(សិង្ហបុរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមេដឹកនាំប្រទេសសមាជិកអាស៊ានចំនួន៩ផ្សេងទៀត នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមប្រធានបទ «ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន» ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិសាន់តិចសាធារណរដ្ឋសិង្ហបុរី។
បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីលោក លី ស៊ានឡុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣។ នៅក្នុងពិធីបើកកិច្ច ប្រជុំកំពូលអាស៊ានលើកទី៣៣ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានយាង និងអញ្ជើញគោរពចម្រៀង និងភ្លេងជាតិអាស៊ាន ពិសេសបានស្តាប់នូវចម្រៀងរបស់សិល្បៈមហាជនសិង្ហបុរី ដែលទាក់ទិនទៅនឹងសកម្មភាពនិងថ្ងៃរីករាយរបស់អាស៊ាន។
ថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ លោក លី ស៊ានឡុង ជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ បានគូសបញ្ជាក់ថា ត្រឡប់ទៅអតីតកាលកាលពីជាង ៥០ឆ្នាំមុន អាស៊ានពេលនេះ កំពុងបើកទំព័រសករាជថ្មីមួយរបស់ខ្លួន និងកំពុងតម្រង់ទៅរកទិសដៅជាច្រើន។
សុន្ទរកថាគន្លឹះរបស់ប្រធានអាស៊ានបានសង្កត់ធ្ងន់ថា សណ្ដាប់ធ្នាប់អន្តរជាតិ បានឈានដល់កាលៈទេសៈមួយដ៏សំខាន់ វត្ដមានសេរីភាព ការបើកចំហ និងមូលដ្ឋានច្បាប់ នៃប្រព័ន្ធពហុភាគីនិយមដែលបានគាំទ្រដល់ការរីកចំរើន និងសេ្ថរភាពរបស់អាស៊ាន កំពុងស្ថិតនៅក្រោមស្ថានភាពគួរឱ្យព្រួយបារម្ភ។ បណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានទាំងមហាអំណាចធំៗមួយចំនួន បាននិងកំពុងបង្កើតសកម្មភាពឯកតោភាគី និងកិច្ចព្រមព្រៀងទ្វេភាគីជាច្រើន ហើយបានបដិសេធដោយប្រយោលគំនិតពហុភាគីនិយម។
លោក លី ស៊ានឡុង បន្តថា រាល់រដ្ឋជាសមាជិកគឺមានយុទ្ធសាស្ត្រ នយោបាយ ការគណនាផលប្រយោជន៍ជាតិរៀងៗខ្លួន តែទោះជាបែបនេះក្ដី អាស៊ានបានបង្ហាញថា នៅតែធ្វើការងារជាមួយគ្នា និងស្វែងរកចំណុចរួមបានដដែល។ នេះគឺដោយសារតែការសម្រេចចិត្ត របស់សមាជិកអាស៊ានទាំងអស់ គឺថាអាស៊ានមានភាពខ្លាំងក្លា បើមិនបែកបាក់គ្នា។ ដោយការរួបរួមគ្នានៅក្នុងសំឡេងរួម ជាជាងការបែកបាក់គ្នា សមាជិកអាស៊ានទាំងអស់ មានគោលជំហរយ៉ាងរឹងមាំនៅលើពិភពលោក។ តាមរយៈអាស៊ានប្រទេសមាជិកមានសមត្ថភាពចូលរួម និងសហការជាមួយបណ្ដាប្រទេសធំៗ និងអង្គការអន្តរជាតិនានា ជាមួយនឹងការរៀបចំកិច្ចប្រជុំអាស៊ានដូចជាអាស៊ានបូកបី និង EAS ជាដើម។
