(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹកបានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឥទ្ធិពលព្យុះ USAGI កំពុងតែស្ថិតនៅព្រំដែនកម្ពុជា-វៀតណាម គឺនៅតាមបណ្ដោយព្រំដែន ក្នុងខេត្តស្វាយវៀង និងព្រៃវែង ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅទីនោះ ប៉ុន្ដែចំពោះសភាពខ្យល់វិញមិនសូវខ្លាំងនោះឡើយ ដោយមិនធ្វើឲ្យមានការព្រួយបារម្ភទេ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា ឥទ្ធិពលព្យុះ USAGI នឹងធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង២រំលងអាធា្រត្រយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មុននឹងបន្ដដំណើរទៅកាន់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
បញ្ជាក់បន្ថែមមកកាន់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ លោក ចាន់ យុត្ថា បានបន្តថា ព្យុះ USAGI នេះ ក្រោយពីធ្វើដំណើរឆ្លងកាត់ឆ្នេរសមុទ្រវៀតណាមរួចមក ជាព្យុះទីហ្វុងនោះ វាបានវិវត្តន៍ខ្លួនមកជាវិសម្ពាធ (TD) វិញ ប៉ុន្ដែព្យុះនេះនឹងផ្ដល់ផលអវិជ្ជមានមួយចំនួន ក្នុងនោះបារម្ភខ្លាំង គឺអំពីជំនន់ទឹកភ្លៀងនៅខេត្តជាប់ព្រំដែនវៀតណាម បូករួមជាមួយរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តផ្សេងៗទៀត។
តែយ៉ាងណានោះ លោក ចាន់ យុត្ថា បានបន្ថែមទៀតថា ព្យុះ USAGI នេះ ក៏បានផ្ដល់ផលវិជ្ជមានផងដែរ គឺអាចជួយស្រោចស្រប់លើផ្ទៃដីកសិកម្មរាប់ម៉ឺនហិកតាកំពុងជួបបញ្ហាខ្វះទឹក ដែលក្រសួងធនធានទឹកកំពុងអន្ដរាគមន៍រាល់ថ្ងៃ ចំពោះស្រូវធ្ងន់ និងស្រូវវស្សាដំណាក់កាលទី២។ លោកបន្ដថា «នៅពេលដែលព្យុះ USAGI នេះមក យើងបានផ្អាកសកម្មភាពជាបណ្ដើរៗ ដោយសារតែបានទឹកពីព្យុះ USAGI នេះ»។
រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងធនធានទឹក ក៏បានបញ្ជាក់ផងដែរថា ឥទ្ធិពលព្យុះ USAGI នេះ ក៏នឹងជះឥទ្ធិពលនៅកម្ពុជា រហូតដល់ថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យទទួលឥទ្ធិពលក្រោយគេ។
ជាមួយគ្នានោះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែវិច្ឆិកា ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើង ជាយថាហេតុផងដែរ៕