(ភ្នំពេញ)៖ តាមរយៈព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ដ្រ» បានធ្វើឲ្យយុវជនខ្មែរនាពេលបច្ចុប្បន្ន ស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះការលះបង់គ្រប់បែបយ៉ាង សូម្បីតែអាយុជីវិតរបស់យុវជនជំនាន់មុន ដើម្បីឈានទៅរំដោះប្រទេសជាតិ ចេញពីរបបដ៏ឃោរឃៅយង់ឃ្នងកាប់សម្លាប់គ្មានត្រាប្រណៃ នៃរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ រហូតទទួលបានសុខសន្ដិភាព និងការអភិវឌ្ឍរីកចម្រើន ដូចពេលសព្វថ្ងៃនេះ។
ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការគាស់រំលើងវីរៈភាពរបស់យុវជនជំនាន់មុន ជូនដល់យុវជននាសម័យបច្ចុប្បន្ននោះ បានចេញដំណើរពីរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីយុវជនសរុបប្រមាណ ៧០០នាក់។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន លោក ហ៊ុន ម៉ានី បានលើកឡើងថា ព្រឹត្តិការណ៍នេះជាការចូលរួមរំលឹកដល់ស្មារតី២ធ្នូ ប៉ុន្ដែលើសពីនេះ គឺចង់ឲ្យឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងតស៊ូ ការលះបង់ ដែលសម្រេចបាននូវការរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ខណៈដែលកូនខ្មែរជាច្រើនបានដឹង និងបានឮពីប្រវត្តិសាស្ដ្រដ៏ជូរជត់មួយនេះ ចេញពីយុវជនមួយក្រុមកាលពីអតីតកាល ហើយនាំមកនូវការងើបឡើងវិញនូវជាតិខ្មែរទាំងមូល។
លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «ផ្អែកលើមូលដ្ឋានទាំងអស់នេះហើយ គឺយើងដឹងពីប្រវត្តិសាស្ដ្រ តែឥឡូវយើងចង់សាកល្បងដោយខ្លួនឯង [...]។ ប៉ុន្មានថ្ងៃមុន គឺសម្ដេចគាត់បានមានប្រសាសន៍ហើយ កាលគាត់ភៀសខ្លួនទៅវៀតណាមដើម្បីកសាងកម្លាំង ដើម្បីមករំដោះជាតិវិញ មិនមែនជាកត្ដាសាមញ្ញពេកទេ។ តើយើងអាចធ្វើបានទេប្រសិនបើយើងជាគាត់នៅជំនាន់នោះ»។
មិនខុសពីលោក ហ៊ុន ម៉ានី ប៉ុន្មាននោះដែរ យុវជនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ សុទ្ធតែបានអះអាងថា ពួកគាត់ពិតជាមានមោទនភាពយ៉ាងខ្លាំងនូវអ្វីដែលជាការលះបង់របស់យុវជនជំនាន់មុន ហើយព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» ពិតជាឆ្លុះបញ្ចាំងនូវទិដ្ឋភាពមួយផ្នែក ដែលយុវជនជំនាន់ក្រោយ ត្រូវហ៊ានឆ្លងកាត់ដើម្បីបានយល់នូវគុណតម្លៃទាំងអស់នោះ។
យុវជន ដារ៉ាពី ដែលជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា បើទោះបីព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» ដើម្បីឲ្យយុវជនក្រោយ បានស្វែងយល់ពីការលះបង់ ភាពអត់ធ្មត់ និងពលីកម្មដ៏ខ្ពស់របស់យុវជនជំនាន់មុន ប៉ុន្ដែព្រឹត្តិការណ៍ក៏នៅមិនទាន់អាចប្រៀបនូវអ្វី ដែលពួកគាត់បានលះបង់នោះទេ តែយុវជនក៏អាចទទួលដឹងលឺថា ប្រវត្តិសាស្ដ្រពិតជាមានការពិបាក និងជូរចត់។
«កាលដែរយុវជនបានចូលរួមនៅថ្ងៃនេះ គឺធ្វើឲ្យពួកយើងបានយល់ ដែលមិនមែនគ្រាន់តែជាការរៀននៅលើសៀវភៅ មិនមែនជាការដឹងពីការរៀបរាប់ របស់ឪពុកម្ដាយ ប៉ុន្ដែជាការស្គាល់ដោយខ្លួនឯងតែម្ដងនូវការលំបាក តើពេលងងឹត ភាពភ័យខ្លាច ត្រូវតែជម្នះយ៉ាងដូចម្ដេច [...]។ វាពិតជាមានសារសំខាន់ខ្លាំងណាស់ នៅពេលដែលអ្នកទាំងអស់គ្នាជួបប្រទះស្ថានភាពដូចពួកគាត់ ទើបអ្នកទាំងអស់គ្នានឹងយល់»។ នេះជាអ្វីដែលយុវជន ដារ៉ាពី បានគូសបញ្ជាក់។
លោក ចាន់ វឌ្ឍនាការ ដែលជាកីឡាករបាល់ទាត់ដ៏ល្បីមួយរូបរបស់កម្ពុជា ក៏បានចូលរួមក្នុងព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» នេះផងដែរ។ លោក វឌ្ឍានការ បានបង្ហាញនូវក្ដីសប្បាយរីករាយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ខណៈនេះជាអ្វីដែលយុវជនជំនាន់ក្រោយ គួរតែយល់អំពីការលះបង់ របស់យុវជនជំនាន់មុន ដែលហ៊ានលះបង់សព្វបែបយ៉ាង សូម្បីតែជីវិត របស់ខ្លួន។
