(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញ និងបកស្រាយព័ត៌មានលម្អិត ជុំវិញការឃាត់ខ្លួនបុគ្គលឈ្មោះ រ៉ាត់ រ័ត្នមុនី ពីសំណាក់សមត្ថកិច្ចថៃ ក្រោយមានសេចក្ដីរាយការណ៍ ពីកម្លាំងសមត្ថកិច្ចកម្ពុជា ដែលបុគ្គលនេះជាប់ពាក់ព័ន្ធ ក្នុងការចូលរួមផលិតវីដេអូ ជាមួយសារព័ត៌មានរុស្ស៊ី (RT) ដោយដាក់ចំណងជើងថា «ម្ដាយខ្ញុំ លក់ខ្ញុំ» បណ្ដាលឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់ប្រពៃណី និងកិត្តិយសស្ដ្រីខ្មែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់អំពី ដំណើររឿងថា បន្ទាប់ខ្សែវីដេអូ ដែលមានប្រមាណ២៧នាទី ត្រូវបានចែកចាយក្នុងបណ្ដាញសង្គម កាលពីអំឡុងខែតុលា ឆ្នាំ២០១៨នោះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យបើកការស្រាវជ្រាវភា្លមៗ ព្រោះថាវីដេអូនេះហាក់ដូចជា ការបន្ទាបបន្ថោកយ៉ាងខ្លាំងដល់ស្ដ្រីខ្មែរ ខណៈរាជរដ្ឋាភិបាល កំពុងតែលុបបំបាត់នូវអំពើជួញដូរមនុស្សនេះ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា ឆ្លងតាមការស្រាវជ្រាវ និងប្រមូលភ័ស្ដុតាង ព្រមទាំងមានការបំភ្លឺតួអង្គសម្ដែង២នាក់ ក្នុងចំណោមតួអង្គ៣នាក់ ឈ្មោះ កែវ ម៉ាឡៃ អាយុ៤៨ឆ្នាំ និងយុវតីឈ្មោះ ឃៀង ស្រីម៉ិច អាយុ១៨ឆ្នាំ (កូន កែវ ម៉ាឡៃ) បានអះអាងថា រឿងនេះមិនមែនជារឿងពិតនោះទេ ពោលគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះ ក្រោយមានការលួងលោមពីឈ្មោះ រ៉ាត់ រ័ត្នមុនី ដោយពេលកំពុងថតរឿងនេះ មានចំណងជើងថា «ប្រទេសខ្មែរក្រោយរបប ប៉ុល ពត» ប៉ុន្ដែពេលសម្ដែងចប់បែរជាចេញចំណងជើងថា «ម្ដាយខ្ញុំ លក់ខ្ញុំ» ទៅវិញ។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «នៅពេលស្ម័គ្រចិត្តថតនេះ គាត់ទទួលបានការលួងលោមបញ្ចុះបញ្ចូល ពីបុគ្គលម្នាក់ឈ្មោះ រ៉ាត់ រ័ត្នមុនី ហើយ រ៉ាត់ រ័ត្នមុនី បានលួងលោមគាត់ថា ថតឃ្លីបវីដេអូដែលមានចំណងជើងថា ប្រទេសខ្មែរក្រោយរបប ប៉ុល ពត។ គាត់ក៏បានបញ្ជាក់ដែរថា ទាំងប៉ារ៉ូល ទាំងឈុតឆាកដែលគាត់សម្ដែងថតឃ្លីបនោះ សុទ្ធតែមានការណែនាំពី រ៉ាត់ រ័ត្នមុនី ផ្ទាល់ [...] នេះការស្រាវជ្រាវស៊ើបអង្កេត ហើយយើងសុំការបំភ្លឺពី ជនរងគ្រោះទាំងពីរ មិនមែនយើងចាប់បង្ខំ ហើយធ្វើលិខិតអញ្ជើញហៅគាត់មកគំរាមកំហែង ដើម្បីសួរចម្លើយនោះទេ»។
បន្ទាប់ពីបញ្ចប់ការសម្ដែងរឿងនេះ ជនរងគ្រោះពីរនាក់ម្ដាយ និងកូន ទទួលបានទឹកប្រាក់ម្នាក់១០០ដុល្លារ ដែលបុគ្គលឈ្មោះ រ៉ាត់ រ័ត្នមុនី ជាអ្នកប្រគល់ឲ្យ ហើយមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលដឹងថា ក្រោយពេលបង្ហោះឃ្លីបវីដេអូនេះទៅ ជនរងគ្រោះបានឃើញថា ចំណងជើងមិនដូចអ្វីដែលពេលសម្ដែង នោះឡើយ ទើបជនរងគ្រោះស្នើសុំឲ្យសមត្ថកិច្ចជួយរកយុត្ថិធម៌ជូនពួកគាត់។ នេះជាការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដោយដកស្រង់សម្ដីរបស់ជនរងគ្រោះពីរនាក់ម្ដាយ និងកូន។
