(ភ្នំពេញ)៖ ក្នុងមួយជីវិតរបស់គាត់ បុរសម្នាក់ដែលមានឈ្មោះ សម រង្ស៊ី តែងធ្វើនយោបាយបែបអត្តឃាតជារៀងដរាបដោយឥតកែប្រែឡើយ ទោះបីជាបរាជ័យជាបន្តបន្ទាប់ក្លាយជាមេរៀនគ្រប់គ្រាន់ក៏ដោយ ក៏គាត់មិនដែលរៀនសូត្រពីបរាជ័យរបស់ខ្លួនទាល់តែសោះ។ នយោបាយអត្តឃាតដ៏ងប់ងល់ងើបមុខមិនរួចបែបនេះ ទីបំផុត ក៏បានដុតកម្ទេចទាំងគណបក្ស ទាំងកេរ្តិ៍ឈ្មោះ និង ទាំងរូបរាងកាយរបស់គាត់ គ្មានសេសសល់អ្វីទៀតឡើយ។
ជាក់ស្តែងបន្ទាប់ពីទទួលបរាជ័យក្នុងឆាកនយោបាយរយៈពេលជាង២០ឆ្នាំ សម រង្ស៊ី ក៏បានរុញឲ្យគណបក្សរបស់ខ្លួនរលាយសាបសូន្យដូចអំបិលត្រូវទឹក។ ការរលត់រលាយគណបក្សសង្គ្រោះជាតិពិតជាមានចំណែកយ៉ាងសំខាន់របស់ សម រង្ស៊ី តាមរយៈនយោបាយអត្តឃាតរបស់គាត់។ គោលដៅទីមួយរបស់ សម រង្ស៊ី គឺការដុតកម្ទេចគណបក្សប្រជាជនកម្ពុជា និងដុតកម្ទេចប្រទេសជាតិ ដើម្បីគាត់បានឡើងកាន់អំណាច។ ប៉ុន្តែនយោបាយដែលគ្មានយុទ្ធសាស្ត្រ គ្មានទស្សនៈវិស័យ និងគ្មានភាពជាអ្នកដឹកនាំ បានជំរុញឲ្យ សម រង្ស៊ី ស្ថិតក្នុងស្ថានភាព«បាចអង្កាមបញ្ច្រាសខ្យល់»។ នៅពេលដែលអង្កាមដែលគាត់បាចបែរមកចូលភ្នែកខ្លួនឯងវិញក៏ធ្វើឲ្យគាត់ងងឹតមុខមើលអ្វីលែងឃើញ ហើយក៏បិទភ្នែកប្រយុទ្ធដោយមិនដឹងទិសតំបន់អ្វីឡើយ។ ឥឡូវនេះ នយោបាយបែបនេះបានបង្ហាញលទ្ធផលច្បាស់លាស់ហើយ នោះគឺសម រង្ស៊ី កំពុងស្ថិតនៅឯកោពីគណបក្ស ពីប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស និងពីសហគមន៍អន្តរជាតិ។
ហេតុអ្វីបានជាគេអាចនិយាយបានយ៉ាងដូច្នេះ?
