(នេប៉ាល់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិទ្រីប៊ូវ៉ាន់ ក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់ប្រកបដោយសុវត្តិភាពកាលពីវេលាម៉ោង ១១៖២៥នាទីម៉ោងនៅក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់ ត្រូវនឹងម៉ោង ១២៖៤០នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោងនៅរាជធានីភ្នំពេញ។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីលោក អ៊ីសវ៉ា ប៉ូក្រែល (Ishwar Pokhrel) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនេប៉ាល់ លោក Khaga Nath Adhikari ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ប្រចាំនៅកម្ពុជា លោក អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់កម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា ព្រមទាំងវត្តមានលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលនេប៉ាល់ និងឥស្សរជនការទូតរបស់ព្រះរាជាណា ចក្រកម្ពុជាជាច្រើនរូប។
សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក រយៈពេល៤ថ្ងៃ ពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចន្តា សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក សួស យ៉ារ៉ា សមាជិកសភា និងជាអនុប្រធានគណៈទាក់ទងការបរទេស របស់គណបក្សប្រជាជនកម្ពុជា លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ឆែ សុខទី សមាជិកក្រុមស្រាវជ្រាវ នៃគណៈទាក់ទងការបរទេស ព្រមទាំងលោក លោកស្រី ជាឥស្សរជនអមដំណើរជាច្រើនរូបទៀត។
នៅក្នុងវត្តមាននៃការអញ្ជើញដល់នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពី លោក អ៊ីសវ៉ា ប៉ូក្រែល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនេប៉ាល់ បានអញ្ជើញឡើងវេទិកាកិត្តិយស ក្នុងការគោរពភ្លេងជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និងនេប៉ាល់ ដើម្បីជានិម្មិតរូបនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅប្រទេសនេប៉ាល់។
សូមបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៦៤ ប៉ុន្តែរហូតមកដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៩ ប្រទេសទាំងទាំងពីរបានភ្ជាប់ទំនាក់ទំនងជាថ្មីឡើងវិញ បន្ទាប់ពីការអាក់ខានមួយរយៈពេល។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ទីក្រុងកដ្ឋមន្ធូ ប្រទេសនេប៉ាល់ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់លោក ខាន់ហ្កា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ទៅកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១០ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមមហាសន្និបាតលើកទី៦ នៃសន្និបាតអន្តរជាតិ របស់គណបក្សនយោបាយតំបន់អាស៊ី នៅរាជធានីភ្នំពេញ៕