(សៀមរាប)៖ លោក អេនដ្រៀល ជហានេឡាន នាយកក្រុមហ៊ុន Pactics ដែលជាក្រុមហ៊ុនផលិតផលវាយនភ័ណ្ឌ ក្រណាត់ជូតវ៉ែនតា និងស្រោមវ៉ែនតាម៉ាក់ល្បីរបស់ប្រទេសហូឡង់ នៅខេត្តសៀមរាប បានបង្ហាញជំនឿជឿជាក់ថា កម្ពុជានឹងអាចរួចផុតពីការដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ពីសហគមន៍អឺរ៉ុប ដោយអ្វីៗអាចនឹងមករកភាពប្រក្រតី បើភាគីពាក់ព័ន្ធបានងាកមកជជែកគ្នាលើបញ្ហាមួយចំនួនតែប៉ុណ្ណោះ។
លោកនាយកក្រុមហ៊ុនហូឡង់រូបនេះ បានអះអាងថា បើសិនជាមានការដក EBA មាននោះ ក្រុមហ៊ុនរបស់លោក នឹងមានការប៉ះពាល់ខ្លាំងភ្លាមៗតែម្តង ដូច្នេះលោកមិនចង់ឃើញ សហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជាឡើយ។
លោក អេនដ្រៀល ជហានេឡាន បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក បានធ្វើការទទួលស្វាគមន៍ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ចុះធ្វើទស្សនកិច្ច នៅក្នុងក្រុមហ៊ុន Pactics នៅក្នុងទឹកដីខេត្តសៀមរាប។
លោក អេនដ្រៀល ជហានេឡាន បានថ្លែងថា បើសិនជាមានការដក EBA ពិតមាននោះ វានឹងអាចប៉ះពាល់ មកលើក្រុមហ៊ុន Pactics របស់លោកភ្លាមៗតែម្តង គឺវាអាចប៉ះពាល់ មកលើសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង និងជាមួយប្រទេសចិន។ ការរៀបចំផ្តល់ EBA ដល់ប្រទេសកម្ពុជា គឺសំខាន់ខ្លាំងណាស់ គឺធ្វើឱ្យក្រុមហ៊ុនយើងមានលទ្ធភាពជួយមនុស្ស ឬប្រជាពលរដ្ឋជាច្រើននាក់ឱ្យធ្វើការងារ។
លោកអះអាងថា ក្រុមហ៊ុន Pactics គឺមានគម្រោងជួលកម្មករ និងបុគ្គលិកបន្ថែមទៀត ដូច្នេះហើយប្រសិន EBA នេះលែងមានទៀត ក្រុមហ៊ុន Pactics នឹងអាចជួបប្រទះនូវភាពមិនប្រាកដប្រជាមួយចំនួនហើយ ដូច្នេះមានតែចាំមើលថា អតិថិជនគាត់នៅតែអាចសុខចិត្តចាយវាយ លើផលិតផលរបស់យើងបន្តទៀត ដែលតម្លៃមានការកើនឡើងដែរ ឫទេ?។
លោកបានឱ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ លោកបានជួបជាមួយ លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីបញ្ហា និងបង្ហាញពីភាពព្រួយបារម្មណ៍ទាក់ទងនឹងបញ្ហាការដក EBA នេះ។ លោកមានទំនុកចិត្តថា បញ្ហា EBA នេះនឹងមិនត្រូវបានដកនោះទេ ប្រសិនបើភាគគឺកម្ពុជា និងសហភាពអឺរ៉ុប បានអង្គុយពិភាក្សាគ្នា ហើយអាចដោះស្រាយនូវបញ្ហា EBA នេះចេញ ដែលនេះគឺជាផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូលផងដែរ ហើយលោកផ្ទាល់គឺមានទំនុកចិត្តថា EBA នេះ និងមិនត្រូវបានដកនោះទេ ។
ទាក់ទងនឹងបញ្ហា EBA នេះ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឱ្យដឹងដែរថា បច្ចុប្បន្នគឺនៅតែមានការបន្តទំនាក់ទំនងគ្នា រវាងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប និងមន្ត្រីជាន់ខ្ពស់របស់ប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះគឺកំពុងមានការពិភាក្សា អំពីបញ្ហាដែលត្រូវបានលើកឡើងដោយសហភាពអឺរ៉ុប ហើយបញ្ហាទាំងអស់នេះ គឺពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀមមួយ ដែលដាក់ចេញនៅលក្ខខណ្ឌ ដើម្បីឱ្យប្រទេសដែលចង់ទទួលបាន EBA ត្រូវតែធ្វើតាម។
ហើយនៅក្នុងបរិបថនេះ លោកគិតថា នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋសភា ក្នុងការធ្វើវិសោនកម្ម ក្នុងការផ្តល់លទ្ធភាពឲ្យមានការបើកច្រកសម្រាប់ឲ្យសម្តេចនាយករដ្ឋមន្ត្រី ស្នើទៅព្រះមហាក្សត្រ ដកបម្រាមពីអ្នកនយោបាយ ដែលមិនឲ្យចូលធ្វើនយោបាយចំនួន១១៨រូប មកពីគណបក្សប្រឆាំងប្រឡូកក្នុងនយោបាយ កាលពីថ្មីៗកន្លងទៅនេះ គឺជាផ្នែកមួយដ៏សំខាន់ផងដែរ៕