(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បានអំពាវនាវឲ្យរួមគ្នា ធ្វើចលនាជាតិមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អ្នកស្រឡាញ់ភេទដូចគ្នា មានអត្រារីករាលដាល នៃការឆ្លងជំងឺអេដស៍ខ្ពស់ជាងគេ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ពួកគេឲ្យ ចេះការពារខ្លួន កុំឲ្យឆ្លងជំងឺអេដស៍ផងដែរ។
ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសរបស់យើងមានការហក់ឡើង បន្តិចវិញនៃជំងឺអេដស៍។ ខ្ញុំសុំអំពាវនាវ បង្កើតជាចរន្តជាតិមួយ នៃការការពារខ្លួន កុំឲ្យឆ្លងមេរោគអេដស៍ ព្រោះអ្នកដែលវេទនា មិនមែនអ្នកដទៃ ក្រៅពីអ្នកកើតជំងឺអេដស៍ទេ។ អញ្ចឹងសុំអំពាវនាវ ត្រូវធ្វើឲ្យបានច្បាស់ អំពីបញ្ហានេះ ត្រូវធានាថាអនាគតរបស់ប្រទេសយើង គឺឈានដល់អត្រាសូន្យ នៃជំងឺអេដស៍ ដូចជាអត្រាសូន្យនៃជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ឬក៏អត្រាសូន្រនៃជំងឺគ្រុនស្វិតដៃជើង នាឆ្នាំ១៩៩៧ និងអត្រាសូន្យ នៃជំងឺខ្វាក់មាន់។ បើវាមិនឈានដល់អត្រាសូន្យ ឥឡូវយើងនៅអត្រា ០,៦ភាគរយ បើមិនចុះដល់សូន្យ យើងធ្វើឲ្យចុះ ០,៥ ០,៤ ០,៣ 0,២ ០,១ ០,០ តែម្តង»។
សម្តេចតេជោ ហ៊ុន សែន បន្តថា «សូមធ្វើយ៉ាងម៉េច ឲ្យក្លាយជាចលនាជាតិ ជាពិសេសយុវជនរបស់យើង យើងគ្មានសិទ្ធិហាមឃាត់ ទៅការស្រឡាញ់ភេទដូចគ្នាទេ...។ ខ្ញុំសុំកុំឲ្យមានការរើសអើងភេទដូចគ្នា ក៏ប៉ុន្តែបើយោងតាមការគណនា អ្នកស្រឡាញ់ភេទដូចគ្នានេះ គឺជាអ្នកដែលរីករាលដាល ជំងឺអេដស៍លឿន មិនថាអ្នកស្រឡាញ់ភេទដូចគ្នា អ្នកមិនស្រឡាញ់ភេទដូចគ្នាទេ ត្រូវខិតខំពង្រឹងទប់ស្កាត់ ការរីករាលដាល»។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលអេដស៍ បានបញ្ជាក់ប្រាប់បណ្តាញ Fresh News ឲ្យដឹងថា កាលពីឆ្នាំ២០១៤ ចំនួនអ្នកកើតជំងឺអេដស៍ ដែលស្រឡាញ់ភេទដូចគ្នា បានកើនឡើង ២,៣ភាគរយ។ លោកបន្តថា សម្រាប់ឆ្នាំ២០១៨នេះ អ្នកស្រឡាញ់ភេទដូចគ្នា ពិតជាកើនឡើងម្តងទៀត គួរឲ្យកត់សម្គាល់ពិតមែន តែមិនទាន់កំណត់ចំនួនបាននោះទេ។
បើតាមលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៉ី នៃអង្គការមូលនិធិថែទាំសុខភាព បានឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណ ១លាននាក់ បានស្លាប់ដោយសារជំងឺនេះ និងជាង១លាន៨សែននាក់ បានឆ្លងជំងឺអេដស៍។ លោកបញ្ជាក់ថា បច្ចុប្បន្នមានមនុស្សប្រមាណជា ៦៧,០០០នាក់ នៅប្រទេសកម្ពុជា កំពុងរស់នៅ ជាមួយមេរោគអេដស៍៕