(ចិន)៖ សមាគមកម្មសិទ្ធបញ្ញាសំឡេង និងវីដេអូចិន ដែលទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចិន បានបញ្ជាឲ្យក្លិបខារ៉ាអូខេនានា លុបចេញនូវបទចំរៀងជាង៦ពាន់បទ ក្នុងគោលបំណងបង្រ្កាបការបំពានកម្មសិទ្ធិបញ្ញា នៅក្នុងប្រទេសចិន។
នៅក្នុងសេចក្តីប្រកាសថ្មីមួយ នៅលើគេហទំព័ររបស់សមាគមនេះ ស្ថាប័នផលិតចំរៀងខារ៉ាអូខេ និងកន្លែងបើកសេវាច្រៀងខារ៉ាអូខេ ត្រូវបានស្នើសុំឲ្យដកចេញនូវវីដេអូចំរៀងចំនួន៦៦០៩បទ ដែលត្រូវបានចាត់ទុកថា កំពុងបំពានដល់ច្បាប់កម្មសិទ្ធិបញ្ញារបស់ប្រទេសចិន។
សមាគមដែលបានបង្កើតឡើងកាលពីឆ្នាំ២០០៨មួយនេះ គឺជាស្ថាប័នតែមួយគត់ ដែលត្រូវបានអនុម័តដោយរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិ ដើម្បីចាត់ចែងការងារគ្រប់គ្រងសិទ្ធិជារួម នៃកម្មសិទ្ធិបញ្ញា និងសិទ្ធិផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងស្នាដៃជាវីឌីអូ និងសំឡេង ។
រាល់ហាងខារ៉ាអូខេទាំងអស់ អាចមានសិទ្ធិប្រើបទចំរៀង និងវីឌីអូចំរៀងបាន លុះត្រាតែពួកគេបានក្លាយជាសមាជិករបស់សមាគម និងបានបង់ប្រាក់លើថ្លៃទទួលបានអាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញាតែប៉ុណ្ណោះ។ បើមិនដូច្នោះទេ ពួកគេនឹងត្រូវរងការប្ដឹងជាញឹកញាប់ ចំពោះទង្វើបំពានកម្មសិទ្ធិបញ្ញា។ នេះបើយោងតាមលោក ចូវ យ៉ាភីង ជាអគ្គនាយកស្ដីទីរបស់សមាគម។
លោក ចូវ យ៉ាភីង អគ្គនាយកស្ដីទី សមាគមកម្មសិទ្ធិបញ្ញាសំឡេងនិងវីឌីអូចិន ថ្លែងថា «ដោយសារតែម្ចាស់កម្មសិទ្ធិបញ្ញារបស់បទចំរៀង ឬវីឌីអូចំរៀងទាំងជាង៦ពាន់នេះ បានដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នតុលាការជាច្រើន ដើម្បីប្ដឹងប្រតិបតិ្តករខារ៉ាអូខេ តុលាការក៏បានចេញសេចក្ដីសម្រេចជាបឋមមួយ ដែលទាមទារឲ្យបញ្ឈប់ទង្វើបំពាន ហើយលុបបទចំរៀង និងវីឌីអូទាំងនោះចេញវិញ។ ដូច្នេះ យើងក៏ប្រាប់ឲ្យពួកគេលុបវាចេញ ដើម្បីជំរុញឲ្យពួកគេគោរព តាមសេចក្តីសម្រេចរបស់តុលាការ»។
លោក ចូវ បានពន្យល់ថា មានតែស៊េរីបទចំរៀង និងវីឌីអូជាក់លាក់មួយចំនួនតែប៉ុណ្ណោះ ដែលត្រូវបានស្នើសុំឲ្យលុបចេញ។ ឯស៊េរីបទចំរៀង ដែលទទួលបានសិទ្ធិប្រើប្រាស់ស្របច្បាប់ នៅតែអាចប្រើបានតាមធម្មតាដដែល។ លោកពន្យល់ថា បើទោះជាមានបទចំរៀងល្បីៗខ្លះ ត្រូវហាមប្រើមួយរយៈក៏ដោយ ក៏វិធានការនេះគ្រាន់តែចង់ពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា នៅក្នុងប្រទេសចិន ដើម្បីផលប្រយោជន៍ទៅថ្ងៃមុខដ៏យូរអង្វែងតែប៉ុណ្ណោះ។
លោក ចូវ យ៉ាភីង និយាយថា «អ្វីដែលពួកយើងកំពុងធ្វើនេះ គឺមិនមែនដើម្បីដកបទចំរៀងចេញនោះទេ។ គឺយើងចង់ធ្វើឲ្យទីផ្សារកម្មសិទ្ធិបញ្ញារបស់យើង មានភាពបរិសុទ្ធ ដើម្បីឲ្យវិស័យនេះ មានគុណធម៌ និងដើម្បីលើកទឹកចិត្តឲ្យម្ចាស់កម្មសិទ្ធិបញ្ញាផ្សេងៗទៀត មកចូលរួមជាមួយសមាគមរបស់យើង ហើយអនុញ្ញាតឲ្យពួកយើងប្រើស្នាដៃសិល្បៈរបស់ពួកគាត់។ នៅពេលដែលយើងគ្រប់គ្រងស្នាដៃសិល្បៈដែលល្បីៗបានកាន់តែច្រើន យើងក៏នឹងមានលទ្ធភាពផ្តល់សេវាកម្ម បានកាន់តែច្រើន និងកាន់តែល្អ ជូនដល់អតិថិជនរបស់យើង»៕ (សារព័ត៌មាន CCTV របស់ចិន)