(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានប្រកាសជំហរថា លោកនឹងមិនចូលរួមបង្កើតគណបក្សនយោបាយថ្មីណាមួយ ជាមួយក្រុមអតីតគណបក្សសង្រ្គោះជាតិនោះទេ ទោះបីជាមាននីតិសម្បទាក្នុងការធ្វើនយោបាយឡើងវិញក៏ដោយ។ ប៉ុន្តែអតីតមនុស្សជំនិតជាន់ខ្ពស់របស់ លោក សម រង្ស៉ី រូបនេះអះអាងថា លោកស្ម័គ្រចិត្តនៅជាមួយគណបក្សឆន្ទៈខ្មែរ ដែលបង្កើតឡើងដោយកូនរបស់លោក។
លោក គង់ គាំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះយ៉ាងដូច្នេះថា៖ «ខ្ញុំនឹងមិនរួបរួមជាមួយអតីតគណបក្សសង្រ្គោះជាតិ គឺខ្ញុំក្លាយជាទីប្រឹក្សារបស់គណបក្សឆន្ទៈដែលមានកូនប្រុសខ្ញុំជាប្រធានហើយ»។
ការប្រកាសជំហររបស់លោក គង់ គាំ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល និងរដ្ឋសភា កំពុងសម្របសម្រួល និងធ្វើសេចក្តីស្នើច្បាប់ ដើម្បីបើកផ្លូវឱ្យបុគ្គលដែលត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយ ដែលទំនងជាសម្តៅទៅអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទាំង១១៨រូប ឱ្យធ្វើនយោបាយពេញលេញឡើងវិញ។ ក្នុងចំណោមអ្នកនយោបាយដែលជាប់បម្រាមទាំង១១៨នាក់នោះ ក៏មានលោក គង់ គាំ ផងដែរ។
នៅក្នុងបទសម្ភាសតាមទូរស័ព្ទ, លោក គង់ គាំ បានសម្តែងនូវការសប្បាយរីករាយ និងអបអរសាទរចំពោះការផ្តួចផ្តើមនិងផ្តល់មធ្យោបាយឱ្យរូបលោកក៏ដូចជា អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ មានសិទ្ធិធ្វើនយោបាយឡើងវិញ។ លោកបញ្ជាក់់ថា៖ «នេះជាការផ្តួចផ្តើម រកឃើញមធ្យោបាយ ដើម្បីឱ្យមានយុត្តិធម៌ អ្នកនយោបាយទាំងអស់គ្នាឡើងវិញ»។
ទោះជាយ៉ាងនេះក្តី ទន្ទឹមនឹងការប្រកាសជំហរមិនចូលរួមនយោបាយ និងបង្កើតគណបក្សនយោបាយថ្មីណាមួយ ជាមួយអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ លោក គង់ គាំ ក៏បានបញ្ជាក់អំពី មូលហេតុផងដែរ។ មូលហេតុនោះគឺដោយសារតែលោកខកចិត្តចំពោះការដឹកនាំរបស់ លោក សម រង្ស៉ី និង លោក កឹម សុខា ដែលចង់ផ្លាស់ប្តូររាជរដ្ឋាភិបាល ក្រៅការបោះឆ្នោត។
លោកបញ្ជាក់ថា «ខ្ញុំមានការខកចិត្តបន្តិចបន្តួចដែរ ជាមួយរបៀបរបបដឹកនាំរបស់លោកប្រធាន សម រង្ស៉ី គណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៣ ដែលទាមទារមិនទំនង ប្រកាសការជួបជុំ មិនសមហេតុផលទាមទារឱ្យ លោកនាយករដ្ឋមន្រ្តីចុះចេញពីតំណែង របៀបក្រៅការបោះឆ្នោតនោះ ដូច្នេះទាំងលោក កឹម សុខា ក៏ដោយខ្ញុំក៏មិនបានដឹងទេ ទាល់តែគាត់មានប្រសាសន៍ថា គាត់ទទួលការណែនាំ ឱ្យប្រើជម្រើសរបៀបនៅទុយនេស៊ី របៀបស៊ែបប៊ីអញ្ចឹងទៅ»។
សម្រាប់ លោក គង់ គាំ, គណបក្សឆន្ទៈខ្មែរ គឺជាគណបក្សដឹកនាំដោយយុវជន ហើយទទួលបានសំឡេងគាំទ្រច្រើនគួរសម ក្នុងការបោះឆ្នោតកន្លងទៅ ទាំងខ្លួនទើបបង្កើតឡើងថ្មីៗ។ លោកជឿជាក់ថា សក្តានុពលរបស់យុវជនកូនរបស់លោកពេលនេះ នឹងធ្វើឱ្យគណបក្សនេះ ពង្រីកខ្លួនកាន់តែធំនៅពេលខាងមុខ ដោយសារតែអ្នកនយោបាយជំនាន់នេះ កាន់តែមានវ័យចំណាស់ទៅហើយ៕