(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញសារលិខិតអបអរសាទរពិធីបុណ្យសមុទ្រឆ្នាំ២០១៨ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» ដោយអមពាក្យស្លោកថា «អេកូទេសចរណ៍សម្រាប់កំណើតបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង។ នេះបើយ៉ោងតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូនេះ។
បើតាមសារលិខិររបស់សម្ដេចដដែល បានរំលឹកផងដែរថា កាលពីឆ្នាំ២០១៧កន្លងទៅនេះ ក្រុមប្រឹក្សាពាណិជ្ជកម្ម និងទេសចរណ៍អ៊ឺរ៉ុប បានបោះឆ្នោតជ្រើសរើស រាជធានីភ្នំពេញជារាជធានីវប្បធម៌ និងទេសចរណ៍ពិភពលោក ហើយបន្ទាប់មកទៀតប្រាសាទអង្គរវត្តរបស់កម្ពុជាបន្តជាប់ ចំណាត់ថ្នាក់លេខ១ ដែលជាសំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុតលើពិភពលោក ឆ្នាំ២០១៨ផងដែរ៕