(កំពង់ធំ)៖ ករណីប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យស្លាប់ទាំង២នាក់ក្នុងថ្លុកឈាម ដែលកើតឡើងនៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិបល័្លង្លកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំនោះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ធំបញ្ជាក់ថា ដោយសារតែភ្លើងប្រច័ណ្ឌយ៉ាងពិតប្រាកដ ហើយមុនថ្ងៃកើតហេតុ ប្តីប្រពន្ធទាំង២នាក់ធ្លាប់ឈ្លោះគ្នាជាច្រើនលើកច្រើនសាររួចមកហើយ។
ឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងទទួលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកំពង់ធំ ដែលដឹកនាំកម្លាំងជំនាញចុះទៅកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះថា «ជនរងគ្រោះទាំងពីរនាក់ ប្តីប្រពន្ឋពិតជាមានជំលោះរឿងស្នេហា ដោយខាងប្រុសប្រច័ណ្ឌភរិយា ទើបឈានដល់ការបាញ់សម្លាប់គ្នាដោយអាវុធខ្លី ម៉ាកវុលរ៉ូវែ ចំនួន៥គ្រាប់ ដែលកាំភ្លើងនោះសន្និដ្ឋានថា អាចលាក់ទុកកាលពីសម័យធ្វើជាទាហាន នៅខេត្តព្រះវិហារ»។
លោកស្នងការរងបានបញ្ជាក់ទៀតថា ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិបល័្លង្លកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយជនដៃដល់ជាប្តីឈ្មោះ ហេង សុវណ្ណរា ហៅ ខ្លឹង អាយុ៤៧ឆ្នាំ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ស៊ុន ពៅ អាយុ៣៧ឆ្នាំ ចំឆ្អឹងខ្នង បន្ទាប់ពីប្រពន្ធបានស្លាប់ ក៏បានបាញ់សៀតផ្កាខ្លួនឯង បណ្តាលឲ្យស្លាប់ទាំងពីរនាក់។ អ្នកទាំងពីរមានមុខរបរលក់បាយ និងលាងឡាន។
តាមការបញ្ជាក់ពីសាច់ញាតិរបស់សាកសពដែលរស់នៅជាមួយ ត្រូវជាបងស្រីបង្កើតបានឲ្យដឹងថា ប្តីប្រពន្ឋនេះធ្លាប់ឈ្លោះគ្នាជាច្រើនលើកច្រើនសារ ដោយមួយរយៈកន្លងមកនេះ ប្តីរបស់ ស៊ុន ពៅ ធ្លាប់បានច្របាច់ក ប្រពន្ធស្ទើរស្លាប់ម្តងរួចមកហើយ តែកាលនោះមានបងប្អូនចូលទៅជួយទាន់ ទើបពេលនេះមានរឿងផ្ទុះអាវុធតែម្តងបណ្តាលឲ្យស្លាប់ទាំងពីរនាក់។
ក្រោយពេលសមត្ថកិច្ចពិនិត្យសាកសពរួចក៏បានប្រគល់សព ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