ទី១៖ ភាពឯកោរបស់ សម រង្ស៊ី ពីគណបក្សរបស់ខ្លួន៖ ដោយសារតែកំហុសឆ្គងនយោបាយដែលគាត់បានធ្វើជាបន្តបន្ទាប់ និងដដែលៗ អ្នកដែលធ្លាប់គាំទ្រ សម រង្ស៊ី ភាគច្រើនបានស្ថិតក្នុងភាពអស់សង្ឃឹម ហើយអស់ជំនឿលើគាត់ទាំងស្រុងដោយទុកឲ្យគាត់នៅឯកោពីគណបក្សកាន់តែឆ្ងាយទៅៗ។ មានតែមនុស្សមួយដំបរស្វាដែលទទួលបាន ប្រយោជន៍ប៉ុណ្ណោះដែលនៅតាមហែរហម សម រង្ស៊ី ចំណែកអ្នកស្មោះត្រង់ មិនអែបអប និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនបានដើរចោលគាត់អស់ហើយ។ កំហុសឆ្គងធំបំផុតរបស់ សម រង្ស៊ី បានផ្តើមពីការលាឈប់ពីតំណែងប្រធានគណបក្សដោយពីដំបូងគាត់គិតថា ការលាឈប់នេះនឹងធ្វើឲ្យអ្នកគាំទ្ររបស់គាត់ក្រោកឈរឡើងដើម្បីទាមទារឲ្យគាត់បន្តនៅធ្វើជាអ្នកដឹកនាំ។
ពេលនោះហើយដែល សម រង្ស៊ី ស្រមៃថា គាត់នឹងក្លាយជាវីរៈបុរសក្នុងឆាកនយោបាយប្រឆាំងនៅកម្ពុជា។ ប៉ុន្តែ ផ្ទុយស្រឡះពីការរំពឹងទុក គ្មានអ្នកគាំទ្រណាម្នាក់តវ៉ាទេគឺស្ងាត់ឈឹង ដូចចោរលួចសេះ។ រីឯអំណាចគ្រប់គ្រងបក្សក៏ធ្លាក់ទៅលើដៃលោក កឹម សុខា ទាំងស្រុង។ ទោះជាឆ្អែតចិត្តយ៉ាងណា ក៏ សម រង្ស៊ី មិនអាចហារមាត់និយាយបានទេក្រោមហេតុផលថា បើតវ៉ានឹងធ្វើឲ្យបែកបាក់។ ម្លោះហើយក៏នៅខំនិយាយទាំងអួលដើមកថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ហើយខំកាឡៃការលាឈប់ពីតំណែងជ្រុលក្បាលក្រពើនោះថា ជាការលះបង់ដើម្បីគណបក្សទៅវិញ។
ដើម្បីបានអំណាចមកវិញ សម រង្ស៊ី ក៏ផ្តើមដុតស្ថានការណ៍ឲ្យគណបក្សសង្គ្រោះជាតិរលាយឲ្យបានឆាប់ក្រោមកណ្តាប់ដៃរបស់លោក កឹម សុខា។ ពេលគណបក្សសង្គ្រោះជាតិរលាយ សម រង្ស៊ី ត្រេកអរណាស់ព្រោះគាត់រំពឹងខុសម្តងទៀតថា អ្នកគាំទ្របក្សសង្គ្រោះជាតិរាប់លាននាក់នឹងងើបឡើងតវ៉ា ហើយគាត់នឹងឆ្លៀតឱកាសនោះបង្កភាពចលាចលដើម្បីឈានទៅផ្តួលរំលំ រាជរដ្ឋាភិបាលតែម្តង។ លើកនេះ សម រង្ស៊ី ដេកស្រមៃថា មិនត្រឹមតែបានអំណាចក្នុងបក្សមកវិញទេ តែក៏បានទាំងអំណាចដឹកនាំប្រទេសតែម្តង។ ប៉ុន្តែ គ្មានឡើយការតវ៉ា គ្មានឡើយចលនា បះបោរដែល សម រង្ស៊ី រំពឹងទុក។ ដោយមហិច្ឆតាអំណាចយ៉ាងក្រាស់ឃ្មឹក សម រង្ស៊ី ក៏បែរទៅប្រកាសបង្កើតចលនាសង្គ្រោះជាតិ ដោយគាត់រំពឹងថា ចលនានេះនឹងទទួលបានការ គាំទ្រខ្លាំង ហើយក៏ជាមធ្យោបាយមួយអាចជួយឲ្យគាត់វិលទៅកាន់អំណាចក្នុងក្រុមប្រឆាំងជំនួសលោក កឹម សុខា វិញ។ ម្តងហើយ ម្តងទៀត មេទ័ពដែលគ្មានយុទ្ធសាស្ត្រ ច្បាំង១០០ដង ចាញ់១០០ដង។ ចលនាសង្គ្រោះជាតិមិនត្រឹមតែគ្មានអ្នកគាំទ្រ តែបានក្លាយជាចលនាមួយដែលពុះបំបែកក្រុមប្រឆាំងជាចម្រៀកតូចៗយ៉ាងខ្ទេចខ្ទាំ។
