(ភ្នំពេញ)៖ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការជួសជុលផ្លូវដែលខូចឲ្យកាន់តែងាយស្រួល និងមានភាពប្រសើរឡើងនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបង្កើនកម្មវិធីថ្មីមួយមានឈ្មោះថា «ROAD CARE» ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋរាយការណ៍ព័ត៌មានពាក់ព័ន្ធផ្លូវខូចកាន់តែងាយស្រួល និងបានឆាប់រហ័សតាមរយៈទូរស័ព្ទដៃ (Smart Phone)។
កម្មវិធីរាយការណ៍ព័ត៌មានផ្លូវខូចនេះ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះហើយ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) នេះ អាចឲ្យប្រជាពលរដ្ឋរាយការណ៍ដោយផ្ទាល់ពីស្ថានភាពជង្ហុកសំបុកមាន់ ឬផ្លូវខូចទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការជួសជុលបានទាន់ពេលវេលា ហើយព័ត៌មានទាំងអស់អំពីជង្ហុកសំបុកមាន់ និងផ្លូវខូច ដែលត្រូវបានរាយការណ៍ដោយប្រជាពលរដ្ឋតាមរយៈការបង្ហោះជារូបថត និងវីដេអូនៅក្នុងកម្មវិធីថែទាំផ្លូវ នឹងត្រូវបានបញ្ជូនទៅកាន់ក្រុមការងារទទួលបន្ទុករបស់ក្រសួង មន្ទីរសាធារណការនិងដឹកជញ្ជូនទាំង២៥ និងអាជ្ញាធរពាក់ព័ន្ធដើម្បីធ្វើការជួសជុល។
កម្មវិធីថែទាំផ្លូវនេះ នឹងគ្របដណ្តប់ទៅលើការជួសជុលថែទាំផ្លូវជាតិទាំង ៧៥ខ្សែ គ្រប់ផ្លូវនៅក្នុងរាជធានីភ្នំពេញ និងផ្លូវក្នុងក្រុងរបស់ខេត្តទាំង២៤ផងដែរ។
លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងពីធីដាក់ឲ្យដំណើរការកម្មវិធីនេះថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាពផ្លូវ ដែលទាមទារឲ្យមានការជួសជុល និងថែទាំទូទាំងប្រទេស តាមរយៈការរាយការណ៍ពីស្ថានភាពជង្ហុក សំបុកមាន់ និងផ្លូវខូចដោយអ្នកប្រើប្រាស់។ លោកបន្តថា កម្មវិធីថែទាំផ្លូវនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន តាមរយៈការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែលកើតឡើងដោយសារជង្ហុកសំបុកមាន់ និងផ្លូវខូចព្រមទាំងជួយឲ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព។
លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ថ្នាក់គ្រប់គ្រងបច្ចេកទេសផ្លូវថ្នល់ អង្គភាពទទួលបន្ទុកបច្ចេកទេសជួសជុលថែទាំផ្លូវថ្នល់ អ្នកអនុវត្តការងារជួសជុលថែទាំផ្លូវថ្នល់ ត្រួមគ្នាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពង្រឹងការងារសាងសង់ ជួសជុលថែទាំផ្លូវឲ្យកាន់តែប្រសើរឡើង ជាពិសេសត្រូវពង្រឹងទៅលើស្តង់ដារគុណភាពផ្លូវ ជួសជុលផ្លូវអោយបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការរាយការណ៍របស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ប្រើប្រាស់កម្មវិធី ROAD CARE mobile app នេះ ដើម្បីជំរុញការងារជួសជុល ថែទាំផ្លូវថ្នល់ឱ្យបានទាន់ពេលវេលា។
លោក ស៊ុន ចាន់ថុល បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់កម្មវិធីថែទាំផ្លូវ(ROAD CARE mobile app) នេះ ដើម្បីរាយការណ៍អំពីជង្ហុកសំបុកមាន់ស្ថានភាពផ្លូវខូច ហើយផ្ដល់ព័ត៌មានណាដែលជាក់លាក់ និងពិតប្រាកដ។ លោកក៏បានស្នើកុំឲ្យយករូបភាពចែករំលែកតគ្នា បញ្ជូនចូលក្នុងកម្មវិធីនេះ ព្រោះរូបភាពទាំងនោះ មិនអាចផ្ដល់ព័ត៌មានជាក់លាក់ពីទីតាំងពិតប្រាកដ ម៉្យាងវិញទៀតទីតាំងផ្លូវខ្លះអាចគេជួសជុលរួចហើយ។
បច្ចុប្បន្នកម្មវិធីនេះមានដាក់នៅលើ Play Store រួចរាល់ហើយ ដូច្នេះប្រជាពលរដ្ឋដែលប្រើប្រាស់ទូរស័ព្ទដូចជា Sumsong Huawei Oppo ជាដើមនោះ អាចចូលទៅទាញយកកម្មវិធីនេះមកប្រើប្រាស់បាន។ ដោយឡែកប្រជាពលរដ្ឋដែលប្រើប្រាស់ iphone មិនទាន់ទាញយកមកប្រើបាននៅលើយ ដោយក្រុមការងារបច្ចេកទេសកំពុងដាក់សំណើដាក់បញ្ចូលទៅក្នុង App Store៕