កីឡាករដ៏ឆ្នើមរូបនេះ បានអះអាងយ៉ាងដូច្នេះថា «សម្រាប់ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ដែលបានចូលរួមក្នុងកម្មវិធីនេះ ហើយខ្ញុំគិតថា ពួកយើងក៏គួរតែយល់ពីគាត់ ដែលគាត់ហ៊ានលះបង់ស្ទើរតែជីវិតរបស់គាត់ ដើម្បីពលីជូនជាតិ។ សម្រាប់ខ្ញុំ ខ្ញុំចង់ឲ្យពួកគាត់មើលឃើញ ពីការលះបង់របស់ពួកគាត់ ដើម្បីជាកម្លាំងចិត្ត»។
ជាមួយគ្នានេះ តារាសម្ដែងមួយរូបដែលកំពុងមានប្រជាប្រិយភាព លោក ណាខុន ក្នុងនាមជាកូនខ្មែរជំនាន់ក្រោយមួយរូប បានយល់ឃើញថា ព្រឹត្ដិការណ៍នេះពិតជាអស្ចារ្យណាស់ ដើម្បីឲ្យលោកបានយល់ច្បាស់ថា តើទិដ្ឋភាពពេលនោះវាមានការលំបាកយ៉ាងណា? ដូច្នេះហើយបានជាលោកស្ម័គ្រចិត្តចូលរួមដើរ ៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រនេះ។
«យុវជនជំនាន់ក្រោយគួរតែថែរក្សា ព្រោះបងបងមុនៗពួកគាត់ពិតជាលះបង់ទាំងអស់គ្នា គាត់មានការលះបង់ខ្លាំងមែនទែន ហើយគាត់ក៏សន្សល់នូវកេរ្ដិ៍តំណែលជាច្រើន ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ ហើយយើងជាកូនខ្មែរជំនាន់ក្រោយមួយរូប។ អ៊ីចឹងម្នាក់ៗយើងត្រូវតែសាមគ្គីគ្នា ដើម្បីថែរក្សាប្រវត្តិសាស្ដ្រខ្មែររបស់យើង»។ នេះជាអ្វីដែលតារាសម្ដែង ណាខុន បានលើកឡើង។
យុវតីកំពុងសិក្សានៅសាកលវិទ្យាវេសស្ទើន ដែលកំពុងត្រៀមលក្ខណៈឡើងរថយន្ដឆ្ពោះទៅកាន់ទីតាំងប្រារព្ធពិធី បានលើកឡើងស្រដៀងគ្នាថា ព្រឹត្តិការណ៍នេះ គឺពិតជាល្អសម្រាប់យុវជនជំនាន់ក្រោយ ឲ្យបានដឹងអំពីប្រវត្តិសាស្ដ្រកាន់តែច្រើនជាងមុន ហើយយល់ថា ការលះបង់របស់យុវជនជំនាន់មុន គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយយុវជនត្រូវតែរក្សាឲ្យបានទាំងអស់គ្នា។
យុវតីរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «សម្រាប់ខ្ញុំ ខ្ញុំគិតថាមានសារសំខាន់ ព្រោះថាយើងគ្រប់គ្នាគួរតែស្វែងយល់ពីប្រវត្តិសាស្ដ្រឲ្យបានច្រើន ហើយគួរតែរៀនស្គាល់ពីអ្វីដែលមនុស្សជំនាន់មុន គាត់ហ៊ានលះបង់ ដោយយើងគ្រាន់តែដើរធម្មតា។ ប៉ុន្ដែគាត់លក្ខណៈថាធ្វើសង្គ្រាមផង ចំណែកយើងគ្រាន់តែដើរទៅធម្មតា អត់មានត្រូវហត់អីបន្ថែមទៀតទេ»។
សូមជម្រាបថា ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» មានគោលបំណងផ្តល់ជាវេទិកាដល់យុវជន ឲ្យចេះរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង រួមជាមួយការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរថ្មើរជើងរួមគ្នានៅលើគន្លងផ្លូវដែលមានចម្ងាយ៤០គីឡូម៉ែត្រ។
មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីបង្កើតបរិយាកាសស្និតស្នាល និងប្រកបដោយភារតភាព ដែលក្នុងនោះយុវជនទាំងអស់ត្រូវបានលើកទឹកចិត្តអោយមានសកម្មភាពកសាងក្រុម (Team Building) ការដើររួមគ្នា ច្រៀងចម្រៀងរួមគ្នា ការចំអិនអាហាររួមគ្នា ការបោះជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការបញ្ចេញសមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន ក៏ដូចជាការច្រៀង រាំកម្សាន្តផ្សេងៗ។
ដើម្បីធានាបាននូវការប្រព្រឹត្តទៅដោយរលូននៃព្រឹត្តិការណ៍ អ្នកចូលរួមទាំងអស់នឹងត្រូវបានបែងចែកជាក្រុម ហើយត្រូវធ្វើដំណើរនៅលើដងផ្លូវមួយដែលមានចម្ងាយ ៤០គីឡូម៉ែត្រ (សម្រាប់បុរស) និង ២០ ឬ ៤០គីឡូម៉ែត្រសម្រាប់នារី។ តាមការកំណត់ ដំណើរនេះត្រូវចំណាយអស់ថិរវេលាប្រមាណ ២ថ្ងៃ ១យប់ និងមួយថ្ងៃទៀត សម្រាប់ការបោះជំរំនៅទីតាំងវិមានអនុស្សាវរីយ៍២ធ្នូ៕