(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី​ ជា​ សុផារ៉ា ​រដ្ឋមន្ដ្រី​ក្រសួងដែនដី​ នគរូបនីយកម្ម​ និងសំណង់ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ក្រុមហ៊ុនមកពីក្រៅប្រទេស សូមពិនិត្យមើលលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅទីផ្សារ ឬធ្វើជាដៃគូអភិវឌ្ឍន៍នៅកម្ពុជា ដែលជាទីផ្សារប្រកបដោយសក្ដានុពល។

ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី​ ជា​ សុផារ៉ា អញ្ជើញចូលរួមជាអធិបតីភាព​ ក្នុងមហាសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំលើកទី៧ និងសម្ពោធការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា ២០១៨​ របស់សមាគមអ្នកសាងសង់កម្ពុជា​ ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​។

ឧបនាយករដ្ឋមន្ដ្រី​ ជា​ សុផារ៉ា បានថ្លែងថា កម្មវិធីថ្ងៃនេះ ជាពេលវេលាសម្រាប់ផ្ដល់ឱកាសឲ្យសហគ្រាសក្រុមហ៊ុន ដែលជាសមាជិកសមាគម និងក្រុមហ៊ុនជាតិ និងអន្ដរជាតិជាច្រើនផ្សេងទៀតបានជួបជុំគ្នា ដើម្បីផ្ដល់ប្ដូរយោបល់ និងចែករំលែកបទពិសោធន៍ និងចំណេះដឹងទៅវិញទៅមក។

លោកបន្ដថា ជាពិសេសទទួលបានព័ត៌មានអំពីសកម្មភាព និងសមិទ្ធផលនានា ដែលសមាគមសម្រេចបាន ព្រមទាំងផ្ដល់ឱកាសដល់អតិថិជន ដែលបានចូលរួមទស្សនាមានអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគលើវិស័យអចលនវត្ថុ អ្នកសាងសង់ និងអ្នកលក់សម្ភារ បានជួបពិភាក្សាគ្នាដោយផ្ទាល់អំពីតម្រូវការ និងអ្នកផ្គត់ផ្គង់ -ល-។

ឧបនាយករដ្ឋមន្ដ្រី​ ជា​ សុផារ៉ា បានបញ្ជាក់ផងដែរថា « ខ្ញុំសង្ឃឹមថា ធុរជនរបស់យើងទាំងអ្នកនៅក្នុងប្រទេស និងមកពីក្រៅប្រទេស នឹងឆ្លៀតយកកាលានុវត្ដភាពនេះ (ពិព័រណ៍) ដើម្បីកសាងទំនាក់ទំនង ភាពជាដៃគូរជាមួយគ្នា»។

ជាមួយគ្នានោះ ក្រសួងរៀបចំដែនដី​ ក៏សូមលើកទឹកចិត្ដដល់អ្នកប្រកបអាជីព និងធុរជនក្នុងវិស័យឧស្សាហកម្ម សំណង់ទាំងអស់​ ដែលរួមមាន៖ ស្ថាបត្យករ វិស្វករ អ្នកប្រឹក្សាយោបល់ អ្នកគ្រប់គ្រងសំណង់ អ្នកសាងសង់ និងអ្នកអភិវឌ្ឍអចលនទ្រព្យ សុំឲ្យចូលរួមគោរពច្បាប់ និងបទប្បញ្ញត្ដិពាក់ព័ន្ធវិស័យសំណង់ ឲ្យបានត្រឹមត្រូវ ដើម្បីធានានូវសុវត្ថិភាព និងគុណភាពសំណង់នៅកម្ពុជាដូចជា៖

* ត្រូវមានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន មុនពេលធ្វើការសាងសង់ និងត្រូវអនុវត្ដតាមប្លង់បច្ចេកទេសដែលបានអនុញ្ញាត និងបទប្បញ្ញត្ដិបច្ចេកទេសផ្សេងៗ ឲ្យបានត្រឹមត្រូវ។

* ក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងសិក្សាគម្រោងប្លង់ រួមទាំងក្រុមជាងសំណង់ទាំងអស់ ត្រូវមកស្នើសុំចុះបញ្ជីជាអ្នកប្រកបអាជីវកម្មស្របតាមច្បាប់ជាធរមាន។

* ត្រូវរៀបចំការដ្ឋានសាងសង់ឲ្យមានសណ្ដាប់ធ្នាប់ និងអនាម័យជាប្រចាំ និងការដ្ឋានសំណង់ទាំងអស់ពុំត្រូវដឹកបេតុង ដី និងសម្ភារសំណង់ធ្វើឲ្យជ្រុះ តាមដងផ្លូវសាធារណៈឡើយ។

* ការដ្ឋានសំណង់ទាំងអស់ត្រូវមានបំពាក់សម្ភារ និងឧបករណ៍សម្រាប់ការពារសុវត្ថិភាព និងសុខភាពជូនកម្មករទាំងអស់ ដែលធ្វើការក្នុងការដ្ឋាន -ល-។

នៅក្នុងនោះផងដែរ ការតាំងពិរព័រណ៌ បូកសរុបការងារ ប្រចាំឆ្នាំលើកទី៧ នេះ ក៏មានស្ដង់ជាច្រើន ដែលបានដាក់បង្ហាញពីវិស័យសាងសង់ គ្រឿងបរិក្ខារសំណង់ សម្ភារៈគ្រឿងសង្ហារឹម គេហដ្ឋាន ដ៏ទំនើបៗ ជាច្រើន សម្រាប់ដាក់បង្ហាញឲ្យមហាជន ចូលទស្សនា ក៏ដូចជាបង្ហាញសក្ដានុពលនៃការនាំចូលផលិតផលគ្រឿងសំណង់ពីបរទេស។ អ្នកតំណាងផ្នែកទីផ្សារមកពីក្រុមហ៊ុនលីឃី ហ៊ួត ដែលជាផ្គត់ផ្គង់សម្ភារៈសំណង់ ក្នុងស្រុក បានប្រាប់ថា កំណើននៃតម្រូវការសម្ភារៈសំណង់ មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែ​មាន​ក្រុមហ៊ុន​វិនិយោគ​ពី​ក្រៅ​ប្រទេស ​ដែល​បាន​និង​កំពុង​សាងសង់​គម្រោង​អគារ​ធំ​ៗ​ជាច្រើន​នៅ​កម្ពុជា ហើយវិស័យសាងសង់ ក៏មានការអភិវឌ្ឃន៍ ផងដែរ។

សូមបញ្ជាក់ថា ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ២០១៨​នេះ មានរយៈពេល៣ថ្ងៃ​ ពោលចាប់ពីថ្ងៃនេះ​ រហូតដល់ថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០១៨​ និងមានការចូលរួមដាក់តាំងផលិតផលផ្សេងៗ សរុប១៨៦ក្រុមហ៊ុន​ ដែលក្នុងនោះ មាន​ស្ដង់ប្រមាណ៣១០ស្ដង់​ និងផលិតផលប្រមាណជាង៦០០ប្រភេទ​ ដោយខ្លះជាផលិតផលក្នុងស្រុក​ និងមានខ្លះជាផលិតផល​ នាំចូលពីបណ្ដាលប្រទេសជាច្រើនលើពិភពលោក៕

n