(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីភាពអង់អាចក្លាហានថា ធ្វើជាមេដឹកនាំលំបាក ប៉ុន្តែត្រូវតែហ៊ានលះបង់ បើទោះបីការលះបង់នោះធំ រហូតដល់លះបង់អាយុជីវិតក៏ត្រូវធ្វើដែរ ដើម្បីប្រយោជន៍សង្គមជាតិ និងប្រជាជន។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីភាពពិធីបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
នាយករដ្ឋមន្ត្រីនៃកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ៖ «បើធ្វើជាមេដឹកនាំគេត្រូវតែហ៊ានលះបង់ បើទោះបីជាតម្លៃនៃកាលះបង់នោះ វាធំធេងប៉ុណ្ណា រហូតដល់ជីវិត ក៏ត្រូវតែហ៊ានធ្វើដែរ ដើម្បីអនាគតប្រទេសជាតិ ដើម្បីសេចក្តីសុខរបស់អ្នកដទៃ ខ្ញុំគួរតែនិយាយអំពីបទពិសោធន៍ សម្រាប់ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា គ្មានការទទួលបានផលប្រយោជន៍ណាមួយដោយមិនបានបង់ថ្លៃនោះទេ គឺមានតែពួកប្រឆាំងផ្គាប់មុខតែប៉ុណ្ណោះដែលដេករងចាំស្រមើលស្រមៃទទួលផលពីការដួលរលំនៃរដ្ឋអំណាចរបស់សម្តេច។ ប៉ុន្តែពួកអ្នកទន្ទឹងរង់ចាំពីការដួលរលំ នៃរបបសម្តេចព្រះនរោត្តម សីហនុ ក៏សុទ្ធតែទទួលបានការបរាជ័យរួចទៅហើយ ហើយអ្នកដែលទន្ទឹងរងចាំការដួលរលំរបស់របប លន់ ណុល ក៏ទទួលបរាជ័យរួចទៅហើយ អ្វីដែលយើងទទួលបានគឺតែងតែទទួលបាននូវការបង់ថ្លៃជានិច្ចគ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទម្រាំមានថ្ងៃនេះ មានមនុស្សស្លាប់ច្រើនណាស់ ដើម្បីជាតិមាតុភូមិកម្ពុជា គឺស្លាប់ដោយទទួលរង នូវអំពើព្រៃផ្សៃបំផុត គឺដោយសារគេវ៉ៃ គេបាញ់ និងទម្លាក់គ្រាប់បែកគ្រប់បែបយ៉ាង ប៉ុន្តែមានមួយប៉ែកស្លាប់ដោយសារកាលះបង់ ដើម្បីការពារសេចក្តីសុខជូនប្រជាជន ដើម្បីការរស់រានមានជីវិត។ ហើយសម្តេចបានយកជីវិតរបស់សម្តេច ទៅប្តូរយកនូវស្ថានភាពដូចពេលបច្ចុប្បន្ននេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា តើនៅលើលោកនេះមានមេដឹកនាំប៉ុន្មាននាក់ហើយ ដែលហ៊ានប្រថុយជីវិតចូលទៅជំរុំរបស់សត្រូវ គឺសម្តេចបានប្រើប្រាស់ជីវិតរបស់ខ្លួនមកធ្វើជាដើមទុន ដើម្បីប្តូរយកសុខសន្តិភាពរហូតដល់បច្ចុប្បន្ននេះ៕