(កោះកុង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជាក់តាមរយៈ Facebook ថា ខេត្តកោះកុងជាតំបន់ ដែលមានសក្តានុពលខ្លាំងទាំង សម្រាប់វិស័យទេសចរណ៍ និងការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្ម ដោយសារតែកត្តាភូមិសាស្ត្រអំណោយផលខ្លួនឯងផ្ទាល់ ព្រំប្រទល់ជាប់ខេត្តព្រះសីហនុ ជាពិសេសមានព្រំប្រទល់ជាប់ប្រទេសថៃ ដែលជាច្រកដ៏សំខាន់មួយ ក្នុងការនាំទំនិញចេញចូលផងដែរ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នមានមានវិនិយោគិនទាំងជាតិ និងអន្តរជាតិបានចំណាយលុយរាប់លានដុល្លារ ដើម្បីវិនិយោគគម្រោងអភិវឌ្ឍធំៗនៅខេត្តនេះផងដែរ។
សម្តេចតេជោបានកត់សម្គាល់ឃើញថា «គម្រោងវិនិយោគធំៗជាច្រើនប្រែក្លាយខេត្ត កោះកុងជាតំបន់អភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងដូចជាគម្រោងទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរនេះជាដើម ដែលបានប្រមូលផ្តុំចំរុះទៅដោយ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សណ្ឋាគារផ្កាយ៥ ខុនដូរ បឹងកាឡូ អគារការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីលានវាយកូនគោល និងសួនកំសាន្តខ្នាតអន្តរជាតិ ជាដើម។ គម្រោងទីក្រុងវិស្សមកាលទេសចរណ៍ នៅខេត្តកោះកុងដ៏ធំបែបនេះ គឺបានទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនថែមទៀតមកកាន់កម្ពុជា»។
ខេត្តកោះកុងកំពុងប្រែក្លាយខ្លួន ជាតំបន់អភិវឌ្ឍមួយកាន់ តែមានសក្តានុពល តាមរយៈគម្រោងអភិវឌ្ឍនានា។ ជាមួយគ្នានោះតាមរយៈកិច្ចសហប្រតិបត្តិការល្អតា មច្រកព្រំដែនកម្ពុជា-ថៃ បានធ្វើឲ្យលំហូរទេសចរណ៍ មានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសបានប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានសន្តិភាព និងការអភិវឌ្ឍជានិច្ច ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុង តភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ធ្វើយ៉ាងណាឱ្យតំបន់នេះ មានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។
ដោយសារតែប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព ដែលបានធ្វើឲ្យវិនិយោគិនជាតិ និងអន្តរជាតិមកវិនិយោគជាបន្តបន្ទាប់ ជាពិសេសវិស័យអេកូទេសចរណ៍នេះ ដែលបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងផ្ដល់ការងារដល់ពលរដ្ឋកម្ពុជា ឲ្យមានជីវភាពកាន់តែល្អប្រសើរមកដល់សព្វថ្ងៃនេះ។
សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) ឆ្នាំ២០១៨ ត្រូវប្រារព្ធនៅខេត្តកោះកុង ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណី» ហើយក៏មានការអញ្ជើញចូលរួមបើកជាផ្លូវការ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផងដែរ៕