(ភ្នំពេញ)៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Sulivan បានលើកឡើងថា ការលើកស្ទួយទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក គឺជាអាតិភាពមួយរបស់អាមេរិក ហើយអាមេរិកស្វាគមន៍ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមឡើងវិញនូវកម្មវិធីស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា។
ការលើកឡើងរបស់លោកអនុរដ្ឋមន្ត្រីអាមេរិក បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣។
យោងតាមសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលជំនួប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឲ្យដឹងដែរថា លោក Sullivan បានគូសបញ្ជាក់ថា អាមេរិកបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្តល់ការអនុគ្រោះពន្ធ GSP និងជួយដល់ផ្នែកសកម្មភាពមីន ដោយគាំទ្រដល់គោលដៅធ្វើឲ្យកម្ពុជាអស់មីននៅឆ្នាំ២០២៥។ លោកអនុរដ្ឋមន្ត្រីការបរទេសបន្ថែមថា «ទំនាក់ទំនងយើងមានសក្តានុពលដ៏ធំធេងណាស់ ហើយចង់ឃើញទំនាក់ទំនងនេះរីកស្គុះស្គាយតទៅទៀត»។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានតបថា ឆ្លងកាត់ជំនួបជាមួយថ្នាក់ដឹកនាំអាមេរិកជាច្រើន គឺមានការឯកភាពគ្នាមួយដែលចង់រក្សាឲ្យបាននូវបណ្តាញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យនានា ដោយផ្តោតលើផលប្រយោជន៍រួម។ លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានអរគុណអាមេរិកចំពោះការផ្តល់ភាពអនុគ្រោះថ្មីៗសម្រាប់ការនាំចេញទៅអាមេរិកនូវសម្ភារៈធ្វើដំណើរ ដែលឆ្នាំនេះអាចនឹងហក់ឡើងដល់ ៥០០លានដុល្លារអាមេរិក។
លោក ប្រាក់ សុខុន ក៏បានប្រាប់ទៅអនុរដ្ឋមន្ត្រីការបរទេសអាមេរិកផងដែរថា កម្ពុជា និងអាមេរិក មានទស្សនៈខុសគ្នា និងការយល់ដឹងខុសគ្នាលើបញ្ហានយោបាយ ប៉ុន្តែកម្ពុជា និងអាមេរិកគប្បីខិតខំបន្តសហប្រតិបត្តិការលើវិស័យទាំងឡាយណាដែលមិនភ្ជាប់នឹងឧបសគ្គនយោបាយនេះ ហើយស្វែងរកវិធីបំព្រួញការខុសគ្នានេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅក្នុងជំនួបនោះ លោកអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានស្វាគមន៍ផងដែរចំពោះការដាក់លោក កឹម សុខា ឲ្យស្ថិតក្នុងការឃុំឃាំងក្រៅពន្ធនាគារផងដែរ។ បើទោះបីជាយ៉ាងលោកអនុរដ្ឋមន្ត្រីការបរទេសអាមេរិក នៅមានការបារម្ភចំពោះបញ្ហាខ្លះទៀតពាក់ព័ន្ធនឹងសិទ្ធិនយោបាយ សង្គមស៊ីវិល និងសារព័ត៌មាន៕