(ឌុយបៃ)៖ ពន្លាជាតិនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការ នៅមុនដំណាច់ឆ្នាំ២០១៩។ នេះបើតាមការអះអាងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងសម្រាប់ការចូលរួមរបស់កម្ពុជា នៅក្នុងពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក។
នៅក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមត្រួតពិនិត្យសកម្មភាពសាងសង់ នៅការដ្ឋានពិព័រណ៍ពិភពលោក កាលពីរសៀលថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជានឹងសាងសង់ពន្លាជាតិចំនួនពីរជាន់ ដែលមានលក្ខណៈនវានុវត្តន៍ (គំនិតច្នៃប្រឌិតថ្មី) តាមរចនាបទខ្មែរ ដើម្បីបង្ហាញសក្តានុពលវិស័យទេសចរណ៍ និងវប្បធម៌ខ្មែរ ទៅដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ សំដៅឆ្លើយតបប្រធានបទពិព័រណ៍ពិភពលោកឌុយបៃ «Connecting Minds, Creating the Future»។
តាមរដ្ឋមន្ត្រីបានបន្តទៀតថា តាមរយៈការសម្របសម្រួលរបស់សហភាពអារ៉ាប់រួម កម្ពុជាទទួលបានផ្ទៃដីជាង ៤០០ម៉ែត្រការ៉េ ដែលមានទីតាំងលេខ SA03-A ស្ថិតក្នុងសង្កាត់ “Sustainability” នៃទីក្រុងឌុយបៃ ដើម្បីសាងសង់ពន្លាជាតិ ហើយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលជាសេនាធិការរបស់ក្រសួង ក៏បានចុះកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលសហភាពអារ៉ាប់រួម ដើម្បីទទួលយកទីតាំង និងទំហំពន្លាជាតិ រួចរាល់អស់ហើយ គឺនៅរង់ចាំតែ ថ្ងៃបើកការដ្ឋានសាងសង់ផ្លូវការប៉ុណ្ណោះ។
«កាលពីខែតុលា គណៈកម្មការរៀបចំពិព័រណ៍ បានឯកភាពលើខ្លឹមសារ Theme Statement របស់កម្ពុជា ដូច្នេះយើងឈានមកដល់ដំណាក់ការឌីហ្សាញពន្លាជាតិ។ ឥឡូវនេះមន្ត្រីរបស់យើង កំពុងធ្វើការជាមួយមន្ត្រីសហភាពអារ៉ាប់រួម ដើម្បីធ្វើឱ្យឯកសារឌីហ្សាញ បញ្ចប់ត្រឹមពាក់កណ្តាលឆ្នាំ២០១៩ ដើម្បីដាក់ឆ្លងគណៈកម្មាការពិព័រណ៍ឌុយបៃ ធ្វើការត្រួតពិនិត្យ និងសម្រេច»។ លោករដ្ឋមន្រ្តី បានបន្ថែម។
យោងតាមសេចក្តីប្រកាសព័ត៌មានចេញពីកិច្ចប្រជុំ «International Participants Meeting (IPM)» លើកទី៣ បានឱ្យដឹងថា បច្ចុប្បន្នមានប្រទេសចំនួន១៩០ បានបញ្ជាក់ពីការចូលរួម នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឌុយបៃ ឆ្នាំ២០២០ ដែលនឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ ក្រៅពីកម្ពុជា មានប្រទេសចំនួន២៥ទៀត ក៏បានចុះកិច្ចព្រមព្រៀងទទួលយកទីតាំង និងទំហំពន្លាជាតិដែរ ដូចជា បង់ក្លាដេស, ឥណ្ឌូនេស៊ី, សិង្ហបុរី, ជប៉ុន, ហៃទី, ប៉ាលេស្ទីន, ប៉ូឡូញ, សែប៊ី, ចាំម៉ៃកា, ដូមីនីកា, ម៉ូរ៉ុកកូ, សាធារណរដ្ឋដូមីនីកាំង, បាបាដូស, បែលលីហ្សេ, ឌ្យីប៊ូទី, ហ្គាបុន, ម៉ាល់តា, ម៉ូរីតាន់នៀ, ម៉ុលដូវ៉ា, ណាំមីបៀ, សាមូអា, ហ្គីនៀប៊ីសូ, ហ្គាយអាណា, ស៊ូរីណាមី, ដូអង់ទីហ្គ័រ និងបាប៊ូដា៕