(ភ្នំពេញ)៖ សកម្មភាពជាបន្តបន្ទាប់របស់លោក សម រង្ស៉ី រួមទាំងបក្ខពួកនាថ្មីៗនេះ បានធ្វើឱ្យមានប្រតិកម្មជាបន្តបន្ទាប់ ពីសំណាក់ក្រុមអ្នកគាំទ្រលោក កឹម សុខា។ លោក ចាន់ ចេន មេធាវីម្នាក់ការពារក្តីឱ្យលោក កឹម សុខា បានរិះគន់ថា លោក សម រង្ស៉ី ពេលនេះ គ្មានសិទ្ធិនិយាយពីអតីតគណបក្សសង្គ្រោះជាតិនោះទេ ព្រោះលោក សម រង្ស៉ី បានប្រកាសលាលែងពីប្រធាន និងសមាជិកអតីតគណបក្សសង្គ្រោះជាតិរួចទៅហើយហើយ។

លោក ចាន់ ចេន មេធាវីការពារក្តីឱ្យ កឹម សុខា បានលើកឡើងលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ បុគ្គលដែលគណបក្ស បានលុបឈ្មោះចេញដោយមានទោស ហើយទោសនោះបានប៉ះពាល់ដល់ និរន្តភាពរបស់គណបក្ស ឬបុគ្គលដែលបានធ្វើការលាលែងពីថ្នាក់ដឹកនាំគណបក្ស និងបានលាលែងពីសមាជិកភាពរបស់គណបក្ស។ នេះជាការបន្ថែមពីលោក ចាន់​​ ចេន។

លោកបញ្ជាក់ថា «ដូច្នេះការលើកឡើង និងការប្រព្រឹត្តរបស់លោក សម រង្សី គឺមានតែលោក សម រង្សី ខ្លួនឯងទេ ដែលបាននិងកំពុងលួចប្រើប្រាស់ឈ្មោះ គណបក្ស និងស្លាក សញ្ញាគណបក្សដោយខុសនោះ ព្រោះលោក សម រង្សី មិនមែនជាមនុស្សដែល ស្ថិតនៅក្នុងរចនាសម្ព័ន្ធរបស់គណបក្សសង្រ្គោះជាតិឡើយ»

លោកគូសបញ្ជាក់ថា «ការលើកឡើងរបស់លោក សម រង្ស៊ី អំពីអនុប្រធានចំនួន០៣រូបនេះ គឺជាចេតនារបស់លោក សម រង្ស៊ី ក្នុងការទាត់ចោលសមាជិកចំពោះកិច្ចរបស់ លោក កឹម សុខា ដែលតំណាងដោយលោក យ៉ែម បុញ្ញាឬទ្ធិ និងកញ្ញា កឹម មនោវិទ្យា លើគោក»

សូមបញ្ជាក់ថា CNRP ត្រូវបានតុលាការកំពូលកាត់ទោសរំលាយចោលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា គណបក្សនេះមានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការក៏បានហាមឃាត់ថ្នាក់ដឹកនាំបក្សនេះចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