លោកប្រធានអាស៊ានបន្តថា តាមរយៈសមារណកម្មសេដ្ឋកិច្ច បានជួយឱ្យប្រជាជនទទួលបានផលពីវិស័យការងារនៅក្នុងតំបន់ និងពង្រឹងតម្លៃ នៃសំណើរបស់អាស៊ានទៅកាន់អ្នកវិនិយោគ។ នៅថ្ងៃនេះអាស៊ាន គឺជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងពិភពលោក។ ជាមួយនឹងកំណើនយុវជនវ័យកណ្ដាល និងយុវជនវ័យពេញធ្វើការ អាស៊ាននឹងកា្លយជាមហាអំណាចសេដ្ឋកិច្ចធំទី៤ នៅលើពិភពលោកនៅឆ្នាំ២០៣០ ពោលគឺអនាគតអាស៊ាន កំពុងមានភាពភ្លឺស្វាង។ ខណៈពេលនេះដែរ ត្រូវតែដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្អែកលើយុទ្ធសាស្រ្តថ្មី និងការផ្លាស់ប្ដូរសំខាន់ៗតាមរយៈបច្ចេកវិទ្យាឌីជីថល។ បច្ចេកវិទ្យាឌីជីថលបានរំខានដល់សេដ្ឋកិច្ចរបស់យើង និងផ្លាស់ប្ដូរការរស់នៅ ការធ្វើការ ការទំនាក់ទំនងរបស់យើង រួមទាំងការវាយប្រហារព័ត៌មានវិទ្យាផងដែរ។
ព្រមពេលជាមួយគ្នា ការគំរាមកំហែងពីភេរវកម្ម និងការប្រែប្រួលអាកាសធាតុក៏ជាក្ដីកង្វល់មួយដែរ។ ភេរវកម្មគឺមិនមែនត្រឹមតែគំរាមកំហែងដល់សន្តិសុខតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កជាការគំរាមកំហែងធ្ងន់ធ្ងរផងដែរ ដល់ជាតិសាសន៍នានា និងពហុសាសនានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។ បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឱ្យបណ្ដាប្រទេសអាស៊ានមួយចំនួន ងាយរងគ្រោះនឹងការកើនឡើង នៃកម្ពស់ទឹកសមុទ្រ។ ការកើនឡើងសីតុណ្ហភាព និងកំដៅផែនដី កំពុងបង្កផលប៉ះពាល់ផងដែរ ជាមួយការបបង្កជាជំងឺតំបន់ត្រូពិច និងគំរាមកំហែងដល់អាយុជីវិត និងការរស់នៅរបស់ប្រជាជនយើង។
ទាំងអស់នេះ មានន័យថាកិច្ចសហប្រតិបត្តិការពហុភាគី គឺមានសារៈសំខាន់ និងបន្ទាន់បំផុតជាពេលណាៗទាំងអស់។ ការប្រឈមមុខនឹងបញ្ហារួមនេះ គឺមានភាពស្មុគស្មា្ និងមិនធ្លាប់មាន និងគ្មានដំណោះស្រាយណាមួយ ហើយក៏មិនមានប្រទេសណាដោះស្រាយបញ្ហាទាំងនេះតែម្នាក់ឯងបាននៅឡើយដែរ ពោលគឺយើងត្រូវតែរួមចិត្តរួមកម្លាំង ដោះស្រាយបញ្ហាទាំងនេះជាមួយគ្នា នេះហើយគឺមូលហេតុរុញឱ្យប្រទេសសិង្ហបុរី ជ្រើសរើសភាពរឹងមាំ និងការច្នៃប្រឌិតជាមូលដ្ឋានសម្រាប់ភាពជាប្រធាន អាស៊ានរបស់យើង។ លោកបន្តថា ចង់បង្កើនសមត្ថភាពការពាររួមរបស់យើងប្រឈមមុខនឹងបញ្ហាទាំងនេះ និងប្រើប្រាស់បច្ចេកវិទ្យាឱ្យបានប្រសើរ សម្រាប់អាស៊ាននៅពេលអគត។
