(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះលោក ផែង ហេង មេធាវីមួយរូបក្នុងចំណោមសហមេធាវីទាំង៤រូបរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងបដិសេធព័ត៌មាន ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅពេលមុនមុនពេលចាកចេញពីកម្ពុជាឯកអគ្គរដ្ឋទូតអាមេរិកលោក William Heidt មិនបានជួបលោក កឹម សុខា នោះទេ។
ការចេញមកថ្លែងបដិសេធរបស់សហមេធាវីការពារក្តីរបស់លោក កឹម សុខា ខាងលើនេះធ្វើឡើង បន្ទាប់ពីមានបណ្តាញទំនាក់ទំនង Facebook មួយចំនួនបានសរសេរថា «ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ ចូលជួបលោក កឹម សុខា មុនចាកចេញពីកម្ពុជា។ នៅវិនាទីចុងក្រោយ មុនបព្ចាប់អាណត្តិនៅកម្ពុជា លោកទូតអាមេរិក បានលាតត្រដាងបេះដូងពិត កោតសរសើរលោកប្រធាន កឹម សុខា ដែលបង្ហាញការពិតដូច្នេះ ហាក់ដូចជាផ្តល់កិត្តិយសខ្លាំងដល់អ្នកសង្រ្គោះជាតិនិយម»។
សហមេធាវីការពារសិទ្ធិជូនលោក កឹម សុខា បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមបញ្ជាក់ថា លោក កឹម សុខា មិនបានជួបជាមួយលោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ ដូចការចុះផ្សាយនោះទេ»។
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ចប់មុខតំណែងជាឯកអគ្គរដ្ឋទូត ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨តទៅ នេះបើយោងតាម Facebook ផ្លូវការរបស់ស្ថានទូតអាមេរិក បានចុះផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨៕