(ភ្នំពេញ)៖ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងសំពះព្រះខែ ដែលនឹងប្រព្រឺត្ដិទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ កម្លាំងមានសមត្ថកិច្ចរហូតដល់ជាង១ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយនៅតាមតំបន់A B និងC ក្នុងនោះ កម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានរហូតដល់ជាង៨ពាន់នាក់។ នេះបើយោងតាមលោក មានចាន់ យ៉ាដា អភិបាលរងរាជធានីភ្នំពេញនៅក្នុងកិច្ចប្រជុំមួយនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ២០១៨។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលារាជធានីភ្នំពេញក្រោម អធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១២ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់មួយចំនួនទៀត។
លោក មានចាន់ យ៉ាដា បានឲ្យដឹងថា បុណ្យអុំទូកឆ្នាំនេះ អាជ្ញាធរនឹងប្រើកម្លាំងសរុបចំនួន១២៧៥៤នាក់ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងនោះសម្រាប់កម្លាំងរបស់ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញមានរហូតដល់៨៦២៥នាក់ ដោយឈជើងនៅតាមតំបន់សំខាន់ៗចំនួន ៣គឺ តំបន់A, B, C និងចែកជាគោលដៅតូចៗផងដែរ។
លោកក៏បានបញ្ជាក់ផងដែរថា ស្ថានភាពទឹកទន្លេនៅឆ្នាំនេះ ទាបជាងឆ្នាំទៅរហូតដល់១ម៉ែត្រ ហើយល្បឿនទឹកក៏ហូរយឺតជាងឆ្នាំទៅផងដែរ។ ដោយឡែក សម្រាប់ទូក «ង» ដែលត្រូវចូលរួមប្រកួត នៅឆ្នាំនេះមានចំនួន២៩៨ទូក ខណៈដែលឆ្នាំ២០១៧មានទូក «ង» ត្រឹមតែ២៧០ទូក និងមានទីឡាករជិត២ម៉ឺននាក់។ សម្រាប់ប្រទីបឆ្នាំនេះ មានចំនួន១៥ លើសពីឆ្នាំទៅផងដែរ។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ ក៏បានលើកឡើងថា បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ជាបញ្ហាចំបង ដែលអាជ្ញាធររាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ ដូច្នេះលោកជម្រុញឲ្យអភិបាលខណ្ឌដូនពេញ និងខណ្ឌចំការមន ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់។
លោកបន្តថា បញ្ហាសណ្តាប់ធ្នាប់នេះ បើមនុស្ស១០០នាក់ ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ មនុស្ស១លាននាក់ យើងត្រូវធ្វើដើម្បីប្រយោជន៍មនុស្ស១លាននាក់នោះហើយ។ ចំណែក ការគ្រប់គ្រងអ្នកលក់ដូរ និងការបើកកន្លែងផ្ញើរម៉ូតូ លោកអភិបាលរាជធានីភ្នំពេញ ក៏បានជម្រុញឲ្យមានការពិនិត្យអោយបានម៉ត់ចត់ផងដែរ មិនអាចអោយមានការតំឡើងថ្លៃស្រេចតែចិត្តនោះទេ៕