(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាសង់វិមានឈ្នះ-ឈ្នះ បានលើកឡើងថា សំណង់វិមានឈ្នះ-ឈ្នះ នឹងក្លាយនិក្ខេបបទ និងតាក់តាងដ៏មានសារសំខាន់សម្រាប់នាយទាហាន និងយុវជនខ្មែរជំនាន់ក្រោយ សម្រាប់សិក្សាស្រាវជ្រាវពីការបង្រួបបង្រួមជាតិ សន្តិភាព ស្ថេរភាពនយោបាយរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាកម្ពុជារូបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែល សម្តេចបានដឹកនាំ ក្រុមងារងារបន្តចុះត្រួតពិនិត្យដំណើរការ សាងសង់វិមានឈ្នះ-ឈ្នះ ស្ថិតនៅសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះ៖ «អនាគតនាយទាហានទាំងអស់នេះ ត្រូវតែស្ទាត់ជំនាញ យល់អំពីច្បាស់អំពីគុណតម្លៃរបស់វិមានឈ្នះ-ឈ្នះនេះ ពីគុណតម្លៃពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវតែនាំគ្នាឱ្យតម្លៃឱ្យបានខ្ពស់បំផុតដល់សំណង់វិមានឈ្នះ-ឈ្នះ និងគោលនយោបាយឈ្នះ-ឈ្នះ ជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ នឹងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយ ឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមយ៉ាងដូច្នេះ៖ «នៅថ្ងៃអនាគតវិមានឈ្នះ-ឈ្នះ នឹងក្លាយជានិក្ខេបទមួយសម្រាប់ប្រឡង ដល់នាយទាហានថា តើយល់ដឹងដល់កម្រិតណាពី សំណង់វិមានឈ្នះ-ឈ្នះ និងនយោបាយឈ្នះ-ឈ្នះទាំងនេះ ជាកត្តាយ៉ាងសំខាន់សម្រាប់ជាតិមាតុភូមិកម្ពុជា អ្នកសិក្សាស្រាវជ្រាវ បញ្ញវន្តគ្រប់ៗរូបផងដែរ»។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា សំណង់វិមានឈ្នះ-ឈ្នះ នឹងក្លាយជាទីតាំងតម្កល់ទុកនូវទ្រព្យសម្បត្តិខាងបញ្ញាញាណ ទ្រព្យសម្បតិ្ត លើការយល់ដឹងពីប្រវិត្តសាស្ត្រ ដែលត្រូវយកមកតម្កល់ នៅវិមាននេះ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ យុវជន និងអ្នកសិក្សាស្រាវជ្រាវនានា បានដឹងបានឮ បានមើលនៅនយោបាយឈ្នះ-ឈ្នះផងដែរ។
សូមជម្រាបថា វិមានឈ្នះ-ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការសាងសង់វិមានឈ្នះ-ឈ្នះ នេះ គឺជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សកន្លងមក។
ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ ដែលបានប្រឹងប្រែងយ៉ាងមុះមត់ ក្នុងការដឹកនាំក្រុមការងារសាងសង់វិមានជាប្រវត្តិសាស្រ្តមួយនេះ តាមការណែនាំ និងចង្អុលបង្ហាញជាប្រចាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់។
កាលពីថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាធារណៈថា សម្តេចនឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅទីតាំងវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះកន្លងមក៕