(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងរៀបចំបញ្ចូលប្រទេសវេណេស៊ុយអេឡា ទៅក្នុងបញ្ជី ខ្មៅនៃរដ្ឋគាំទ្រភេរវកម្ម របស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាម Washington Post ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
កាសែត Washington Post ផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក បានឱ្យដឹងទៀតថានារយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ ទីភ្នាក់ងារអាមេរិកជាច្រើនបានស្នើឱ្យក្រសួងការបរទេសអាមេរិក ផ្ដល់ចម្លើយតបមកវិញជុំវិញសំណើដាក់ បញ្ចូលវេណេស៊ុយអេឡាទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវកម្ម។
ក៏ប៉ុន្តែ ខាងសេតវិមាន និងក្រសួងការបរទេសអាមេរិកផ្ទាល់ មិនទាន់ធ្វើការអត្ថាធិប្បាយឬក៏បញ្ជាក់ថាសេចក្ដីសម្រេចចុងក្រោយ ត្រូវបានធ្វើឡើងឬយ៉ាងណានោះទេ ខណៈទំនាក់ទំនងបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា កាន់តែធ្លាក់ចុះដុនដាបបំផុត៕