(ចិន)៖ គ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសចិន បានបើកសេវាកម្មហិរញ្ញវត្ថុថ្មីៗ ដែលផ្អែកលើធានារ៉ាប់រងឥណទានខ្នាតតូច ដើម្បីជួយឲ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតតូច និងមធ្យម អាចទទួលបានប្រាក់កម្ចីខ្នាតតូច បានកាន់តែងាយស្រួល និងដើម្បីជួយឲ្យក្រុមហ៊ុនទាំងនោះ អាចពង្រីកអាជីវកម្មរបស់ពួកគេបាន ដោយចំណាយប្រាក់កាន់តែតិចជាងមុន។
ក្រោយពីបានដាក់ពាក្យស្នើសុំប្រាក់កម្ចីរួច ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតតូច និងមធ្យមទាំងនោះ ត្រូវរង់ចាំត្រឹមតែ១ខែប៉ុណ្ណោះ ដើម្បីទទួលបានប្រាក់កម្ចី។ ចំណែកឯកម្រៃសេវាខ្ចីប្រាក់វិញ ក៏មានកម្រិតទាបជាង៤ភាគរយដែរ ពោល គឺទាបជាងឆ្ងាយណាស់ បើប្រៀបធៀបទៅនឹងកម្រៃសេវាសម្រាប់ខ្ចីប្រាក់ធម្មតា។
លោក លី យី បានបើកក្រុមហ៊ុនបច្ចេកវិទ្យាទំនើបឯកជនមួយ សម្រាប់លក់ផលិតផលកសិកម្ម។ ប៉ុន្តែក្រុមហ៊ុនរបស់គាត់ ពិបាកខ្ចីប្រាក់ពីធនាគារណាស់ ដោយសារតែក្រុមហ៊ុននេះ មិនមានទ្រព្យតម្កល់គ្រប់គ្រាន់សម្រាប់ឲ្យធនាគារផ្ដល់ប្រាក់កម្ចីឲ្យ។
លោក លី យី ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាទំនើបលក់ផលិតផលកសិកម្ម និយាយថា «នៅពេលដែលយើងរកស៊ីនៅទីក្រុង ស៊ីអាន ខ្ញុំបានដាក់អាផាតមិនរបស់ខ្ញុំ របស់ឪពុកម្ដាយខ្ញុំ និងរបស់ឪពុកម្ដាយក្មេករបស់ខ្ញុំ ជាទ្រព្យតម្កល់នៅធនាគារ។ ទាល់តែធ្វើបែបនេះ ទើបយើងមានលទ្ធភាពបង្កើតផលិតផលរបស់យើងបាន។ ប៉ុន្តែ យើងនៅតែខ្វះប្រាក់ដដែល។ ហើយកាលណោះ យើងមានប្រាក់ត្រឹមតែពីរបីពាន់ដុល្លារប៉ុណ្ណោះ សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិក។ កាលណោះ យើងមានបុគ្គលិកប្រហែល១០០នាក់។ ប៉ុន្តែដោយហេតុថាយើងខ្វះប្រាក់ យើងក៏កាត់បន្ថយបុគ្គលិក ឲ្យមកសល់ត្រឹមតែ៥០នាក់វិញ»។
សេវាប្រាក់កម្ចីមួយ ដែលផ្តល់ជូនដោយធនាគារអភិវឌ្ឍន៍ភូតុងសៀងហៃ និងក្រុមហ៊ុនធានារ៉ាប់រងប្រជាជនចិន បានធ្វើឲ្យក្រុមហ៊ុនកសិកម្មរបស់លោក យី មានឱកាសបន្តដំណើរឆ្ពោះទៅមុខកាន់តែឆ្ងាយ។
លោក លី យី និយាយទៀតថា «ប្រាក់កម្ចីចំនួន៧សែន២ម៉ឺនដុល្លារអាមេរិក ដែលយើងបានខ្ចីពីធនាគារអភិវឌ្ឍន៍ភូតុងសៀងហៃ គឺបានជួយដោះស្រាយបញ្ហារបស់យើង បានទាន់ពេលវេលាល្អណាស់។ ក្រោយមកទៀត យើងក៏ទទួលបានប្រាក់កម្ចីចំនួន៧សែន២ម៉ឺនដុល្លារអាមេរិកម្ដងទៀត។ អីចឹងសរុបទៅ គឺយើងបានខ្ចីចំនួន ១លាន៤សែន៤ម៉ឺនដុល្លារអាមេរិក។ ថវិកានេះ បានជួយឲ្យយើងអាចផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីរបស់យើង បានយ៉ាងជោគជ័យ ហើយអាចលក់ផលិផលកសិកម្ម ដ៏មានគុណភាពរបស់យើងបាន»។
អ្នកនាង មឹង ឈីងហួរ អនុប្រធានគ្រប់គ្រង ធនាគារអភិវឌ្ឍន៍ភូតុងសៀងហៃ សាខាទីក្រុងសិនជិន និយាយថា «តាមរយៈការប្រើមធ្យោបាយធានារ៉ាប់រង យើងបានបង្កើតប្រព័ន្ធការពារហានិភ័យមួយ។ សព្វថ្ងៃនេះ យើងមានក្រុមហ៊ុនកាន់តែច្រើនកន្លែង ដែលមកដាក់ពាក្យខ្ចីប្រាក់ពីធនាគាររបស់យើង។ ដូច្នេះ ប្រព័ន្ធការពារហានិភ័យនេះ នឹងមានថវិកាសម្រាប់ធានារ៉ាប់រង កាន់តែច្រើនជាងមុនទៅទៀត។ ក្រោយមកទៀត ធនាគារនឹងមានតំបន់ការពារមួយ មុនពេលដែលវាឈានដល់ចំនុចបាតនៃគ្រោះថ្នាក់នោះ»៕ (សារព័ត៌មាន CCTV របស់ចិន)