(សិង្ហបុរី)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើន ដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបិទបញ្ចប់ហើយ ជាមួយការវាយតម្លៃខ្ពស់ពីលោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងជាប្រធានអាស៊ាន។
ថ្លែងក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំនេះ លោក លី ស៊ានឡុង បានវាយតម្លៃខ្ពស់ ចំពោះបណ្តាមេដឹកនាំអាស៊ានទាំងអស់ ដែលរយៈពេលពេញមួយឆ្នាំកន្លងមក បានធ្វើកិច្ចការជាច្រើនក្នុងការបម្រើផលប្រយោជន៍សម្រាប់ប្រជាជាតិក្នុងតំបន់ ពិសេសរួមគ្នានោះស្រាយនូវរាល់បញ្ហាប្រឈមនានា ក្នុងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្ទៃក្នុង ជាមួយបណ្តាប្រទេសក្រៅតំបន់ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់បំផុត។
លោកនាយករដ្ឋមន្រ្តីសិង្ហបុរី ក៏បានវាយតម្លៃខ្ពស់ ដែលសិង្ហបុរីបានខិតខំជម្នះដោះស្រាយនូវបញ្ហាប្រឈមនានា ក្នុងការឈានទៅសំរេចនូវលទ្ធផលដ៏ត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២-៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បញ្ចប់ទៅប្រកបដោយ លទ្ធផលដ៏ត្រចះត្រចង់បំផុត។
បន្ទាប់ពីទទួលបានញញួរឈើជានិម្មិតរូប ជាប្រធានអាស៊ានក្នុងឆ្នាំ២០១៩ ពីប្រធានចាស់រួចមក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ និងជាប្រធានកិច្ចប្រជុំអាស៊ានឆ្នាំ២០១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤-៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ក្នុងឆ្នាំ២០១៩ ឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់បំផុត។
លោកឧត្តមសេនីយ៍ ក៏បានគោរពយាង និងអញ្ជើញបណ្តាមេដឹកនាំអាស៊ានទាំងអស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤-៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅព្រះរាជាណាចក្រថៃ ក្នុងឆ្នាំ២០១៩ ខាងមុខ ដើម្បីរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីផលប្រយោជន៍និងភាពរីកចម្រើនសម្រាប់តំបន់ របស់យើងទាំងអស់គ្នា៕