(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ប្រទេសកម្ពុជា នៅតែប្ដូរផ្ដាច់គ្រប់បែបយ៉ាង ដើម្បីធ្វើការជាមួយដៃគូអន្ដរជាតិ ក្នុងការថែរក្សាប្រាង្គប្រាសាទនានា នៅក្នុងទូទាំងប្រទេស សម្រាប់ការពារជាសម្បត្តិបេតិកភណ្ឌរូបីយមនុស្សជាតិ នៅលើទឹកដីកម្ពុជា។
ការបញ្ជាក់យ៉ាងដូច្នេះ បានធ្វើក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាអូតែល ខេត្ដសៀមរាប នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា នឹងបន្ដជាមួយនិងដៃគូអន្ដរជាតិ ដោយមានការគាំទ្រពីដៃគូអន្ដរជាតិ នៅតែប្ដូរផ្ដាច់ដើម្បីការពារនៅបេតិកភណ្ឌ នៅលើទឹកដីរបស់ខ្លួន»។
សម្ដេចតេជោ បានបន្ថែមទៀតថា «ថ្ងៃនេះយើងក៏បានចាប់ផ្ដើមធ្វើការចុះហត្ថលេខាត្រីភាគី រវាងយូណេស្កូ ICAPP ជាមួយនឹង ICC ដែលចំណុចនេះក៏ជាចំណុចសំខាន់ជូនសារទៅបណ្ដាប្រជាជាតិ នៅក្នុងក្របខ័ណ្ឌអាស៊ីប៉ាស៊ីហ្វិករបស់យើង អំពីការធ្វើសុខដុមនីយកម្មលើបញ្ហាវប្បធម៌»។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏សង្ឃឹមផងដែរថា យើងនឹងបន្ដរួមដំណើរជាមួយគ្នា ដើម្បីជោគជ័យសម្រាប់ប្រទេសកម្ពុជា និងជោគជ័យនៅក្នុងក្របខណ្ឌតំបន់ និងអន្ដរជាតិ។
សូមជម្រាបថា ប្រាសាទអង្គរវត្ត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ និងប្រាសាទសំបូរព្រៃគុក ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨កក្កដា ឆ្នាំ២០១៧។ ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ៕