(សៀមរាប)៖ លោកស្រី អូដ្រេ អាហ្សូឡាយ (Audrey Azoulay) អគ្គនាយិកាអង្គការយូណេស្កូ បានអះអាងថា ក្នុងនាមជាសហប្រធាន ប្រទេសបារាំង និងប្រទេសជប៉ុន បានប្តេជ្ញាចិត្តបន្តចួលរួមថែរក្សាការពារប្រាង្គប្រាសាទអង្គរវត្ត ហើយនឹងចូលរួមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលនឹងកើតមានដើម្បីរក្សាប្រាង្គប្រាសាទនេះ សម្រាប់ជំនាន់ក្រោយ។
ការអះអាងរបស់លោកស្រី អូដ្រេ អាហ្សូឡាយ បានធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកស្រីបានជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មុនពេលដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើត ICC-Angkor។
លោកស្រី បានអះអាងយ៉ាងដូច្នេះ៖ «ក្នុងន័យនេះលោកស្រី រួមទាំងសហប្រធាន មានប្រទេសបារាំង និងជប៉ុន បានប្តេជ្ញាចិត្តបន្តជួយថែរក្សាការពារ បេតិកភណ្ឌពិភពលោកអង្គរវត្ត ហើយនឹងចូលរួមដោះស្រាយរាល់ បញ្ហាទាំងឡាយដែលជាបញ្ហាប្រឈម ដែលនឹងកើតមានដើម្បីធ្វើយ៉ាងណារក្សាប្រាង្គប្រាសាទនេះ សម្បតិ្តបេតិកភ័ណ្ឌពិភពលោកនេះ សម្រាប់ជំនាន់ក្រោយតៗទៅទៀត»។
ជាមួយគ្នានេះដែរ លោកស្រី អូដ្រេ អាហ្សូឡាយ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរអប្សរា ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងពេញទំហឹងក្នុងការការពារ និងបានអភិរក្សបេតិកភណ្ឌពិភពលោកនេះ។ ការចូលរួមអបអរសាទរខួបទី២៥ឆ្នាំ នៃការបង្កើត អាយស៊ីស៊ី គឺជាការចូលរួមអបអរសាទរនៃជោគជ័យនៃគំរូ ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌពិភពលោកជាពិសេស ប្រាង្គប្រាសាទអង្គរវត្តរបស់កម្ពុជា ក្នុងរយៈពេល២៥ឆ្នាំ កន្លងមកនេះ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា នេះជាមោទនភាព ហើយគឺជាកិត្តិយសអង្គរ ត្រូវបានដាក់បញ្ជូល ជាទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោក និងបានសម្តែងនូវអំណរអរគុណជូនដល់ប្រទេសជប៉ុន ដែលបានផ្តួចផ្តើមគំនិត ក្នុងការដាក់ប្រាសាទអង្គរវត្តកម្ពុជា ឱ្យក្លាយទៅជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកផងដែរ។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណដល់សហប្រធាន ដែលបានចូលរួមអបអរសាទរខួបទី២៥ឆ្នាំ នៃការដាក់ប្រាសាទអង្គរវត្ត ជាទ្រព្យសម្បតិ្តបេតិកភណ្ឌ ពិភពលោកនេះ ហើយសម្តេចតេជោ ក៏បានលើកឡើងថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលមាននាយករដ្ឋមន្ត្រីមកបើកកម្មវិធីនេះ និងមានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបិទកម្មវិធីនេះផងដែរ។
សូមជម្រាបថា ពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ត្រូវបានបើកដំណើរការជាផ្លូវការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។
ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ ក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖
* ដើម្បីអបអរសាទរភាពជោគជ័យ ដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក
* ដើម្បីបង្ហាញមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ
* ដើម្បីសម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌
* ដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា
* ដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
* ដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ៕