(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទូក «ង» ដែលវែងជាងគេលើពិភពលោក ឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី» ដែលទើបតែនឹងជាប់កំណត់ត្រាទូក «ង» វែងជាងគេលើពិភពលោក កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ បានរំកិលខ្លួនមកលើគោកតាមបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខ វាលព្រះមេរុហ៍ ដើម្បីដាក់តាំងបង្ហាញ ជូនសាធារណៈជនបានទស្សនា ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការរំកិលទូកឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី» ដាក់បង្ហាញជូនសាធារណជនទស្សនានេះ មានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា និងគណៈកម្មាធិការផលិតទូក «ង» វែងជាងគេលើពិភពលោក ដឹកនាំដោយលោក ស សុខា ប្រធានគណៈកម្មាធិការផលិតទូក «ង» វែងជាងគេលើពិភពលោក និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ទូក «ង» ដែលវែងជាងគេលើពិភពលោក នឹងត្រូវដាក់តាំងបង្ហាញ ជូនសាធារណៈជនបានទស្សនា ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់មកនឹងយកទៅខេត្តព្រៃវែងវិញ។ នេះបើតាមមន្ត្រីសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ។
សូមរម្លឹកថា ទូក «ង» ដែលវែងជាងគេ ហើយផលិតដោយស្នាដៃកូនខ្មែរនេះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូតដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក៕