ចុងក្រោយនេះ ដោយគ្មានសល់ជម្រើសអ្វីផ្សេងទៀតនោះ សម រង្ស៊ី ក៏បានរៀបចំគម្រោងធ្វើបក្សប្រហារដណ្តើមអំណាចពី កឹម សុខា ដោយចំហរតែម្តង។ ដៃម្ខាងគាត់រៀបចំ ប្រមែប្រមូលក្រុមអ្នកដែលបន្តចាញ់បោកគាត់នៅក្រៅប្រទេសឲ្យមកជួបជុំគ្នានាដើមខែធ្នូខាងមុខដើម្បីលើកបន្តុបគាត់ក្លាយជាមេដឹកនាំជំនួសលោក កឹម សុខា។ រីឯដៃម្ខាងទៀត សម រង្ស៊ី ប្រឹងទប់កុំឲ្យលោក កឹម សុខា ចេញពីមន្ទីរឃុំឃាំង។ ការបបួលសម្តេច ហ៊ុន សែន ភ្នាល់រឿងការដោះលែងលោក កឹម សុខា គឺជាឧទាហរណ៍ស្រាប់។ ប៉ុន្តែ ដោយសារតែល្បិចរបស់ សម រង្ស៊ី រាក់កំផែល នៅលើគោកពេក ល្បិចនេះក៏ត្រូវបានគេបកអាក្រាតជាពិសេសអ្នកដែលមានសមានចិត្តជាមួយលោក កឹម សុខា បានផ្ទុះកំហឹងយ៉ាងខ្លាំង។
នយោបាយអត្តឃាតតាមបែបបាចអង្កាមបញ្ច្រាសខ្យល់បានជះផលអាក្រក់មកលើខ្លួនវិញជាថ្មីម្តងទៀត។ ការបែកបាក់ផ្ទៃក្នុងក្រោមស្មាដៃរបស់ សម រង្ស៊ី បានបន្តយ៉ាងពុះកញ្ជ្រោល។ ទោះជាយ៉ាងនេះក្តី ក៏ សម រង្ស៊ី នៅតែបន្តក្រាញននៀលដុតកម្តៅសភាពការណ៍មិនឲ្យលោក កឹម សុខា មានសេរីភាពឡើងវិញឆាប់ៗនេះឡើយមុនពេលគាត់ ក្តាប់អំណាចណែនក្នុងដៃជាមុនសិន។ ប៉ុន្តែ ស្ថានភាពនេះកំពុងបន្តរុញច្រាន សម រង្ស៊ី កាន់តែឯកោពីបក្សកាន់តែខ្លាំង។
ទី២៖ ភាពឯកោរបស់ សម រង្ស៊ី ពីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស៖ ស្រមោល និងកេរ្តិ៍ឈ្មោះរបស់ សម រង្ស៊ី បានរសាត់បន្តិចម្តងៗពីអារម្មណ៍ពលរដ្ឋខ្មែរក្នុងប្រទេស ដោយសារតែភាពកំសាក និងសម្តីឥតបានការរបស់គាត់ដែលតែងតែនិយាយភូតភរ គ្មានការពិត។ ពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលធ្លាប់ជឿលោក សម រង្ស៊ី បានលាន់មាត់ស្ទើរគ្រប់គ្នាថា «កុំទាន់អាលជឿលោកប្រធាននិយាយអី» នៅពេលដែលសម រង្ស៊ី ប្រកាសអ្វីមួយ ពីព្រោះពួកគាត់បានស៊ាំជាមួយនឹងស្ថានភាពបាតដៃខ្នងដៃអស់ទៅហើយ។
