(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានផលិតវីដេអូ ដើម្បីអបអរសាទរ ខួបលើកទី២៦ឆ្នាំ ដែលប្រាសាទអង្គរវត្ត ត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សូមជំរាបថា ប្រាសាទអង្គវត្តត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់ចូលជាសម្បត្តិបេតិកភណ្ឌ វប្បធម៌រូបីពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នំា១៩៩២។ គិតមកត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ អង្គរវត្តត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក មានរយៈពេល២៦ឆ្នាំហើយ។ រយៈពេល២៦ឆ្នាំមកនេះ ប្រាសាទអង្គរត្រូវបានសង្រ្គោះ ពីភាពគ្រោះថ្នាក់ផ្សេងៗ ជាច្រើន ជាពិសេសក្រោមការអភិរក្ស ពីអាជ្ញាធរជាតិអប្សរា។
អត្ថន័យវីដេអូ ដែលបានបង្ហាញតាមទំព័រ Facebook របស់អាជ្ញាធរជាតិអប្បរា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមំា ក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ។ បច្ចុប្បន្នអង្គរវត្ត បានក្លាយជាគោលដៅទេសចរណ៍លេខ១ នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ រាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ ប្រទេសកម្ពុជា។
ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធពិធីនេះឡើង គឺដើម្បីរំឭកស្មារតីកូនខ្មែរគ្រប់រូប ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ។ ជាពិសេស គឺសម្តែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់ របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។
អង្គរវត្ត ជាប្រាសាទមួយស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានទីតំាង នៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧គីឡូម៉ែត្រ ពីទីរួមខេត្ត។ ប្រាសាទអង្គរវត្ត ជាប្រជុំអគារប្រាសាទ ព្រហ្មញ្ញសាសនាធំបំផុត និងវិមានសាសនាដ៏ធំបំផុត នៅក្នុងលោក។ ប្រាសាទអង្គរវត្ត ត្រូវបានកសាងទ្បើងដោយ ព្រះបាទសូរ្យវរ្ម័នទីពីរ ដែលជាស្នាដៃដ៏ល្អប្រណីតអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។
ចំពោះបរិវេណប្រាសាទអង្គរវត្ត រួមទំាងកសិណទឹកផងដែរ មានប្រវែងបណ្តោយ ១.៥គីឡូម៉ែត្រ និងទទឹង ១.៣គីឡូម៉ែត្រ មានទំហំស្មើនឹង២០០ហិកតា។ ប្រាង្គកណ្តាលនៃប្រាសាទ បង្ហាញនូវអត្ថន័យពីរយ៉ាង ចំពោះស្ថាបត្យកម្មខ្មែរ ជាប្រាសាទភ្នំមានច្រើនថ្នាក់ និងមានទទឹងព័ទ្ធជុំវិញ។
ប្រាសាទភ្នំនៅអង្គរ មានលេចចេញក្នុងស្ថាបត្យកម្មខ្មែរ តំាងពីសតវត្សទី៨ និងជានិមិត្តរូបនៃភ្នំព្រះសុមេរុ តាមជំនឿនៃព្រហ្មញ្ញសាសនា គឺថាចំណុចកណ្តាលនៃផែនដី។ ប្រាសាទអង្គរវត្ត គឺជាឧទាហរណ៍មួយ នៃប្រាសាទដែលល្អឯកក្នុងសិល្បៈខ្មែរ មានចម្លាក់ក្បាច់ក្រទ្បោតទាបប្រវែងជាង៦០០ម៉ែត្រ បានរៀបរាប់បង្ហាញនូវរឿងរ៉ាវផ្សេងៗ ក្នុងព្រហ្មញ្ញសាសនាដូចជា រឿងរាមកេរ្តិ៍ និងមហាភារតយុទ្ធ ជាមួយគ្នានោះ ក៏មានរឿងប្រវត្តិសាស្រ្តទាក់ទងនឹង រាជកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២ផងដែរ។
ប្រាសាទអង្គរវត្ត ត្រូវបានរចនាទ្បើងដើម្បីតំណាងឱ្យភ្នំព្រះសុមេរុ ដែលជាលំនៅនៃពួកទេវៈ ក្នុងទេវកថាព្រហ្មញ្ញ។ មកដល់ពេលនេះអង្គរវត្ត មានអាយុកាលជិតមួយពាន់ឆ្នាំហើយ៕