លោកប្រធានបានផ្តល់នូវក្តីរំភើបយ៉ាងខ្លាំងដែលក្នុងអាណត្តិជាប្រធាន ប្រទេសសមាជិកទាំងអស់បានអនុវត្តន៍ទ្វេឡើង នូវកិច្ចខិតខំប្រឹងប្រែងរបស់យើង និងបានសម្រេចចេញនូវដំណោះស្រាយដ៏ល្អប្រសើរនានា ដែលបង្ហាញអំពីលទ្ធផលនៃការរួបរួម ប្រសិទ្ធភាព និងសម្ព័ន្ធភាពក្នុងនាមជាអាស៊ាន។
អាស៊ានបានបញ្ជាក់ឡើងវិញម្តងទៀត នូវការប្តេជ្ញាធ្វើពាណិជ្ជកម្មពហុភាគី និងបោះជំហានទៅមុខឲ្យបានលឿន ឆ្ពោះទៅរកការបញ្ចប់ កិច្ចចរចានានា ទៅលើភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ ប្រកបដោយផ្លែផ្កា។ បណ្តាញទីក្រុងឆ្លាតវៃរបស់អាស៊ាន (ASCN) នឹងក្លាយជាវេទិកាសម្រាប់ទីក្រុងនៃបណ្តាប្រទេសអាស៊ានទាំងអស់ ធ្វើការផ្សាភ្ជាប់គ្នា ចែករំលែកបទពិសោធន៍ និងធ្វើការងាររួមគ្នា ដើម្បីលើកស្ទួយគុណភាព រស់នៅនៃប្រយោជន៍ប្រជាជនរបស់យើង។ យើងបានពង្រឹងមូលដ្ឋានសម្រាប់បរិស្ថានតំបន់ ដែលយកច្បាប់ជាមូលដ្ឋាន ជាមួយនឹងការសន្និដ្ឋាន នៃសន្ធិសញ្ញាបណ្តោះអាសន្នជាគំរូរបស់អាស៊ាន។ យើងបានបង្កើនភាពជាដៃគូសកម្មរួមគ្នារបស់យើង ប្រឆាំងនឹងការគំរាមកំហែងឆ្លងដែន រួមទាំងការវាយប្រហារតាមអ៊ីនធើណេត និងការប្រែប្រួលអាកាសធាតុ។ លទ្ធផលទាំងនេះបង្ហាញពីជំនឿយ៉ាងរឹងមាំរបស់អាស៊ាន ចំពោះគំនិតបែបពហុភាគីនិយម គឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសម្រាប់ការរីកចំរើន និងស្ថេរភាពនៃតំបន់។ នៅក្នុងពិភពលោកដែលអាស្រ័យគ្នាទៅវិញទៅមក និងមានការផ្សាភ្ជាប់គ្នានោះ អាស៊ាននឹងធ្វើការជាមួយដៃគូអន្តរជាតិ ឬក្រៅតំបន់របស់យើងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ យើងប្តេជ្ញារក្សាស្ថាបត្យកម្មក្នុងតំបន់អាស៊ានជាលក្ខណៈបើកចំហរ និងរួមបញ្ចូលគ្នា។
នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នោះដែរ លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តី នៃ សាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ បានអញ្ជើញជូនរង្វាន់ដល់ជ័យលាភី តម្លៃប្រមាណ ២ម៉ឺន ៥ពាន់ដុល្លា ដល់តំណាងអង្គការថែរក្សា កុមារអន់សតិក្នុងប្រទេសហ្វីលីពីន។ មេដឹកនាំអាស៊ានទាំងអស់ ក៏បានថតរូបអនុស្សាវរីយ៍ នៃ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ផងដែរ។
សូមបញ្ជាក់ដែរថា មេដឹកនាំអាស៊ានក៏បាន អញ្ជើញតាមដានស្តាប់នូវ បទបង្ហាញដោយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និង អញ្ជើញបើកកិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៣៣ និងពិធីពិសាភោជនាហារការងារ ពេលល្ងាចដែលរតៀបចំដោយឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរីផងដែរ៕