យោងតាមការស្រាវជ្រាវ និងប្រមូលភ័ស្ដុបំភ្លឺរបស់ជនរងគ្រោះឈ្មោះ កែវ ម៉ាឡៃ និងឈ្មោះ ឃៀង ស្រីម៉ិច កម្លាំងសមត្ថកិច្ចបានសន្និដ្ឋានថា មានតែឈ្មោះ រ៉ាត់ រ័ត្នមុនី ប៉ុណ្ណោះដែលអាចបំភ្លឺជុំវិញករណីដែលកំពុងចែកចាយពេញបណ្ដាញសង្គមនេះបាន អំពីមូលហេតុ ប្រភព និងគោលបំណង នៃការផលិតនូវឃ្លឹបវីដេអូនេះឡើងក្នុងចេតនាទុច្ចរិក ជាពិសេសដើម្បីរកថា អ្នកណាជាមេផ្ដើមគំនិត ដែលវាយតម្លៃបន្ថោកកិត្តិយសរបស់កម្ពុជា។
លោកឧត្តមសេនីយ៍ បានបន្ដថា ក្រោយមកកម្លាំងសមត្ថកិច្ចបានស្នើសុំទៅព្រះរាជអាជ្ញា ដើម្បីកោះអញ្ជើញ លោក រ៉ាត់ រ័ត្នមុនី ឲ្យមកធ្វើការបំភ្លឺតាមនីតិវិធី ប៉ុន្ដែនៅពេលព្រះរាជអាជ្ញាចេញលិខិតអញ្ជើញ បុគ្គលរ៉ាត់ រ័ត្នមុនី បានរត់គេចខ្លួនបាត់ទៅហើយ ដែលនេះបង្ហាញជនសង្ស័យ ហាក់មានចេតនា ឬដឹងមុនរួចទៅហើយថា នៅពេលដែលបង្ហោះវីដេអូនេះឡើយនឹងមានផលប៉ះពាល់យ៉ាងណានោះ។
លោក ឆាយ គឹមខឿន គូសបញ្ជាក់ថា «អំពីការវាយតម្លៃក្នុងនាមជាសមត្ថកិច្ច វាជារឿងចៃដន្យមួយនៅពេលដែលវីដេអូឃ្លឹបចេញមក ស្រាប់តែលោក រ៉ាត់ រ័ត្នមុនី បាត់ខ្លួន ដូច្នេះជាបណ្ដោះអាសន្នយើងខ្ញុំសន្និដ្ឋានថា គាត់បានមានគម្រោងគិតទុកជាមុនរួចស្រេច នៅពេលដែលឃ្លីបវីដេអូនេះចេញ គាត់យល់ថា គាត់នឹងមានបញ្ហាជាមួយផ្លូវច្បាប់ ដូច្នេះការធ្វើរបស់គាត់ គាត់មិនមែនមិនដឹងនោះទេ គាត់ដឹងថា អាចប៉ះពាល់រឿងច្បាប់ ប៉ះពាល់នឹងកិត្តិយសប្រទេស រួចទៅហើយ ប៉ុន្ដែគាត់ធ្វើនេះក្នុងគោលបំណងជាថ្នូរអ្វីមួយហើយ [...] យើងស្រាវជ្រាវរកគាត់ដើម្បីសុំការបំភ្លឺ មិនមែនចាប់ខ្លួនគាត់នោះទេ»។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានអះអាងថា ដើម្បីបំបែកសំណុំរឿងនេះ នគរបាលកម្ពុជា បានសហការជាមួយប្រទេសជិតខាង ពិសេសប្រទេសថៃ ដើម្បីចាត់បញ្ជូនបុគ្គល រ៉ាត់ រ័ត្នមុនី មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីឲ្យឈ្មោះ រ៉ាត់ រ័ត្នមុនី ចូលមកបំភ្លឺបញ្ជាក់ការពិតពាក់ព័ន្ធការផលិតឃ្លឹបវីដេអូនេះ។ ទើបនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ កម្ពុជាទទួលបានព័ត៌មានពីភាគីថៃថា សមត្ថកិច្ចថៃបានឃាត់ខ្លួនឈ្មោះ រ៉ាត់ រ័ត្នមុនី នៅពេលដែលលោកកំពុងតែសុំវីសា ចេញទៅប្រទេសហូឡង់។ ដូច្នេះបញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ រ៉ាត់ រ័ត្នមុនី មានចេតនាគេចទៅប្រទេសទី៣ ដើម្បីជ្រកកោន ហើយច្បាស់ណាស់ឃ្លឹបវីដេអូនេះ ពិតជាមានអ្នកនៅពីក្រោយខ្នង។
ដោយឡែក ពាក់ព័ន្ធករណីតួអង្គម្នាក់ទៀត ឈ្មោះ អ៊ុន ស្រីពេជ្រ កម្លាំងនគរបាលក៏បានសុំការបំភ្លឺផងដែរ តែមិនអាចទាក់ទងបាននោះទេ។ ប៉ុន្ដែកម្លាំងសមត្ថកិច្ច ក៏កំពុងមានការងឿងឆ្ងល់ដែរថា នារីឈ្មោះ អ៊ុន ស្រីពេជ្រ នៅក្នុងឃ្លីបវីដេអូបានអះអាងថា ត្រូវគេលក់ខ្លួន ចុះហេតុអ្វីបានជាគាត់មិនមកប្ដឹង កម្លាំងសមត្ថកិច្ចឲ្យជួយ បែរជាទៅសហការជាមួយឈ្មោះ រ៉ាត់ រ័ត្នមុនី ទៅវិញ។
យ៉ាងណាមិញ ជុំវិញការបញ្ជូនខ្លួនឈ្មោះ រ៉ាត់ រ័ត្នមុនី របស់សមត្ថកិច្ចថៃ មកឲ្យសមត្ថកិច្ចកម្ពុជាវិញនោះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា នឹងបញ្ជូនមកកម្ពុជានាពេលឆាប់ៗនេះ ខណៈដែលពេលនេះសមត្ថកិច្ចប្រទេសទាំងពីរ កំពុងតែដំណើរការរឿងនេះទៅតាមនីតិវិធីច្បាប់៕