ចំណែកពលរដ្ឋខ្មែរនៅឯនាយសមុទ្រដែលធ្លាប់តែគាំទ្រសម រង្ស៊ី គគ្រឹកគគ្រេង និងផ្តល់លុយកាក់ឲ្យបន្តអាជីពនយោបាយជាច្រើនទសវត្សរ៍មកហើយនោះក៏សុទ្ធតែឆ្អែតចិត្តនឹងភាពកំសាក ឥតបានការ និងសម្តីឥតគ្រាប់របស់ សម រង្ស៊ី ដែរ។ ហេតុដូច្នេះហើយបានជាពួកគេអស់ជំនឿ ហើយងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន វិញ។ ការថយចុះយ៉ាងគំហុគនៃអ្នកធ្វើបាតុកម្ម និងការកើនឡើងអ្នកទទួលស្វាគមន៍សម្តេច ហ៊ុន សែន នៅក្រៅប្រទេសគឺជាភស្តុតាងជាក់ស្តែង»។
ទី៣៖ ភាពឯកោរបស់ សម រង្ស៊ី ពីសហគមន៍អន្តរជាតិ៖ ច្ចុប្បន្ននេះ គេអាចនិយាយបានថា សហគមន៍អន្តរជាតិស្ទើរតែលែងចាត់ទុកសម រង្ស៊ី ក្នុងកែវភ្នែកទៀតហើយពីព្រោះម្យ៉ាង គាត់តែងធ្វើនយោបាយប្រឆាំងពូជសាសន៍ដែលសហគមន៍អន្តរជាតិស្អប់ខ្ពើមបំផុត និងម្យ៉ាងទៀត សម រង្ស៊ី តែងធ្វើនយោបាយបំផ្លាញប្រយោជន៍ជាតិខ្លួនឯង តាមរយៈការទាមទារឲ្យម្ចាស់ជំនួយឈប់ផ្តល់ជំនួយដល់កម្ពុជា ឲ្យឈប់ទិញទំនិញពីកម្ពុជា និងឲ្យដាក់ទណ្ឌកម្មមកលើប្រទេសជាតិ និងប្រជាជនខ្លួនឯង។ ចុងក្រោយនេះ សម រង្ស៊ី បានអំពាវនាវកុំឲ្យសហគមន៍អន្តរជាតិផ្តល់ប្រាក់កម្ចីដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាថែមទៀតដោយគាត់គំរាមសហគមន៍អន្តរជាតិថា រាជរដ្ឋាភិបាលក្រោយនឹងមិនទទួលស្គាល់កម្ចីនេះទេ។
អ្នកការទូតបរទេសជាច្រើនបានលាន់មាត់ថា ពួកគេមិនដែលឃើញអ្នកនយោបាយប្រទេសណានិយាយដូចលោក សម រង្ស៊ី ទេ។ ទោះជាមេបក្សប្រឆាំងណាក៏ដោយ ក៏គេប្រឆាំងជាមួយ បក្សកាន់អំណាចតាមរយៈគោលនយោបាយតែប៉ុណ្ណោះ ប៉ុន្តែ គេមិនដែលប្រឆាំងសូម្បីជំនួយ ឬកម្ចីសម្រាប់អភិវឌ្ឍន៍ រហូតដល់ប្រឆាំងសូម្បីតែបរទេសទិញ ទំនិញពីប្រទេសរបស់ខ្លួននោះឡើយ។ ដូច្នេះ សហគមន៍អន្តរជាតិមិនដែលយចិត្តទុកដាក់លើសម្តីរបស់ សម រង្ស៊ី ឡើយ។
សរុបមកវិញ នយោបាយអត្តឃាតរបស់ សម រង្ស៊ី កំពុងដុតម្ទេចខ្លួនគាត់ និងកំពុងរុញច្រានរូបគាត់ឲ្យស្ថិតក្នុងស្ថានភាពឯកោកាន់តែខ្លាំង។ ពេលនេះ សម រង្ស៊ី គ្មានតម្លៃសូម្បីតែបន្តិចក្នុងកែវភ្នែកបក្សកាន់អំណាច, និងកែវភ្នែករបស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជារបស់សហគមន៍អន្តរជាតិទៀតហើយ តែគាត់បានក្លាយជាបន្លាក្នុងកែវភ្នែករបស់អ្នកគាំទ្រក្នុងបក្សរបស់គាត់ទៅវិញទេ។ នេះហើយជាលទ្ធផលនៃនយោបាយអត្តឃាតតាមបែបបាចអង្កាមបញ្ច្រាសខ្យល់៕
ដោយអ្នកតាមដាននយោបាយតុកាហ្វេ