(សិង្ហបុរី)៖ មេដឹកនាំប្រទេសសមាជិកអាស៊ានទាំង១០ បានបង្ហាញក្តីព្រួយបារម្ភរបស់ខ្លួនចំពោះ ការកើនឡើងនៃនិន្នាការគាំពារនិយម សកម្មភាពពាណិជ្ជកម្មឯកតោភាគី និងសង្រ្គាមពាណិជ្ជកម្ម របស់ប្រទេសមហាអំណាចមួយនចំនួន។ មេដឹកនាំអាស៊ានបានលើកឡើងថា សកម្មភាពទាំងនេះ បាននិងកំពុងតែដាក់សម្ពាធ និងគំរាមកំហែងដល់ស្ថិរភាពកំណើនសេដ្ឋកិច្ច និងវិបុលភាពនៃតំបន់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍តែម្តង។
កង្វល់របស់មេដឹកនាំអាស៊ាន បានស្តែងឡើងពិធីពិសារអាហារការងារថ្ងៃត្រង់ ក្រោមប្រធានបទ «ពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចសកលលោក» ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ទីដែលមេដឹកនាំអាស៊ានកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនផ្សេងទៀត។ ក្រៅពីមេដឹកនាំអាស៊ានទាំង១០ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ចាសស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា លោក សេបាសស្ទៀន ពីណេរ៉ា (Seba-Stian Pinera) ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី និងស្រី គ្រីស្ទីន ឡាហាដ (Christine Lagarde) នាយកគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF)។
មេដឹកនាំអាស៊ានក៏បានចាត់ទុកការជួបនេះ គឺជាវេទិកាដ៏កម្រមិនធ្លាប់មានពីមុនមក ហើយស្ថិតក្រោមប្រធានបទមួយប្រកបដោយសារសំខាន់ណាស់សម្រាប់តំបន់ និងសកល នៅក្នុងបរិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មបច្ចុប្បន្ន។
មេដឹកនាំអាស៊ានបានគូសបញ្ជាក់ក្នុងនោះថា ដើម្បីឆ្លើយតបនឹងក្នុងបរិកាណ៍នៃការកើនឡើងនៃនិន្នាការគាំពារនិយម សកម្មភាពពាណិជ្ជកម្មឯកតោភាគី និងសង្គ្រាមពាណិជ្ជកម្មនេះ អាស៊ានកំពុងតែប្រឹងប្រែងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឲ្យកាន់តែស៊ីជម្រៅ តាមរយៈការពន្លឿនការធ្វើពាណិជ្ជកម្មសេរី។
តួយ៉ាអាស៊ានបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការជំរុញសម្រេចឲ្យបាននូវភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលនោះ គឺជាសក្ខីកម្មនៃការប្តេជ្ញាចិត្តមួយរបស់អាស៊ាន ចំពោះសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច។ ក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំទាំងអស់បានឯកភាពគ្នាក្នុងការចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំអាហារថ្ងៃត្រង់ ដែលរៀបចំដោយលោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី៕