(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ វិទ្យុអាស៊ីសេរី (RFA) ដែលអួតអាងខ្លួនថា ជាសារព័ត៌មានវិជ្ជាជីវៈនោះបានតែងតាំងតួនាទីឱ្យប្រភពរបស់ខ្លួនគឺលោក ហ៊ាង ឫទ្ធី ថាជា «បណ្ឌិតមេធាវី» ព្រមទាំងយកតួនាទីក្លែងក្លាយនេះ ទៅប្រើប្រាស់ជាវាគ្មិន បកស្រាយពីនីតិវិធីច្បាប់ដោយមិនត្រឹមត្រូវថែមទៀត។
ដំបូងឡើយមិនមាននរណាបានដឹងថា លោក ហ៊ាង ឫទ្ធី ដែលវិទ្យុអាស៊ីសេរី ហៅថា «បណ្ឌិតមេធាវី» នេះមិនមែនជាមេធាវីពិតប្រាកដទេ ដោយសារតែទាំងវិទ្យុអាស៊ីសេរី និងលោក ហ៊ាង ឫទ្ធី បានបន្តផ្សព្វផ្សាយដោយប្រើប្រាស់តួនាទីនេះជាបន្តបន្ទាប់ដោយមិនធ្វើការកែតម្រូវ ប៉ុន្តែបន្ទាប់ពីគណៈមេធាវី បានប្រតិកម្មដោយចេញសេចក្តីប្រកាសថា លោក ហ៊ាង ឫទ្ធី មិនមានឈ្មោះក្នុងបញ្ជីគណៈមេធាវីប៉ុណ្ណោះ ទើបសាធារណជនបានដឹងច្បាស់ថា លោក ហ៊ាង ឫទ្ធី ពិតជាមិនមែនជាមេធាវី ដែលជាអ្នកជំនាញ ផ្នែកច្បាប់ ដូចអាស៊ីសេរីផ្សាយនោះឡើយ។
ក្រោយពីមានការប្រតិកម្មខ្លាំងពីស្ថាប័នគណៈមេធាវី នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ស្រាប់តែលោក ហ៊ាង ឫទ្ធី និងវិទ្យុអាស៊ីសេរី បែរជាដោះសារយករួចខ្លួន ដោយមិនព្រមទទួលខុសត្រូវនូវ អ្វីដែលខ្លួនបានផ្សាយខុសធ្វើឱ្យមហាជនភាន់ច្រឡំនោះទៅវិញ។ ដោយសារតែមានចម្ងល់ខ្លាំងចំពោះវិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងប្រើប្រាស់តួនាទី មេធាវីដល់ប្រភពរបស់ខ្លួន ក្នុងខណៈដែលប្រភពខ្លួនពុំមែនជាមេធាវីផងនោះ យើងសូមសួរដោយត្រង់ៗទៅវិទ្យុអាស៊ីសេរី ដើម្បីបញ្ជាក់ឱ្យច្បាស់លាស់ក្នុងរឿងនេះ ដូចតទៅ៖
១៖ តើអាស៊ីសេរី (RFA) មានមូលដ្ឋានអ្វី បានជាផ្សព្វផ្សាយដោយហៅ លោក ហ៊ាង ឬទ្ធី ថាជា «លោកបណ្ឌិតមេធាវី»?
២៖ តើលោក ហ៊ាង ឬទ្ធី ដែលប្រកែកឬទេ នៅពេលអាស៊ីសេរីហៅគាត់ថាជាមេធាវីបែបនេះ?
៣៖ តើការប្រឌិតតួនាទីក្លែងបំពាក់ឱ្យវាគ្មិនបែបនេះ អាស៊ីសេរីមានចេតនាបែបណា?
៤៖ តើអាស៊ីសេរី ទទួលខុសត្រូវបែបណាលើករណីនេះ?
ពីនិស្សិតមួយរូបរៀនផ្នែកច្បាប់ រស់នៅខេត្តត្បូងឃ្មុំ