(ភ្នំពេញ)៖ ឆ្លៀតក្នុងដំណើរទស្សនកិច្ចរបស់លោក Deng Boqing អនុប្រធានទីភ្នាក់ងារចិន សម្រាប់កិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នោះ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ លោកអនុប្រធាន និងគណ:ប្រតិភូចិន បានចូលជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
ជាមួយគ្នានេះ, ភាគីទាំងពីរ ក៏បានអញ្ជើញចូលរួមចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌចំនួនពីរដូចខាងក្រោម៖
១៖ កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសនូវហិរញ្ញប្បទានឥតសំណង (ជំនួយ) ចំនួន១,២០០ លានយ័នចិន (ប្រមាណ១៧០លានដុល្លារ) ។ ថវិកាហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់អនុវត្តគម្រោង លើកកម្ពស់ជីវភាពប្រជាជន និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
២៖ កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ឥណទានសម្បទានជាប្រាក់យ័នចិន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ក្នុងខេត្តព្រះវិហារ ទឹកប្រាក់ឥណទានមានចំនួន ៦២២លានយ័នចិន (ប្រមាណ៩០លានដុល្លារ)។
ពិធីចុះហត្ថលេខានាពេលនេះ គឺសបញ្ជាក់ឲ្យឃើញនូវកិច្ចសហប្រតិបត្តិការល្អ ក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលធ្វើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងការជម្រុញធ្វើឲ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងកំណើនជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមានចំនួនសរុបប្រមាណ ៥,៨០០ លាន ដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានមានសរុបចំនួនប្រមាណ ៤,៤០០លាន ដុល្លារអាមេរិក និងហិរញ្ញប្បទានក្នុងក្របខ័ណ្ឌនៃកិច្ចសហ-ប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសចំនួនប្រមាណ ១,៤០០លានដុល្លារអាមេរិក៕