(ភ្នំពេញ)៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានប្រកាសថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ស្របពេលដែលវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ត្រូវបានអនុម័តដោយរដ្ឋសភា។
លោក គង់ បូរ៉ា បានបង្ហោះនៅលើ Facebook របស់លោក យ៉ាងដូច្នេះថា៖ «ខ្ញុំ គង់ បូរ៉ា បានត្រៀមខ្លួនរួចហើយ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន»។
ការប្រកាសរបស់ លោក គង់ បូរ៉ា បានធ្វើឡើងស្របពេលដែល ឪពុករបស់លោក គឺលោក គង់ គាំ អះអាងថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ តាមរយៈសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ លោក គង់ គាំ បានអះអាងថា លោកនឹងនៅជាមួយគណបក្សកូនប្រុសរបស់លោក នៅពេលដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចបានត្រៀមរួចរាល់ហើយ ក្នុងការស្នើថ្វាយព្រះមហាក្សត្រ ផ្តល់សិទ្ធិធ្វើនយោបាយចំពោះជនដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងមក នៅពេលសេចក្តីស្នើច្បាប់នេះចូលជាធរមាន។ សម្តេចតេជោ ក៏បានព្រមានថា ជនដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ហើយមិនអនុវត្តតាមសាលដីកា មិនត្រឹមតែមិនទទួលបានការស្នើលើកលែងទេ ថែមទាំងត្រូវជាប់ពន្ធនាគារថែមទៀត។
សេចក្តីស្នើច្បាប់ស្តីពីវិសោនកម្ម ច្បាប់គណបក្សនយោបាយ ត្រូវបានរៀបចំដោយតំណាងរាស្រ្តចំនួន៨៧រូប ដើម្បីកែប្រែនូវមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»៕