(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតវីដេអូបទយកការណ៍ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០១៨។ បើតាម គ.ជ.ប នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត តាមឃុំសង្កាត់ នឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
គ.ជ.ប បានបញ្ជាក់ថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ ត្រូវបានបោះពុម្ព និងបញ្ជូនទៅកាន់ឃុំសង្កាត់ ចំនួន១,៦៤៦ ដើម្បីបិទផ្សាយនៅតាមសាលាឃុំសង្កាត់ និងនៅតាមទីសាធារណៈណាមួយ ក្នុងឃុំសង្កាត់ ព្រមៗគ្នាទូទាំងប្រទេស។
បញ្ជីបោះឆ្នោតដំបូង គឺជាបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលបានពិនិត្យផ្ទៀងផ្ទាត់រួចរាល់ក្នុងប្រព័ន្ធផ្ទុកទិន្នន័យអ្នកបោះឆ្នោត របស់គ.ជ.ប បន្ទាប់ពី គ.ជ.ប បានបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ និងក្រោយពីបានដោះស្រាយបណ្ដឹងតវ៉ា ទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតចប់ជាស្ថាពរ។
តាមគ.ជ.ប បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗ ក្រៅពីការបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ទាំង១,៦៤៦ទូទាំងប្រទេស។ បញ្ជីនេះក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប www.voterlist.org.kh ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឬអាចស្វែងរកតាមរយៈទូរស័ព្ទដៃ Voterlist KH (app) ផងដែរ៕
ខាងក្រោមនេះ ជាបទយកការណ៍ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០១៨ ដែលត្រូវបានផលិតដោយ គ.ជ.ប៖