(ភ្នំពេញ)៖ លោក ស សុខា ប្រធានគណៈកម្មាធិការផលិតទូក «ង» វែងជាងគេលើពិភពលោក បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅទស្សនាទូក «ង» វែងជាងគេលើពិភពលោកឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី» ខណៈទូកនេះបានរំកិលខ្លួនមកលើគោក តាមបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខ វាលព្រះមេរុហ៍ ដើម្បីដាក់តាំងបង្ហាញជូនសាធារណជនបានទស្សនា ដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការអំពាវនាវរបស់លោក ស សុខា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោក និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងគណៈកម្មាធិការផលិតទូក «ង» វែងជាងគេលើពិភពលោក ដើម្បីរំកិលទូកនេះ ដាក់បង្ហាញជូនសាធារណជនបានទស្សនា ពីស្នាដៃរបស់កូនខ្មែរ ដែលទើបជាប់ឯតទគ្គកម្មពិភពលោក (World Guinness Record) ជាផ្លូវការកាលពីពេលថ្មីៗនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសនោះ, លោក ស សុខា ក៏បានបញ្ជាក់ដែរថា បន្ទាប់ពីទូក «ង» វែងជាងគេលើពិភពលោក ដែលនឹងត្រូវដាក់តាំងបង្ហាញ ជូនសាធារណជនបានទស្សនា ដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នឹងត្រូវរំកិលទម្លាក់ទឹក យកទៅតម្កល់ទុកនៅខេត្តព្រៃវែងវិញផងដែរ។
សូមរម្លឹកថា ទូក «ង» ដែលវែងជាងគេ ហើយផលិតដោយស្នាដៃកូនខ្មែរនេះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោកជាផ្លូវការ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូតដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក៕