(សិង្ហបុរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងស្វាគមន៍ចំពោះជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ដែលជាជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកការកសាងសន្តិភាពអចិន្រៃ្តយ៍ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ការលុបបំបាត់អាវុធនុយក្លែអ៊ែរដោយសន្តិវិធី និងវិបុលភាពរួមនៅឧបទ្វីកូរ៉េ។
ថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ និងប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញចូល រួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើក ទី២០។
ក្នុងកិច្ចប្រជុំកំពូលនោះ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ដែលមានវត្តមានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។
កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២០ បានប្រព្រឹត្តិទៅក្រោមប្រធានបទ ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន សាធារណរដ្ឋកូរ៉េ និងទិសដៅអនាគត។
ដូចគ្នា និងបណ្តាមេដឹកនាំអាស៊ាន សាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើបទអន្តរាគមន៍ និងទស្សនវិស័យអំពីទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ លើចំណុចសំខាន់ៗចំនួន៣ ក្នុងនោះ៖
*ទី១៖ កម្ពុជាសូមស្វាគមន៍នូវសំណើររៀបចំកិច្ចប្រជុំ រំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ។ កម្ពុជាក៏បានកត់សំគាល់ដោយក្តីរីករាយ នូវបំណងតម្លើងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជាកិច្ចប្រជុំកំពូល ហើយរៀបចំកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១ ស្របពេលជាមួយកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ។
កម្ពុជានឹងបន្តធ្វើការយ៉ាជិតស្និទ្ធជាមួយ បណ្តាប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីឲ្យកិច្ចប្រជុំកំពូល សម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា សំដៅជំរុញកិច្ចសហប្រតិបត្តិការរបស់យើងថែមទៀត។
*ទី២៖ កម្ពុជាស្វាគមន៍នូវគោលនយោបាយទិសខាងត្បូងថ្មី របស់សាធារណរដ្ឋកូរ៉េ ដែលមានបំណងលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងបង្កើតសហគមន៍មួយ ដែលឈរលើសសរស្តម្ភបី គឺប្រជាជន វិបុលភាព និងសន្តិភាព។
កម្ពុជាក៏សង្ឃឹមផងដែរថា គោលនយោបាយនេះ នឹងបំពេញបន្ថែមឲ្យគោលនយោបាយផ្សេងៗទៀត នៅក្នុងតំបន់ និងបម្រើផលប្រយោជន៍ដល់ចំណងមិត្តភាព តំបន់យើងទាំងពីរ ក៏ដូចជាប្រជាជនជារួម។
*ទី៣៖ កម្ពុជាសូមស្វាគមន៍នូវជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកការកសាងសន្តិភាពអចិន្រៃ្តយ៍ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ការលុបបំបាត់អាវុធនុយក្លែអ៊ែរដោយសន្តិវិធី និងវិបុលភាពរួមនៅឧបទ្វីកូរ៉េ។
ការអនុវត្តសេចក្តីថ្លែងការណ៍រួម នៃជំនួបកំពូលសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ និងសេចក្តីថ្លែងការណ៍ប៉ានមូយ៉ូម ព្រមទាំងសេចក្តីប្រកាសរួមទីក្រុងព្យូងយ៉ាង ទាមទារនូវការអត់ធ្មត់។ ការវិវឌ្ឍន៍ថ្មីៗនេះគឺជាការ លើកទឹកចិត្ត និងមិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្រ្តនៃឧបទ្វីបកូរ៉េ។
កម្ពុជាសង្ឃឹមថា ការវិវឌ្ឍន៍នេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការឈានទៅសម្រេចបាន សន្តិភាពអចិន្រៃ្តយ៍ និង ការរំសាយអាវុធនុយក្លែអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២០នោះដែរ កិច្ចប្រជុំបានឯកភាពគ្នា ក្នុងការឈានទៅចេញសេចក្តីប្រកាសព័ត៌មាន របស់ប្រធានកិច្ចប្រជុំអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០ និងរបាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តផែនការសកម្មភាពអាស៊ាន សាធារណរដ្ឋកូរ៉េ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់សន្តិភាព និងវិបុលភាព ឆ្នាំ២០១៦-២០២០៕