៃឧបករណ៍។ បើយោងតាមការគុណគូររបស់យើង យើងអាចកាត់បន្ថយពេលវេលាស្ទះចរាចរណ៍បានពី៣០ទៅ៤០ភាគរយ ពីព្រោះកាមេរ៉ានានា អាចតាមដានមើល ថាតើមានឡានប៉ុន្មានគ្រឿងកំពុងធ្វើដំណើរលើដងផ្លូវ គ្រប់ពេលវេលាតែម្តង។ ដូច្នេះវាជួយអោយយើងអាចគ្រប់គ្រងភ្លើងស្តុប ដើម្បីសម្រួលអោយលំហូរចរាចរណ៍ អាចប្រព្រឹត្តទៅបានកាន់តែរលូន»

នៅពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតអភិវឌ្ឍឈានឡើង គ្រោះថ្នាក់ផ្សេងៗក៏កើតមានឡើងផងដែរ។ ដូច្នេះ គេត្រូវចាត់វិធានការដើម្បីកាត់បន្ថយគ្រោះថ្នាក់ទាំងនោះ។ នេះបើយោងតាមលោក វូ ហ័រឈាន់ ដែលជាសាស្ត្រចារ្យមកពីបណ្ឌិតសភាវិស្វកម្មចិន។

លោក វូ ហ័រឈាន់ សាស្ត្រាចារ្យ នៅបណ្ឌិតសភាវិស្វកម្មចិន និយាយថា «នៅឯជ្រុងម្ខាង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នឹងនាំឱ្យគេអាចhackចូលគណនី បានកាន់តែងាយ។ នៅពេលដែលមនុស្សកាន់តែច្រើននាក់ រៀនអំពីវិធី hack ចូលកុំព្យូទ័រ ចំនួនមេរោគក៏នឹងកើនឡើង ហើយរង្វិលជុំនេះ នឹងកាន់តែខ្លីទៅៗ។ តែនៅឯជ្រុងម្ខាងទៀត បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នឹងជួយបង្កើនសន្តិសុខក្នុងអ៊ីនធើណេត ដោយសារវាអាចបញ្ចប់ការវិភាគអំពីសន្តិសុខ ដោយចំណាយពេលត្រឹមតែមួយនាទីប៉ុណ្ណោះ ខណៈដែលជាធម្មតា គេត្រូវចំណាយពេល១ឆ្នាំពេញ»៕​ (សារព័ត៌មាន CCTV របស់ចិន)