(ភ្នំពេញ)៖ លោក ចាន់ ចេន មេធាវីរបស់លោក កឹម សុខា បានបន្តបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ រក្សាជំហរមិនគាំទ្រចំពោះសន្និសីទមួយដឹកនាំដោយ លោក សម រង្ស៉ី នៅសហរដ្ឋអាមេរិក។
លោក ចាន់ ចេន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយពីទទួលបានព័ត៌មានថា មានការរៀបចំសន្និសីទនៅសហរដ្ឋអាមេរិកហ្នឹង ហើយចំពេលដែលខ្ញុំបានចូលសួរសុខទុក្ខគាត់ (លោក កឹម សុខា) នៅគេហដ្ឋាន នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ខ្ញុំក៏បានជម្រាបគាត់អំពីរឿងនេះ។ ខ្ញុំបានសួរគាត់ថា មានបានដឹងទេ? ហើយកូនក្តីរបស់ខ្ញុំក៏បានជម្រាបប្រាប់មកវិញ គាត់អត់បានដឹងឮអ្វីទាំងអស់ ហើយក៏អត់គាំទ្រសកម្មភាពហ្នឹងដែរ»។
ការអះអាងរបស់មេធាវីរបស់ លោក កឹម សុខា បានធ្វើឡើង បន្ទាប់ពីសមាជិក អតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសទំនងជាក្រុមរបស់ លោក សម រង្ស៉ី បានប្រកាសថា ពួកគេនឹងរៀបចំសន្និសីទធំមួយ នាថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក។ ជាមួយគ្នានេះពួកគេក៏រៀបចំវេទិកាសាធារណៈមួយទៀត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក សម រង្ស៊ី។
ក្រោយមានការប្រកាសជំហររបស់ លោក កឹម សុខា មិនគាំទ្រដល់សកម្មភាពទាំងនេះ បក្ខពួករបស់ លោក សម រង្ស៉ី បានចោទប្រកាន់មេធាវីរបស់ លោក កឹម សុខា ថាអះអាងមិនត្រឹមត្រូវ ហើយមិនមែនជាជំហររបស់ លោក កឹម សុខា។
លោក ចាន់ ចេន មិនបកស្រាយចំពោះការរិះគន់នេះទេ។ លោកអះអាងថា អ្វីដែលលោកលើកឡើង គឺជាជាសម្តីពិតប្រាកដរបស់កូនក្តីរបស់លោក ហើយក្នុងនាមជាមេធាវី លោកតែងធ្វើតាមវិជ្ជាជីវៈ និងគោរពតាមឆន្ទៈរបស់កូនក្តីជានិច្ច។
ពាក់ព័ន្ធនឹងករណីនេះ លោក មុត ចន្ថា ដែលជាអតីតមនុស្សជំនិតរបស់ លោក កឹម សុខា បានជំរុញតាមរយៈបណ្តាញសង្គម Facebook ឱ្យថ្នាក់ដឹកនាំ និងសមាជិក អតីតគណបក្សសង្រ្គោះជាតិទាំងឡាយដែលមិនយល់ច្បាស់អំពីជំហររបស់ លោក កឹម សុខា អាចសួរនាំមេធាវីទាំង៤នាក់របស់លោកបាន។ មេធាវីទាំងនោះមានដូចជា លោកស្រី ម៉េង សុភារី, លោក ផែង ហេង, លោក ចាន់ ចេន និងលោក ផាន់ ចន្ទស័ក្តិ ជាដើម៕