(ចិន)៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចខ្នាតយក្សរបស់ចិន អាលីបាបា បានឲ្យដឹងថា ការលក់ទំនិញតាមប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុន រកប្រាក់ចំនូលបាន៣០,៧០០លានដុល្លារអាមេរិក ក្នុងទិវាអ្នកនៅលីវ ដែលបាន ប្រារព្ធឡើង កាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០១៨។ ការលក់សរុបនៅតាមប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុន ដូចជាវេបសាយ ធីម៉ល និង ថាវប៉ាវ នាថ្ងៃអាទិត្យនោះ បានកើនឡើង២៧ភាគរយ បើធៀបនឹងការលក់ នាឆ្នាំមុន ដែលរកចំណូលបានត្រឹមតែ២៤,០០០លានដុល្លារអាមេរិកប៉ុណ្ណោះ។
នៅតាមផ្សារទំនើបនានា ទូទាំងទីក្រុងធំៗក្នុងប្រទេសចិន អ្នកទិញទំនិញ បានប្រញាប់ប្រញាលប្រមូលយកប័ណ្ណទិញទំនិញ សម្រាប់ទិញទំនិញទាំងនៅតាមប្រព័ន្ធអ៊ីនធើណេត និង នៅតាមហាងលក់ទំនិញ រាយរាប់ម៉ឺនកន្លែង។
អ្នកនាង តុង ឈី ប្រធានផ្នែកលក់រាយ ក្រុមហ៊ុនលក់គ្រឿងសម្អាង Marie Dalgar បានឲ្យដឹងថា «កាលពីឆ្នាំមុន មានតែហាងតាមអនឡាញរបស់យើងប៉ុណ្ណោះ ដែលអាចចូលរួមក្នុងប្រម៉ូសិននៃទិវាអ្នកនៅលីវបាន។ តែឆ្នាំនេះ ហាងធម្មតារបស់យើង ក៏អាចចូលរួមបានដែរ។ អតិថិជនអាចទិញទំនិញបាន មិនត្រឹមតែនៅតាមហាងអនឡាញរបស់យើងប៉ុណ្ណោះទេ តែក៏អាចទិញនៅហាងធម្មតារបស់យើងដោយផ្ទាល់បានដែរ។ ពួកគាត់អាចប្រើអាំងប៉ាវក៏បាន ឬ គូប៉ុន ក៏បាន ដើម្បីទិញ»។
លោក ជាំង ស៊ីនជា អ្នកនាំពាក្យ ទិវាទិញទំនិញថ្ងៃ១១ ខែ១១ នៃក្រុមហ៊ុនអាលីបាបា បានឲ្យដឹងថា «ឆ្នាំនេះ យើងឃើញថា សំបូរមនុស្សមកទិញផលិតផលជាច្រើនប្រភេទ ដូចជាគ្រឿងសម្អាង និង ផលិតផលថែរក្សាសុខភាពផ្សេងៗ។ ផលិតផលទាំងនោះ មានកំណើនតម្រូវការច្រើនណាស់»។
ការកុម្ម៉ង់ឲ្យដឹកជញ្ជូនទំនិញ ដែលបានទិញក្នុងឆ្នាំនេះ ក៏បានបំបែកកំណត់ត្រាថ្មីផងដែរ សម្រាប់ទិវាអ្នកនៅលីវ។ នេះគឺជាស្ថានភាពដ៏លំបាក សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ។ ប៉ុន្តែក្រុមហ៊ុន ឆាយនាវ (Cainiao) ដែលជាក្រុមហ៊ុនផ្នែកដឹកជញ្ជូនរបស់ អាលីបាបា អះអាងថា គេបានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីរ៉ាប់រងរឿងនេះ។
លោក ឈិន លាំងជន អ្នកនាំពាក្យក្រុមហ៊ុនដឹកជញ្ជូនឆ្លាតវៃ ឆាយនាវ បាននិយាយថា «មុនពេលទិវានេះចូលមកដល់ យើងបានវិភាគមើលអំពីចំនួននៃការទិញ នៅតាមទីតាំងនិងផលិតផលផ្សេងៗគ្នា សម្រាប់ថ្ងៃ១១ ខែ១១នេះ។ យើងក៏បានព្យាករណ៍មើល អំពីទំនោរនៃប្រព័ន្ធដឹកជញ្ជូនទូទាំងប្រទេស ហើយក៏បានជូនដំណឹងទៅកាន់ក្រុមហ៊ុនដៃគូរបស់យើង ដើម្បីឲ្យពួកគេអាចចាត់ចែងធនធានដែលគេមាន អោយបានល្អ។ ចំនុចទីពីរ គឺយើងបានពឹងផ្អែកយ៉ាងច្រើន ទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង បច្ចេកវិទ្យាភ្ជាប់អ៊ីនធើណេតរវាងឧបករណ៍និងឧបករណ៍ ដើម្បីជួយសម្រួលដល់លំហូរនៃការដឹកជញ្ជូនទំនិញរបស់យើង»។
ក្រុមហ៊ុន អាលីបាបា បានចាប់ផ្តើមរៀបចំកម្មវិធីលក់បញ្ចុះតម្លៃតាមអនឡាញប្រចាំឆ្នាំបែបនេះ តាំងពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០០៩មកម្ល៉េះ។ ថ្ងៃ១១ ខែ១១ គឺជាទិវាអ្នកនៅលីវ ដែលពលរដ្ឋវ័យក្មេងនៅប្រទេសចិន តែងប្រារព្ធធ្វើឡើង។
ការលក់នៅក្នុងទិវានេះជាលើកដំបូង នៅលើវេបសាយ ធីម៉ល រកចំនូលបានប្រហែល៧លានដុល្លារអាមេរិក ហើយចំនួននៃការលក់នេះ ក៏បានកើនឡើងជារៀងរាល់ឆ្នាំ ដោយសារតែគេមានអតិថិជនកាន់តែច្រើននាក់ ដែលបានងាកមកទិញទំនិញតាមអនឡាញ។ បើយោងតាមក្រុមហ៊ុន អាលីបាបា មានផលិតផលបរទេសជាង១ម៉ឺន៩ពាន់ម៉ាក មកពី៧៥ប្រទេស និងតំបន់បានចូលរួមលក់ផលិតផល ក្នុងទិវានាឆ្នាំនេះ នៅប្រទេសចិន៕ (សារព័ត៌មាន CCTV របស់ចិន)