(សិង្ហបុរី)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់លោក ម៉ៃឃើល ភែនស៍( Michael Pence) អនុប្រធានាធិបតីអាមេរិក ដោយបង្ហាញពីការចង់ឃើញអាមេរិកបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-អាមេរិក ឲ្យកាន់តែធំថែមទៀត ខណៈអាមេរិកកំពុងបន្តឈរជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលើពិភពលោក។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៦ ក្រោមប្រធានបទ «ការពនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ានអាមេរិក និងទិសដៅអនាគត»។ កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសសមាជិកអាស៊ានដទៃទៀត រួមនឹងលោក ម៉ៃឃើល ភែនស៍ ផងដែរ។
ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-សហរដ្ឋអាមេរិគ (Trade and Investment Framework Arrangement-TIFA)និងគំនិតផ្តួចផ្តើមផែនការ នៃការពង្រីកការចូលរួម ក្នុងផ្នែកសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក (Expanded Economic Engagement (E3) Initiatives Work Plan)។
ក្រៅពីការចង់ឃើញអាមេរិកបង្កើនទំហំពាណិជ្ជកម្មជាមួយអាស៊ានហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរ កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងអាស៊ាន នៅមានសក្ដានុពលជាច្រើនទៀត ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្ម វិស័យទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានជាដើម ដែលអនុញ្ញាតិឱ្យអាស៊ាន និងអាមេរិក ចាប់យក ដើម្បីឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការកសាងធនធានមនុស្ស ជាពិសេសយុវជន គឺជាកត្តាចាំបាច់ក្នុងការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការកសាងធនធានមនុស្ស និងវិស័យអប់រំ ដោយផ្ដល់ឱកាសអាហារូបករណ៍បន្ថែមទៀតដល់យុវជនអាស៊ាន ជាពិសេស យុវជនពីប្រទេសកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាបន្ថែមទៀត។
នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាស របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក លើកទី៦។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខអ៊ីនធើណែត និងកិច្ចព្រម ព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០១៨-២០១៩៕