(ភ្នំពេញ)៖ លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០​១៨នេះ បានបើកវគ្គគ្រូបង្គោលរយៈពេលមួយថ្ងៃកន្លះ លើមេរៀនចំនួនពីរ គឺទី១៖ គោលការណ៍ជាសាកល នៃអភិបាលកិច្ចល្អ និងទី២៖ ការតម្រង់ទិសដល់ក្រុមប្រឹក្សាទើបកាន់តំណែងថ្មី។​

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្របសម្រួលវគ្គដោយគ្រូឧទ្ទេសពី សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត គឺលោក ​ឯម ដេត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោក សួន សុធី សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។ ការបណ្តុះបណ្តាលលើមេរៀនទាំងពីរ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព របស់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មកពី២៥ រាជធានី-ខេត្ត ដើម្បីរៀបចំការបណ្តុះបណ្តាល​ប​ន្ត ដល់​សមាជិកក្រុមប្រឹក្សា ក្នុងខេត្តនីមួយៗ។

ខ្លឹមសារមេរៀន រួមមាន៖ សង្គមល្អ អភិបាលកិច្ចល្អ គណនេយ្យភាពសង្គម វិមជ្ឈការ និងវិមជ្ឈការនៅកម្ពុជា​តួនាទី និងការទទួលខុសត្រូវ​របស់ ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ ក្រោមជាតិ និងការធ្វើផែនការរបស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់។

សូមជម្រាបថា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សា ក្នុងគោលដៅផ្តល់សេវាមានប្រសិទ្ធភាពដល់សមាជិក។ បច្ចុប្បន្ន ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌចំនួន​១៩៧ និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំង​១,៦៤៦ នៅទូទាំងប្រទេសកម្ពុជា គឺជាសមាជិករបស់សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់៕