(កោះកុង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាជាដាច់ខាត មិនឲ្យមានការចាក់ដីចូលក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាតនោះឡើយ ដោយចំណុចនេះឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងរដ្ឋមន្ដ្រី ថោង ខុន សហការជាមួយអ្នកពាក់ព័ន្ធ ត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។ ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការហាមចាក់ដីចូលសមុទ្រមិនមែនហាមឃាត់ទាំងអស់នោះទេ កន្លែងខ្លះក៏ត្រូវមានការអនុញ្ញាតឲ្យមានរៀបចំថ្ម ដើម្បីទប់រលកបង្កើតទៅជាឆ្នេរសម្រាប់លេងកម្សាន្ត ហើយសម្ដេចបន្ដថា អ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីរក្សា និងការពារឆ្នេរសមុទ្រកម្ពុជា នៅតែជាសមុទ្រដែលស្អាត។
ក្នុងឱកាសអញ្ជើញបើកជាផ្លូវការពិធីបុណ្យសមុទ្រលើកទី៧ ក្នុងខេត្តកោះកុង នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ហាមដាច់ខាត់នូវការដាក់ដីចូលក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាត ចំណុចនេះអស់លោកត្រូវធ្វើឲ្យជាប់ធ្វើជាប្រចាំ ដោយមិនអាចធ្វើការធ្វេសប្រហែសនោះទេ»។
សម្ដេចតេជោ ហ៊ុន សែន បានពន្យល់បន្ថែមយ៉ាងដូច្នេះថា «ពាក្យថាហាមឃាត់ដាច់ខាត ការចាក់ដីចូលក្នុងសមុទ្រដែលគ្មានការអនុញ្ញាត ហេតុអ្វីបានចាំបាច់ថា គ្មានការអនុញ្ញាត។ ការអភិវឌ្ឍតែងមានការចាក់ដី ឬការចាក់ថ្ម ដើម្បីធានាថា តំបន់ទាំងនោះ សូម្បីតែកំពង់ផែក្រុងព្រះសីហនុ [...] តាមរយៈកម្ចីពីជប៉ុន យើងកំពុងជីកជម្រៅទឹកឲ្យវាជ្រៅ ប៉ុន្ដែនៅក្បែរកំពង់ផែយើងត្រូវរៀបចំឲ្យមានរបាំងកុំឲ្យរលកបុកចូល នៅតំបន់ខ្លះទៀតក៏យើងអាចមានករណីធ្វើដូចគ្នា ឆ្នេររបស់យើងមានប៉ុន្ដែងូតទឹកមិនបាន ដោយសាររលកធំពេក ចឹងដើម្បីកាត់បន្ថយរលក យើងក៏អាចមានលទ្ធភាពអនុញ្ញាតឲ្យមានការបាំងថ្ម ដើម្បីឲ្យរៀបចំដែលយើងអាចឲ្យប្រជាជនងូតទឹកបាន»។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យខិតខំរក្សាសមុទ្របៃតង និងកិត្តិនាមជាតារារះនៅភាគនិរតី និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍ បែបអេកូទេសចរណ៍ដូចតារាសាគរ ដោយមិនមានការកាប់បំផ្លាញព្រៃឈើ ហើយអេកូទេសចរណ៍មិនតម្រូវឲ្យមានការកាប់បំផ្លាញព្រៃឈើនោះទេ តែវាបានទទួលប្រយោជន៍ពីវិស័យទេសចរណ៍នេះ ច្រើនជាងវិស័យកសិកម្ម និងការពារព្រៃបានថែមទៀតផង។
សូមជម្រាបថា ពាក់ព័ន្ធការរៀបចំដាក់ថ្ម ដើម្បីទប់ទឹករលកនេះ នៅតំបន់ឆ្នេរសមុទ្រ «ពយកំពេញ» ក៏មានការរៀបចំផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ អន្ដរជាតិទៅងូតទឹកកម្សាន្ដសប្បាយនេះ។ បន្ថែមពីនេះការៀបចំនៅតំបន់ «ពយកំពេញ» ក៏កាន់តែមានសោភណ្ឌភាពស្រស់ស្អាត ទាក់ទាញទេសចរណ៍ផងដែរ។
«ពយកំពេញ» ជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតមួយ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយបច្ចុប្បន្នកំពុងនឹងមានអភិវឌ្ឍកែច្នៃទៅជាតំបន់ ទេសចរណ៍ដ៏ទាក់ទាញ និងស្រស់ស្អាតមួយមិនចាញ់តំបន់រមណីយដ្ឋានទេសចរណ៍មាត់សមុទ្រល្បីៗ នៅលើពិភពលោកនោះឡើយ៕