(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកាណាដា បានសម្រេចបន្តផ្តល់វគ្គបណ្តុះបណ្តាលជំនាញការពារព្រំដែន ដល់មន្រ្តីកម្ពុជាឡើងវិញ ក្រោយផ្អាកមួយរយៈ និងរំពឹងថាទំនាក់ទំនងរវាងកម្ពុជា និងប្រទេសកាណាដា កាន់តែរីកចម្រើនបន្ថែមទៀត ខណៈកម្ពុជាអះអាងថា កំពុងធ្វើអ្វីតាមលទ្ធិប្រជាធិបតេយ្យ និងធ្វើការបោះឆ្នោតដោយទៀតទាត់។
ក្នុងកិច្ចជំនួបជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨, អ្នកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា បានលើកឡើងថា ប្រទេសកាណាដារីករាយ ក្នុងការជួយផ្តល់វគ្គបណ្តុះបណ្តាលជំនាញការពារព្រំដែន ដល់កម្ពុជាឡើងវិញ បន្ទាប់ពីមូលនិធិដែលបានជួយលើវិស័យនេះ ត្រូវបានផ្អាកមួយរយៈនោះ។
ទាក់ទងនឹងការលើកឡើងរបស់អ្នកស្រី Donica Pottie, សម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងការស្វាគមន៍ចំពោះប្រទេសកាណាដា ដែលបានសម្រេចបន្ត ផ្តល់ជំនួយផ្នែកនេះ ឡើងវិញដល់កម្ពុជា ហើយសម្តេចបានប្រាប់ដល់អ្នកស្រី Donica Pottie ថាលទ្ធិប្រជាធិបតេយ្យកម្ពុជា គ្មានការប្រែប្រួលនោះទេ កម្ពុជាកំពុងអនុវត្តអ្វីគ្រប់យ៉ាង គឺស្របតាមរដ្ឋធម្មនុញ្ញ ដោយរៀបចំការបោះឆ្នោតជាទៀងទាត់ផងដែរ។
សម្តេចក្រឡាហោម ស ខេង បានប្រាប់ដល់អ្នកស្រីឯកអគ្គរដ្ឋទូតបន្ថែមថា ពលរដ្ឋកម្ពុជាបានទៅបោះឆ្នោតកាលពីខែកក្តដា ឆ្នាំ២០១៨កន្លងទៅនេះ យ៉ាងច្រើនដែលនេះ សបញ្ជាក់ឲ្យឃើញ យ៉ាងច្បាស់ថាពលរដ្ឋលើសលុប បានប្រើប្រាស់សិទ្ធិរបស់ពួកគាត់តាមច្បាប់កំណត់ និងតាមលទ្ធិប្រជាធិបតេយ្យ ពិតប្រាដកនោះ។
ដោយឡែកសម្រាប់អង្គការសង្គមស៊ីវិលវិញ សម្តេចក្រឡាហោម ស ខេង បានប្រាប់ដល់អ្នកស្រី Donica Pottie ថារាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល ជាមួយសមាគម និងអង្គការក្រៅរដ្ឋាភិបាល ពិសេសការបង្កើតក្រុមការងារពិគ្រោះយោបល់ និងការមិនតម្រូវឲ្យជូនដំណឹងមកអាជ្ញាធរ មុនពេលធ្វើសកម្មភាពជាដើម៕